ចិនប្រាប់ឲ្យពលរដ្ឋត្រៀមសម្រាប់រដូវរងា

រដូវរងាខិតចូលមកដល់ ចិនប្រាប់ឲ្យពលរដ្ឋខ្លួនត្រៀមទុកស្បៀងអាហារ និងសម្ភារប្រើប្រាស់


រដ្ឋអំណាចចិន បានប្រាប់ឲ្យពលរដ្ឋរបស់ខ្លួនត្រៀមលក្ខណៈស្តុកទុក សម្ភារប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងស្បៀងអាហារផងដែរ ក្នុងករណីមានអាសន្នបន្ទាន់ណាមួយកើតឡើង ស្របពេលដែល ចិនកំពុងមានករណីឆ្លងកូវីដ១៩ក្នុងសហគមន៍កម្រើកឡើងវិញ ជាមួយគ្នានឹងរដូវរងាកំពុងខិតជិតមកដល់ ដែលបានធ្វើឲ្យមានភ្លៀងធ្លាក់ច្រើនខុសធម្មតា បង្កឲ្យលេចលង់ផលដំណាំផងនោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។

សេចក្តីណែនាំ​របស់​រដ្ឋអំណាច​ចិន​នេះ​ក៏​បាន​ជំរុញ​ឱ្យ​មានការ​ព្រួយបារម្ភ​មួយ​ចំនួន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញ​សង្គម​ក្នុងស្រុក​របស់​ចិន ថា វា​អាច​បណ្តាល​មក​ពី​មាន​ភាព​តានតឹង​កើនឡើង​ជាមួយ​កោះ​តៃវ៉ាន់ ទើប​អាជ្ញាធរ​ប្រាប់​ពលរដ្ឋ​ឲ្យ​ត្រៀមលក្ខណ​បែប​នេះ​។

ផ្ទុយ​ទៅ​វិញ កាសែត The Economic Daily ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន បាន​ចេញផ្សាយ​ប្រាប់​ពលរដ្ឋ​ថា កុំ​ឲ្យ​មានការ​ព្រួយបារម្ភ​ច្រើន ការ​ក្រើនរំឭក​នេះ គឺ​គ្រាន់តែ​ដើម្បី​ឲ្យ​ពលរដ្ឋ​ត្រៀមលក្ខណៈ​ក្រែង​មានការ​បិទ​ខ្ទប់​ណាមួយ​កើតឡើង ក្នុង​តំបន់​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ចិន​កាលពី​ថ្ងៃ​ច័ន្ទ​ទី​០១​វិច្ឆិកា ថែម​ទាំង​បាន​អំពាវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន បំពេញការងារ​ឲ្យ​បាន​ល្អ ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​ម្ហូបអាហារ​នៅ​លើ​ទីផ្សារ ហើយ​ដើម្បី​ផ្តល់​ដំណឹង​បាន​ទាន់​ពេលវេលា ក្នុង​ករណី​ការ​ផ្គត់ផ្គង់​ស្បៀង​មាន​បញ្ហា​។

គួរ​ជម្រាប​ថា ទន្ទឹម​នឹង​ការ​ឲ្យ​ពលរដ្ឋ​ត្រៀម​ស្បៀងអាហារ និង​សម្ភារៈ​សម្រាប់​រដូវរងា​ខាង​មុខ រដ្ឋអំណាច​ក្រុង​ប៉េ​កាំ​ង ក៏​កំពុង​យកចិត្តទុកដាក់​ត្រៀម​សាច់ និង​បន្លែ​បន្ថែម​ទៀត ដើម្បី​ទុក​ផ្គត់ផ្គង់​ដល់​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន នៅ​ឆ្នាំ​ក្រោយ នា​អំឡុង​ខែកុម្ភៈ​ខាង​មុខ​នេះ​ផង​ដែរ​។

ប៉ុន្តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ ទំនងជា​ត្រូវ​ជួប​ឧបសគ្គ​។ ជួប​ឧបសគ្គ ក៏​ដោយសារ​តែ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ខុស​ពី​ធម្មតា​កាលពី​ចុងខែ​កញ្ញា និង​ដើមខែ​តុលា​កន្លង​ទៅ​នេះ នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ចិន ដោយ​បាន​ជន់​លិច​ដំណាំ​បន្លែបង្កា ក្នុង​ខេត្ត​សាន​តុង (Shandong) ដែល​ជា​ខេត្ត​ដាំ​ដុះ​បន្លែបង្កា​ដ៏​ធំ​របស់​ចិន​។ ជាមួយ​គ្នា​នេះ ការ​ផ្ទុះ​ឡើង​វិញ​នៃ​ករណី​កូ​វី​ដ​-១៩ ដែល​កំពុង​កើត​មាននៅ​ភាគ​ពាយព្យ​ទៅ​ភាគ​ឦសាន​នៃ​ផ្ទៃ​ប្រទេស ក៏​បាន​គំរាមកំហែង និង​រំខាន​ដល់​ការ​ផ្គត់ផ្គង់​អាហារ​ផង​ដែរ​។

បញ្ហា​ទាំងនេះ ក៏​បាន​ធ្វើ​ឲ្យ​តម្លៃ​បន្លែ​នៅ​ក្នុង​ខេត្ត​សាន​តុង បាន​ហក់​ឡើង​ខ្លាំង រហូត​ថ្លៃ​ជាង​តម្លៃ​របស់​សាច់​ជ្រូក​ទៅ​ទៀត​។ រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​បាន​ឲ្យ​ដឹង​ថ្មី​ៗ​នេះ​ថា តម្លៃ​បន្លែ​លក់ដុំ​ជា​មធ្យម បាន​កើនឡើង​ជិត​៤០% ចាប់តាំងពី​ខែ​មុន​មក​។

សូម​ជម្រាប​ថា ប្រទេស​ចិន​គ្រោង​នឹង​បញ្ចេញ បន្លែ​បម្រុង​ដែល​រដ្ឋ​បាន​ស្តុក​ទុក​ក្នុង​ពេលវេលា​សម​ស្រប​ណាមួយ ដើម្បី​ទប់ទល់​នឹង​ការ​កើនឡើង​នៃ​ថ្លៃ​ខ្ពស់​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ទូរទស្សន៍​រដ្ឋ​មួយ ដែល​បាន​ផ្សាយ​កាលពី​យប់​ថ្ងៃ​ចន្ទ​។ យ៉ាងណាមិញ គេ​មិន​ច្បាស់​ទេ​ថា បន្លែ​នោះ​ជា​ប្រភេទ​បន្លែ​អ្វី និង​មាន​ចំនួន​បម្រុង​ប៉ុន្មាន​នោះ​ទេ​៕

None



អត្ថបទបន្ទាប់


បញ្ហាអាកាសធាតុ៖ ប្រទេសធំៗពិបាកស្រុះស្រួលគ្នាក្នុងការចូលរួមកាត់បន្ថយកំដៅផែនដី

សន្និសីទអង្គការសហប្រជាជាតិស្តីពីអាកាសធាតុ ហៅកាត់ថា ខប២៦ (COP26) បានចាប់ផ្តើមដំណើរការជាផ្លូវការហើយ កាលពីថ្ងៃច័ន្ទទី០១វិច្ឆិកានៅប្រទេសស្ក…

វិស័យសេវាកម្មកើនយឺតនៅឆ្នាំក្រោយ អាចជាកត្តារាំងស្ទះនៃកំណើនសេដ្ឋកិច្ចកម្ពុជាដែរ ឬយ៉ាងណា?

អត្រាកំណើននៃវិស័យសេវាកម្មនៅឆ្នាំ២០២២ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាព្យាករថា នឹងនៅតែមានការងើបឡើងវិញយឺតនៅឡើយ ខណៈដែលវិស័យនេះ គឺស្ថិតនៅក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ