ប្រទេសចិន

តើចិននឹងមានការផ្លាស់ប្ដូរក្បាលម៉ាស៊ី និងគោលនយោបាយដឹកនាំអ្វីខ្លះ នៅសមាជបក្សកុម្មុយនិស្តលើកទី២០នៅខែតុលាខាងមុខ?


ទីក្រុងប៉េកាំងនឹងត្រូវលាកម្រាលព្រំពណ៌ក្រហម ទទួលគណៈប្រតិភូ ដែលនឹងមកចូលរួមពិធីសមាជបក្សលើកទី២០ ចាប់ពីថ្ងៃទី១៦ខែតុលាខាងមុខនេះតទៅ។ ធ្វើឡើងរៀងរាល់៥ឆ្នាំម្តង វាជាពេលវេលាដ៏សំខាន់សម្រាប់បុរសខ្លាំងចិន ស៊ី ជីនពីង ដែលត្រូវបានគេជឿថា រូបលោកនឹងបន្តក្ដោបក្តាប់តំណែងប្រធានាធិបតីសម្រាប់អាណត្តិទី៣បន្ដទៀតដោយស្វ័យប្រវត្តិ។
លោកស៊ីជីនពីងបន្តក្តាប់អំណាចសម្រាប់អាណត្តិទី៣!
ដោយ

ការដែលលោក ស៊ី ជីនពីង នឹងបន្ដតំណែង៣អាណត្តិជាប់ៗគ្នានេះ មិនមែនជាអ្វីដែលត្រូវចាប់អារម្មណ៍ខ្លាំងក្នុងសមាជបក្សកុម្មុយនិស្តចិននៅខែតុលាឆ្នាំនេះទេ។ អ្វីដែលត្រូវតាមដានខ្លាំងគឺនៅត្រង់ថា លោកស៊ី ជីនពីង នឹងត្រូវរុះរើបេក្ខភាពក្បាលម៉ាស៊ីនដឹកនាំធំៗរូបណាខ្លះ ឱ្យចូលដឹកនាំក្នុងជួរបក្ស? នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

គេត្រូវស្វែងយល់ខ្លះៗអំពីសមាជបក្សកុម្មុយនិស្តចិនដ៏ធំ ធ្វើឡើងតែម្តងប៉ុណ្ណោះក្នុងរយៈពេល៥ឆ្នាំ។ សមាជិកគណបក្សសរុបប្រហែល ២៣០០នាក់មកពីទូទាំងប្រទេសនឹងប្រមូលផ្តុំគ្នានៅប៉េកាំង ក្នុងវិមានប្រជាជនកណ្តាលទីលានធានអាន់មិន។ ភាគច្រើននៃកិច្ចប្រជុំត្រូវធ្វើឡើងក្នុងលក្ខខណ្ឌបិទទ្វារ ហើយដែលដំណើរការទៅប្រហែលពេញមួយសប្តាហ៍។

ប្រតិភូទាំងជាង២ពាន់នាក់នេះនឹងត្រូវតស៊ូមតិ រួចបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការមជ្ឈិមបក្សថ្មីចំនួនប្រហែល២០០នាក់ ដើម្បីឱ្យគណៈកម្មការថ្មីនេះជ្រើសរើសបន្ត សមាជិកការិយាល័យនយោបាយ ២៥រូប និងចុងក្រោយសមាជិកគណៈកម្មការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយបក្ស ចំនួន៧រូប។

ក្នុងន័យនេះ លោកស៊ី ជីនពីង នឹងត្រូវបង្ហាញក្រុមអ្នកដឹកនាំកំពូលថ្មីរបស់លោក ហើយសមាជបក្សទាំងមូលនឹងបានឃើញពីការរុះរើរចនាសម្ព័ន្ធអំណាចកំពូលរបស់ប្រទេសចិន គឺគណៈកម្មការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយបក្ស។ មនុស្សទាំងនេះជាអ្នកកំណត់គោលនយោបាយ សេដ្ឋកិច្ច ការទូត សន្តិសុខ និងសង្គម សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ។

ក្នុងវ័យ ៦៩ឆ្នាំ លោកស៊ី កាន់តំណែងសំខាន់ៗចំនួនបីឯណោះ គឺជាប្រធានបក្សផង ជាប្រធានាធិបតីចិនផង និងជាអគ្គមេបញ្ជាការកងទ័ពផង ហើយលោកក៏ទទួលនាមជាបុគ្គលស្នូលរបស់បក្សផងដែរ។ អ្នកកាន់តំណែងជាប្រធានាធិបតីចិនមុនៗចំនួនពីររូប សុទ្ធតែបានលាលែងបន្ទាប់ពីកាន់តំណែងអស់ពេលពីរអាណត្តិពេញ។ ប៉ុន្តែលោក ស៊ី ជីនពីង ត្រូវបានគេរំពឹងថា នឹងក្លាយជាអ្នកផ្លាស់ប្តូរទម្លាប់មួយនេះ ដោយបន្តក្តាប់អំណាចសម្រាប់អាណត្តិទី៣។

មែនទែនទៅលោកអាចធ្វើដូចនេះបាន ក៏ដោយសារតែកាលពីឆ្នាំ២០១៨ សភាប្រជាជនចិនតាមការស្នើរបស់លោក បានអនុម័តកែប្រែរដ្ឋធម្មនុញ្ញដែលកំណត់អាណត្តិដឹកនាំរបស់ប្រធានាធិបតីចិនត្រឹម២អាណត្តិ មកជាការអាចដឹកនាំបានពេញមួយជីវិត។

ក្រៅពីលោកស៊ី ជីនពីង បុគ្គលមានអំណាចមួយរូបទៀតរបស់ចិន គឺនាយករដ្ឋមន្ត្រីលី ឃឺឈាំង ក៏នឹងទំនងនៅបន្តមានវត្តមានធ្វើនយោបាយក្នុងប្រទេសចិនដែរ ទោះលោកត្រូវផុតអាណត្តិជានាយករដ្ឋមន្ត្រីត្រឹមខែមិនាឆ្នាំក្រោយក្តី។

ទោះលោកលី ឃឺឈាំងមិនមានលក្ខខណ្ឌកាន់អំណាចពិសេសដូចលោកស៊ី ជីនពីងក្តី ពោលគឺលោកកាន់តំណែងបានតែ២អាណត្តិប៉ុណ្ណោះ ក៏លោកអាចបន្តកាន់តំណែងក្នុងជួរបក្ស ឬក្នុងគណៈកម្មការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយបក្សបានដែរ។ ក្នុងវ័យ៦៧ឆ្នាំលោកលី ឃឺឈាំងនៅក្មេងជាងលោកស៊ី ជីនពីង បន្ដិច ហើយវ័យនេះក៏មិនទាន់ជាវ័យត្រូវចូលនិវត្តន៍ដែរ សម្រាប់ប្រមុខដឹកនាំចិន។ ទន្ទឹមនេះ នៅមួយរយៈចុងក្រោយគេឃើញលោក លី ឃឺឈាំង ហាក់ចេញមុខចេញមាត់ ថ្លែងសារអំពាវនាវនានាច្រើនជាងមុន ដែលជាសញ្ញាថាលោក នឹងនៅតែបន្តវត្តមានក្នុងជួរបក្ស។

សរុបមក នៅខែតុលាខាងមុខ គេនឹងបានឃើញក្បាលម៉ាស៊ីនបក្សកុម្មុយនិស្តចិនថ្មីៗ សម្រាប់ដឹកនាំមហាអំណាចពិភពលោកទី២ សម្រាប់សករាជថ្មីក៏ពិតមែន ប៉ុន្តែបុរសខ្លាំងរបស់ចិន និងមនុស្សជំនិតមួយចំនួនទៀតនឹងបន្តក្តាប់អំណាចប៉េកាំងដដែល ហើយលោកស៊ី នឹងផ្លាស់ប្តូរប្រវត្តិសាស្ត្រនាសម័យកាលថ្មីនេះ ដោយនឹងក្លាយជាប្រធានាធិបតីចិនកាន់អំណាច៣អាណត្តិជាប់ៗគ្នា៕




អត្ថបទបន្ទាប់


UN ត្រៀមផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន ១៦០ លានដុល្លារ សម្រាប់គ្រោះទឹកជំនន់នៅប្រទេសប៉ាគីស្ថាន

អង្គការសហប្រជាជាតិ បានចេញការអំពាវនាវកាលពីថ្ងៃអង្គារ ទី ៣០ សីហានេះថា ខ្លួននឹងផ្តល់មូនិធិជំនួយសង្គ្រោះបន្ទាន់ដែលមានចំនួន ១៦០ លានដុល្លារ …

យោធាតៃវ៉ាន់បាញ់កម្ទេចយន្ដហោះដ្រូនរបស់កងទ័ពចិន ដែលបានហោះចូលដែនសមុទ្ររបស់ខ្លួន

កោះតៃវ៉ាន់បានបាញ់ព្រមានទៅលើយន្តហោះគ្មានមនុស្សបើកមួយគ្រឿងរបស់យោធាចិន ដែលបានសម្រុកចូលតំបន់ប្រជុំកោះនៅឆ្នេរសមុទ្ររបស់តៃវ៉ាន់កាលពីថ្ងៃអង្គា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ