ការវិនិយោគ​ក្នុងវិស័យអប់រំ

ក្រុមហ៊ុន Westline បដិសេធសំណើសុំទិញភាគហ៊ុនពីក្រុមហ៊ុនបរទេស តែបង្ហាញមហិច្ឆតានឹងចូលផ្សារហ៊ុននាពេលខាងមុខ


នៅថ្ងៃនេះ លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group Co., Ltd. បានបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា អំឡុងពេលចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០នេះ មានក្រុមហ៊ុនផ្ដល់សេវាអប់រំធំចំនួនពីរ មកពីក្រៅប្រទេសបានចរចា និងចង់ទិញភាគហ៊ុន៧០%ពី ក្រុមហ៊ុន Westline Education Group តែលោកបដិសេធ។ ប៉ុន្ដែលោកថា ក្រុមហ៊ុនរបស់លោក នឹងផែនការចូលក្នុងផ្សារហ៊ុនក្នុងរង្វង់ ៣ទៅ ៥ឆ្នាំមុខទៀត ដើម្បីទទួលបានដើមទុនពង្រីកអាជីវកម្ម។
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group Co., Ltd.
ដោយ

តាមរយៈការឆ្លើយតប​តាមប្រព័ន្ធ​តេឡេក្រាម​ជាមួយ​ក្រុមការងារ​ខេមបូណូមីស លោក ប៉ិច បូឡែន បានបញ្ជាក់ថា សព្វថ្ងៃ WEG មានភាគហ៊ុន​បរទេស​ប្រមាណជា ៤៧% ដែលរបស់​ក្រុមហ៊ុន​ជីវកម្មហិរញ្ញវត្ថុ​អន្តរជាតិ (IFC) នៃធនាគារ​ពិភពលោក​មូលនិធិអឺរ៉ុប​ចំនួន​៤ប្រទេស ចំណែកភាគ​ហ៊ុន​ខាងខ្មែរ​មាន​ប្រហែល​ជា៥៣%  ។

លោកបានបន្តថា « ភាគហ៊ុនបរទេស​ ដែលមានស្រាប់វា​មានហើយ ៤៧% ប៉ុន្តែម្ចាស់​ភាគហ៊ុន​បរទេស​៤៧%ហ្នឹង ដល់ពេល​ដែលត្រូវចេញ​វិនិយោគ ធម្មតា​ក្រុមហ៊ុន​គេមាន​ពេលបណ្តាក់ទុន​របស់គេ​អំឡុង​ពេលប៉ុនណាមួយ អញ្ចឹងគេ​ត្រូវចេញ​ស្វាគមន៍​អ្នកវិនិយោគ​មកថ្មី​ ប៉ុន្តែអ្នក​វិនិយោគ​មកថ្មីហ្នឹង​គេចង់ទិញ​មិនត្រឹម​តែភាគហ៊ុន ៤៧%ហ្នឹងទេ គេចង់ទិញ​រហូតដល់​៧០% នៃក្រុមហ៊ុន អញ្ចឹង​មានន័យថា គេទិញ​ដល់ភាគហ៊ុន​ខាងខ្មែរ​ហ្នឹង​ទៅទៀត»។

លោក ប៉ិច បូឡែន បានបន្ថែមថា «អញ្ចឹងបាន​ជា​បងអត់ទាន់​ចង់​លក់ហ្នឹង​ ដោយសារ​យើងចង់​រក្សាទុក អភិវឌ្ឍវា ជាពិសេស​ចង់ឲ្យមាន អាណាព្យាបាល បុគ្គលិក​របស់​យើងអី គាត់អាច​មានឱកាស​នៅក្នុង​ការចូលហ៊ុន​ជាមួយយើង​សិន តែលក់ហ៊ុន ៧០%​ដល់ខាង​បរទេស​ទាំងស្រុងតែម្តង​ វាអាច​មានការប្រែប្រួល​ច្រើន វាអាចមាន​ប្រែប្រួល​នៃទម្រង់​ក្រុមហ៊ុន ស្ថាប័ន ឬកម្មវិធីសិក្សា​អីផ្សេងៗជាដើម»។

ចំពោះគម្រោង​ដែលចង់ចូល​ក្នុងផ្សារមូលបត្រកម្ពុជា​វិញ អគ្គនាយកក្រុមហ៊ុន Westline Education Groupរូបនេះ បានប្រាប់ថា អាចនឹងត្រូវចំណាយ​ពេល ៣ទៅ៥ឆ្នាំទៀត ទើបក្រុមហ៊ុន​ចាប់ផ្តើម​ការងារនេះ។ លោកថា ហេតុផល​ ក្រុមហ៊ុនលោក​អាចនឹង​ចូល​ទៅ​ផ្សារហ៊ុន​នៅក្នុង​អំឡុង​ពេល ៣ទៅ៥ឆ្នាំទៀត គឺ​ដោយសារតែ​ក្រុមហ៊ុន​​ចងបង្កើត​​ជាជម្រើស​​​ភាគហ៊ុន​ជូន​​បុគ្គលិក​សិន ហើយក៏​ចង់កៀរគរ​​អ្នកវិនិយោគ​នៅក្នុងស្រុក​ ឬក៏ជា​ស្ថាប័ន​អប់រំ​ដទៃ ដែលស្រលាញ់ និង​ចង់គាំទ្រ​ចូលរួម​អភិវឌ្ឍ​វិស័យអប់រំ​តាមរយៈ​វេសឡាញ អាចមានឱកាស​ក្លាយជាម្ចាស់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ Westline Education Groupផងដែរ។ 

គួរជម្រាបថា កាលពីឆ្នាំ ២០១៨ ក្រុមហ៊ុន Westline Education Group Co., Ltd. ជាក្រុមហ៊ុន​មួយក្នុង​ចំណោម​ក្រុមហ៊ុន១០ នៅកម្ពុជា ដែលបានទទួល​បានពានរង្វាន់​ក្នុងនាមជាក្រុមហ៊ុន​ឯកជន ដែលមានឧត្តមភាព និងមាន​សក្តានុពល​នៅក្នុងការ​ចូលផ្សារហ៊ុន​ ដែលនេះ​អាចកត្តា​ជំរុញ​ឲ្យក្រុមហ៊ុន WEG កាន់មានភាពងាយ​ស្រួល​ក្នុងការ​ចូលផ្សារ​មូលបត្រ​កម្ពុជា​នាពេលខាងមុខ។

នៅមុនពេល​មានការរីករាល​នៃ​ជំងឺកូវីដ-១៩ ក្រុមហ៊ុន Westline Education Group ក៏មាន​គម្រោង​នឹងពង្រីក​សាខាបន្ថែម តាមរយៈការលក់ Franchise  ឬក៏សហការ​ជាមួយដៃគូ​ជាដើម តែក្រោយមក​ក៏ផ្អាក​ទៅវិញ។ បើតាម លោក ប៉ិច បូឡែន សព្វថ្ងៃនេះ មានសាខាចំនួន​១៦ស្ថិតនៅ​ក្រោមការ​របស់ក្រុមហ៊ុន Westline Education Group ដែលក្នុងនោះ​មាន ១៣សាខា ជាសាលារៀន​ ដែលមាន​សាលារៀន Westline ចំនួន​១០សាខា សាលារៀន Northline ចំនួន១សាខា  សាលាអន្តរជាតិ Forest hill ចំនួន១សាខា និងសាលារៀន​អន្តរជាតិ Appletree ចំនួន១សាខា។ ដោយឡែក ៣សាខាទៀត មានជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម មិនគួរ​រំពឹង​ខ្លាំង​ពេក​ទៅ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អឺរ៉ុបនោះទេ

ព័ត៌មាន
អនុរដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម បាន​អះអាង​ថា បើទោះបី​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អឺរ៉ុប ជា​ដំណឹង​ដ៏​…

ចិនថា ការផ្អាកនាំចូលសាច់ពីអាមេរិក ព្រោះតែមានករណីឆ្លងមេរោគកូវីដ-១៩ នៅក្នុងរោងចក្រ

ព័ត៌មាន
ប្រទេសចិន បានបញ្ជាក់ថា ហេតុផលដែលចិន ផ្អាកនាំចូលសាច់ពីក្រុមហ៊ុនអាមេរិក Tysonជាបណ្ដោះអាសន្ននោះ គឺព្រោះតែរកឃើញថាមានករណីឆ្លងមេរោគកូវីដ-១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ