លទ្ធផលពាណិជ្ជកម្មដែលមានភាពធន់ដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ប្រទេសចិននៅឆ្នាំនេះ បានផ្ដល់នូវសម្ទុះសម្រាប់កំណើនសេដ្ឋកិច្ច ដែលកំពុងមានដំណើរយឺត ប៉ុន្ដែ ក្រុមអ្នកវិភាគរំពឹងថា ការនាំចេញនឹងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងនៅប៉ុន្មានខែខាងមុខនេះ នៅពេលដែលជំងឺរាតត្បាតកូវីដ១៩ ធូរស្រាល។ តម្រូវការសម្រាប់មុខទំនិញរបស់ចិន ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ខណៈការបិទខ្ទប់ជាសកលត្រូវបានបន្ធូរបន្ថយ ហើយមនុស្សនឹងចំណាយកាន់តែច្រើនទៅលើសេវាកម្ម។
ក្រុមប្រឹក្សារដ្ឋចិន បានលើកឡើងថា អាជ្ញាធរនឹងបង្កើនការគាំទ្រដល់វិស័យពាណិជ្ជកម្ម រួមទាំងការអនុវត្តការកាត់បន្ថយពន្ធ និងថ្លៃសេវានានា និងពន្លឿននិតិវិធី បញ្ចុះតម្លៃពន្ធលើការនាំចេញផងដែរ។ លោក លី ឃឺឈាំង នាយករដ្ឋមន្ត្រីចិន បានអះអាងកាលពីខែវិច្ឆិកាថា ប្រទេសចិនកំពុងសិក្សា នូវការរួមបញ្ចូលគ្នាថ្មីមួយ នៃការកាត់បន្ថយពន្ធ និងការចំណាយ ដើម្បីជួយដល់អាជីវកម្មខ្នាតតូចផងដែរ។
អត្រាប្ដូរប្រាក់យ័នរបស់ចិន ក៏នឹងត្រូវរក្សាឲ្យស្ថិតនៅក្នុងកម្រិតស្ថិរភាពមូលដ្ឋានផងដែរ ហើយធនាគារនានា ត្រូវបានលើកទឹកចិត្តឲ្យមានកិច្ចព្រមព្រៀង ដើម្បីជួយដល់អ្នកនាំចេញអាចទប់ទល់នឹងហានិភ័យបានកាន់តែប្រសើរ ទាក់ទងនឹងការប្រែប្រួលនៃតម្លៃរូបិយបណ្ណនេះ។
យ៉ាងណាក៏ដោយុះ គេសង្កេតឃើញថា ក្រុមហ៊ុននាំចេញរបស់ចិននៅតែកំពុងប្រឈមនឹងកម្រិតប្រាក់ចំណេញតិចតួចនៅឡើយនាពេលបច្ចុប្បន្ននេះ ខណៈដែលរូបិយបណ្ណចិនកំពុងឡើងថ្លៃ តម្លៃវត្ថុធាតុដើមក៏ឡើងថ្លៃដែរ ហើយតម្លៃដឹកជញ្ជូនវិញក៏មានខ្ពស់កប់ពពកដូចគ្នានៅមួយរយៈចុងក្រោយនេះ៕