រុស្សីជ្រើសរើសកងទ័ពពិសេសអាហ្វហ្គានីស្ថានទៅប្រយុទ្ធជាមួយអ៊ុយក្រែន!

រុស្ស៊ីជ្រើសរើសកងកុម្ម៉ង់ដូអាហ្វហ្គានីស្ថាន ដែលត្រូវបានបណ្តុះបណ្តាលដោយអាមេរិកទៅប្រយុទ្ធក្នុងសមរភូមិជាមួយអ៊ុយក្រែន


អតីតឧត្តមសេនីយអាហ្វហ្គានីស្ថានបីរូបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា កងទ័ពពិសេសនៃកងម្លាំងអាហ្វហ្គានីស្ថាន ដែលត្រូវបានហ្វឹកហាត់និងកៀកស្មាគ្នាប្រយុទ្ធជាមួយកងទ័ពអាមេរិកទប់ទល់នឹងកងកម្លាំងតាលីបង់ជាងពីរទសវត្សន៍នៅអាហ្វហ្គានីស្ថាន ហើយត្រូវបានភៀសខ្លួនទៅនៅប្រទេសអ៊ីរ៉ង់នោះ ឥឡូវនេះពួកគេត្រូវបានយោធារុស្ស៊ីជ្រើសរើសដើម្បីទៅប្រយុទ្ធក្នុងសមរភូមិអ៊ុយក្រែន ដោយផ្ដល់ប្រាក់ខែខ្ទង់ពាន់ដុល្លារក្នុងមួយខែ។
រុស្ស៊ីជ្រើសរើសកងកុម្ម៉ង់ដូអាហ្វហ្គានីស្ថាន ដែលត្រូវបានបណ្តុះបណ្តាលដោយអាមេរិកទៅប្រយុទ្ធក្នុងសមរភូមិជាមួយអ៊ុយក្រែន

យោងតាមអតីតមេទ័ពហ្វហ្គានីស្ថានទាំងបីរូបបានឱ្យដឹងថា រុស្ស៊ីបានទាក់ទងមកកាន់ខ្លួនដោយស្នើឱ្យរើសកងកុម្មង់ដូអាហ្វហ្គានីស្ថានរាប់ពាន់នាក់ជា «កងពលពិសេសបរទេស» ជាមួយនឹងប្រាក់ខែ ១,៥០០ ដុល្លារក្នុងមួយខែ និងការសន្យាធានាជម្រកសុវត្ថិភាពសម្រាប់ខ្លួនពួកគេ និងក្រុមគ្រួសារ ដូច្នេះពួកគេអាចជៀសវាងការនិរទេសពីផ្ទះសម្បែង និងក្លាយជាមុខសញ្ញារបស់ពួកតាលីបង់ដែលកំពុងតែកាន់អំណាចនៅប្រទេសហ្វហ្គានីស្ថានសព្វថ្ងៃនេះ។

ឧត្តមសេនីយម្នាក់ គឺលោកអាដូល អាហ្កានឌីវ៉ាល (Abdul Raof Arghandiwal) បាននិយាយថា « កងកុម្មង់ដូទាំងនេះគឺមិនចង់ទៅប្រយុទ្ធទេ ប៉ុន្តែពួកគេគ្មានជម្រើស» ដោយសារតែកងកុម្ម៉ង់ដូរាប់សិបនាក់ ឬច្រើនជាងនេះ ដែលកំពុងភាសខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់កំពុងមានការព្រួយបារម្ភថា ពួកគេអាចនឹងត្រូវនិរទេសខ្លួនទៅកាន់ប្រទេសអាហ្វហ្គានីស្ថានវិញ។ បើដូច្នោះមែន ពួកគេនឹងត្រូវស្លាប់ក្រោមដៃកងទ័ពកាលីបង់យ៉ាងពិតប្រាកដ។ លោក អាហ្កានឌីវ៉ាល បាននិយាយថា ការជ្រើសរើសកងនេះ គឺដឹកនាំដោយកងកម្លាំងស៊ីឈ្នួល វេកន័រ (Wagner Group) របស់ប្រទេសរុស្ស៊ី។

ឧត្តមសេនីយហ្វហ្គានីស្ថានម្នាក់ទៀតគឺលោក ហ៊ីបាទូឡា (Hibatullah Alizai) ដែលជាមេទ័ពអាហ្វហ្គានីស្ថានចុងក្រោយគេបង្អស់ មុនពេលក្រុមតាលីបង់ចូលកាន់អំណាចពេញទីក្នុងទីក្រុងកាបុល បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការជ្រើសរើសកងទ័ពពិសេសទាំងនេះ គឺមានការជួយជ្រោមជ្រែញពីអតីតមេបញ្ជាការកងកម្លាំងពិសេសអាហ្វហ្គានីស្ថាន ដែលរស់នៅក្នុងប្រទេសរុស្ស៊ី និងនិយាយភាសារុស្ស៊ីផងដែរ។

មែនទែនទៅ ការជ្រើសរើសកងទ័ពបរទេសពីសំណាក់រុស្ស៊ីធ្វើឡើងបន្ទាប់ពីមានការព្រមានជាច្រើនខែពីទាហានអាមេរិក ដែលបានប្រយុទ្ធកៀកដៃគ្នាជាមួយកងកុម្ម៉ង់ដូអាហ្វហ្គានីស្ថានថា ពួកតាលីបង់មានចេតនាចង់សម្លាប់ពួកគេ ដូច្នេះហើយពួកគេគ្មានជម្រើសនោះទេ ពោលគឺអាចនឹងត្រូវចូលរួមជាមួយនឹងសត្រូវរបស់សហរដ្ឋអាមេរិកដូចជារុស្ស៊ី ដើម្បីបន្តផ្លូវរស់បន្តទៀត។

ទីភ្នាក់ងារ AP កំពុងស៊ើបអង្កេតលើការជ្រើសរើសទាហានអាហ្វហ្គានីស្ថានទាំងនេះ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ក្រោយមានរាយការណ៍ជាលើកដំបូងដោយទស្សនាវដ្តី (Foreign Policy) កាលពីសប្តាហ៍មុន ដោយផ្អែកលើប្រភពយោធា និងភ្នាក់ងារសន្តិសុខអាហ្វហ្គានីស្ថាន ដែលមិនបញ្ចេញឈ្មោះថា ការជ្រើសរើសបុគ្គលិកនេះធ្វើឡើងនៅពេលដែលកងកម្លាំងរុស្ស៊ីបាន និងកំពុងដកថយជាបន្តបន្ទាប់ពីការវាយប្រហារដោយកងកម្លាំងអ៊ុយក្រែនកាន់តែខ្លាំងនោះ។

គួរជម្រាបផងដែរថា របាយការណ៍របស់សភាអាមេរិកក្នុងខែសីហាបានព្រមានជាពិសេសអំពីគ្រោះថ្នាក់នៃកងកុម្មង់ដូអាហ្វហ្គានីស្ថាននេះ ព្រោះពួកគេត្រូវបានបណ្តុះបណ្តាល និងហ្វឹកហ្វឺនដោយកងទ័ពជើងទឹកអាមេរិក (US Navy SEALs) និងកងប្រតិបត្តិការពិសេសអាមេរិក (Army Green Berets) យ៉ាងស្ទាត់ជំនាញ ដូចនេះពួកគេអាចពាំនាំនូវព័ត៌មាន ក៏ដូចជាយុទ្ធវិធីប្រយុទ្ធតាមបែបសហរដ្ឋអាមេរិកទៅអនុវត្តក្នុងប្រទេសអ៊ីរ៉ង់ ឬប្រទេសរុស្ស៊ីតែម្តង។

លោក Michael Mulroy មន្ត្រីចារកម្មចូលនិវត្តន៍របស់ទីភ្នាក់ងារស៊ើបការសម្ងាត់របស់អាមេរិក (CIA) ដែលបានបម្រើការនៅអាហ្វហ្គានីស្ថាន បាននិយាយថា «អាមេរិកមិនបានយកកងកម្មង់ដូទាំងនោះ ចេញពីអាហ្វហ្គានីស្ថាននៅពេលនោះ ហើយឥឡូវនេះពួកគេចាប់ផ្តើមប្រឆាំងនឹងអាមេរិកវិញហើយ» ដោយលោកបានសង្កត់ធ្ងន់ថា ពួកគេមានជំនាញយោធាខ្ពស់ ហើយក៏ជាអ្នកប្រយុទ្ធដ៏កាចសាហាវ ហើយលោកមិនចង់ឃើញពួកកុម្ម៉ង់ដូទាំងនោះ ចូលក្នុងសមរភូមិណាមួយទេនិយាយដោយត្រង់ ពិសេសសមរភូមិប្រយុទ្ធជាមួយអ៊ុយក្រែននេះតែម្តង»។

ទោះបីជាយ៉ាងណា ក្រសួងការពារជាតិរុស្ស៊ីមិនអាចសុំការបំភ្លឺលើរឿងរ៉ាវនេះបានទេ។ ប៉ុន្តែអ្នកនាំពាក្យរបស់លោក ព្រីហ្កហ្ស៊ីន (Yevgeny Prigozhin) ដែលជាប្រធានក្រុមទាហានស៊ីឈ្នួល វេកន័រ របស់រុស្ស៊ីបានហៅការជ្រើសរើសទាហានកុម្ម៉ង់ដូអាហ្វហ្គានីស្ថានថ្មីនេះថាជា «គំនិតឆ្គួតលីលា» តែម្តង។

ដោយឡែក ក្រសួងការពារជាតិអាមេរិកក៏មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយដែរ ប៉ុន្តែមន្ត្រីជាន់ខ្ពស់សេតវិមានមួយរូបបានណែនាំថា ការជ្រើសរើសនេះមិនគួរឱ្យភ្ញាក់ផ្អើលទេ ដោយសារតែក្រុមទាហានស៊ីឈ្នួលរុស្ស៊ីបានព្យាយាមជ្រើសរើសទាហាននៅក្នុងប្រទេសមួយចំនួនផ្សេងទៀតរួចមកហើយនាពេលកន្លងទៅ។

យ៉ាងណាមិញ វាមិនច្បាស់ទេថា តើមានសមាជិកកងកម្លាំងពិសេសអាហ្វហ្គានីស្ថានប៉ុន្មាននាក់ដែលបានភៀសខ្លួនទៅកាន់ប្រទេសអ៊ីរ៉ង់ត្រូវបាននិងកំពុងជ្រើសរើសដោយរុស្ស៊ីនោះ ប៉ុន្តែកងកុម្ម៉ង់ដូម្នាក់បានប្រាប់សារព័ត៌មាន AP ថាមានទាហានកុម្មង់ដូប្រហែល ៤០០ នាក់កំពុងត្រូវបានពិចារណាជ្រើសរើស ដោយទាហាននោះបាននិយាយថា កងកម្លាំងពិសេសអាហ្វហ្គានីស្ថានជាច្រើនផ្សេងទៀត ក៏ដូចជារូបលោកពិតជាខ្លាចការនិរទេសចូលក្នុងប្រទេសវិញណាស់ ហើយក៏មានការខឹងសម្បារនឹងសហរដ្ឋអាមេរិកចំពោះការបោះបង់ពួកគេចោលផងដែរ។

បើតាមមេបញ្ជាការម្នាក់បានបញ្ជាក់ថា ការផ្តល់ឱ្យរបស់រុស្ស៊ីសម្រាប់ក្រុមទាហាស៊ីឈ្នួលទាំងនោះរួមមាន ទិដ្ឋាការរុស្ស៊ីសម្រាប់ខ្លួនពួកគេម្នាក់ៗ ក៏ដូចជាសម្រាប់កូនៗ និងប្រពន្ធ ដែលបាននឹងកំពុងរស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ចំណែកអ្នកផ្សេងទៀតត្រូវបានផ្តល់ជូនការបន្ថែមទិដ្ឋាការរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ង់ជាដើម៕




អត្ថបទបន្ទាប់


កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង នឹងចូលជាធរមាននៅដើមខែឆ្នូចុងឆ្នាំនេះ

ព័ត៌មាន
បើមិនមានអ្វីប្រែប្រួលទេ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង នឹងចូលជាធរមាននៅដើមខែធ្នូ ចុងឆ្នាំ២០២២ នេះ បន្ទាប់ពីភាគី…

កូរ៉េខាងត្បូងបាញ់មីស៊ីលឆ្លើយតបវិញភ្លាមៗ ក្រោយកូរ៉េខាងជើងបាញ់មីស៊ីលជាច្រើនគ្រាប់គំរាមឲ្យបញ្ឈប់សមយុទ្ធ

ព័ត៌មាន
កូរ៉េខាងជើងបានបាញ់មីស៊ីលយ៉ាងហោចណាស់ ២៣គ្រាប់ គ្រាប់ចូលទៅក្នុងសមុទ្រកាលពីថ្ងៃពុធ ទី ២ វិច្ឆិកានេះ ដោយមីស៊ីលផ្លោងមួយគ្រាប់របស់កូរ៉េខាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ