មជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលមានមូលដ្ឋាននៅអង់គ្លេស បានបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីចុងក្រោយមួយរបស់ខ្លួននាពេលថ្មីៗនេះថា ដោយមានជំរុញមួយផ្នែក ដែលជាផលប៉ះពាល់នៃវិបត្តិសុខភាពសកល វាបានធ្វើឲ្យសន្ទុះសេដ្ឋកិច្ចនៅអាស៊ីកំពុងធ្វើបានល្អបំផុត ខណៈដែលនៅអឺរ៉ុបវិញគឺមានស្ថានភាពអាក្រក់បំផុត។
ប្រទេសចិន មានការគ្រប់គ្រងការរីករាលដាលមេរោគបានល្អ ខណៈដែលផលប៉ះពាល់រយៈពេលវែងនៃការឆ្លងរីករាលដាលនៃមេរោគ នឹងបន្ដមានទៅលើកំណើននៅប្រទេសលោកខាងលិច មានន័យថា ប្រទេសចិននឹងកាន់តែរីកចម្រើនទៅមុខលឿនជាងលោកខាងលិច។
ជាក់ស្ដែងនៅឆ្នាំ២០២០ ខណៈដែលប្រទេសលោកខាងលិច ភាគច្រើនមានកំណើនអវិជ្ជមាននោះ ប្រទេសចិនឯណោះវិញ បែរជាមានកំណើនវិជ្ជមាន ២% ហើយប្រទេសចិនក៏ត្រូវបានរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៥,៧% ចន្លោះពីឆ្នាំ២០២១ដល់២០២៥ ហើយនឹងបន្ដកំណើន ៤,៥% ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។
ផ្ទុយទៅវិញ សហរដ្ឋអាមេរិក ត្រូវបានរំពឹងថានឹងមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំត្រឹមតែ ១,៩% ប៉ុណ្ណោះ នៅឆ្នាំ២០២២ ដល់ឆ្នាំ២០២៤៕