ប្រទេសចិននឹងចាប់ផ្តើមសាងសង់ស្ថានីយ៍វារីអគ្គិសនីបន្ថែមជាង ២០០ កន្លែងដែលផ្ដល់កម្លាំងថាមពលរួមគ្នាសរុប ២៧០ ជីហ្កាវ៉ាត់នៅឆ្នាំ២០២៥។ នេះបើតាមលោក ទីង យ៉ានហ្សាង (Ding Yanzhang) ប្រធានក្រុមហ៊ុន Power Construction Corp. of China ដែលជាក្រុមហ៊ុនសាងសង់ធំបំផុតសម្រាប់គម្រោងវារីអគ្គិសនីនៅក្នុងប្រទេសចិន។
មហិច្ឆតាសាងសង់ស្ថានីយ៍វារីអគ្គិសនីបន្ថែមជាង២០០កន្លែងនេះ គឺជាបរិមាណមួយដែលច្រើនជាងសមត្ថភាពក្នុងការផលិតថាមពលរបស់រោងចក្រផលិតថាមពលទាំងអស់នៅក្នុងប្រទេសជប៉ុន ហើយវានឹងគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការប្រហែល ២៣% នៃតម្រូវការខ្ពស់បំផុតរបស់ប្រទេសចិន។
បច្ចេកវិទ្យាស្តុកទឹក ដើម្បីបង្កើតថាមពលរដ្ឋវារីអគ្គិសនី គឺមានអាយុកាលជាងមួយសតវត្សរ៍មកហើយ។ ទឹកត្រូវបានបូមចូលទៅក្នុងអាងស្តុកទឹកនៅលើភ្នំដោយប្រើប្រាស់អគ្គិសនីនៅពេលតម្រូវការមានកម្រិតទាប ហើយបន្ទាប់មកបង្កើតថាមពលនៅពេលចាំបាច់តាមរយៈការព្រលែងទឹកឱ្យធ្លាក់ហូរពីលើភ្នំឆ្លងកាត់ប្រលោះឬឧបករណ៍ដែលគេបានច្នៃឡើងដើម្បីបង្កើតជាថាមពលវារីអគ្គិសនី។
ប្រទេសចិនបានសម្លឹងមើលឃើញពីការសាងសង់ទំនប់វារីអគ្គិសនីដ៏ធំមួយចាប់តាំងពីឆ្នាំមុនមកម្ល៉េះ។ កាលពីខែសីហា ឆ្នាំមុន សេចក្តីព្រាងឯកសារ រដ្ឋបាលថាមពលជាតិរបស់ចិន បានកំណត់ពីសក្តានុពលសម្រាប់ថាមពលវារីអគ្គិសនីចំនួន ៦៨០ ជីហ្កាវ៉ាត់នៅក្នុងប្រទេសនេះ ហើយបានកំណត់គោលដៅសាងសង់ ដែលអាចផលិតបានថាមពល ១៨០ ជីហ្កាវ៉ាត់នៅត្រឹមឆ្នាំ២០២៥។
យោងតាមទិន្នន័យពីសមាគមវារីអគ្គិសនីអន្តរជាតិ បានឲ្យដឹងថា កាលពីឆ្នាំ២០២១ ពិភពលោកមានសមត្ថភាពថាមពលពីវារីអគ្គិសនីសរុបមានជាង១ពាន់៣០០ជីហ្កាវ៉ាត់ ហើយក្នុងនោះ ប្រទេសចិន គឺមានច្រើនជាងគេប្រមាណជាង៣៩០ជីហ្កាវ៉ាត់ បន្ទាប់មកគឺប្រទេសប្រេស៊ីលមានជាង១០០ជីហ្កាវ៉ាត់ អាមេរិកមានជាង១០០ជីហ្កាវ៉ាត់ កាណាដាមានជាង៨០ជីហ្កាវ៉ាត់ និងរុស្ស៊ីមានជាង៥៥ជីហ្កាវ៉ាត់៕
អត្ថបទ៖ សុខ ជា