សារព័ត៌មាន Nikkei បានចុះផ្សាយថា រដ្ឋាភិបាលចិននឹងបង្កើនអាយុចូលនិវត្តន៍ ដើម្បីដោះសា្រយបញ្ហាលើការចំណាយលើប្រាក់សោធននិវត្តន៍ ដែលខ្លួនត្រូវចំណាយលើប្រជាជនជាង៥០០លាននាក់ នៅ៥ឆ្នាំខាងមុខ។ តាមគោលនយោបាយប្រជាសាស្រ្តរយៈពេល៥ឆ្នាំរបស់ចិន ដែលបានផ្សព្វផ្សាយនៅពេលថ្នាក់ដឹកនាំចិន ជួបប្រជុំគ្នាក្នុងកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមលើកទី២០របស់បក្សកុម្មុយនីស្តចិន គោលការណ៍បង្កើនអាយុចូលនិវត្តន៍នេះនឹងបង្កើនជាបណ្តើរៗដោយផ្អែកលើគោលការណ៍ ស្ម័គ្រចិត្ត ដែលមានភាពបត់បែនខ្ពស់។
បច្ចុប្បន្នអាយុចូលនិវត្តន៍អប្បបរមានៅប្រទេសចិន ដើម្បីទទួលបានអត្ថប្រយោជន៍សោធននិវត្តន៍ គឺ៦០ឆ្នាំ សម្រាប់បុរស និងចន្លោះពី៥០ ទៅ៥៥ឆ្នាំសម្រាប់ស្ត្រី អាស្រ័យលើការងាររបស់ពួកគេ។ ច្បាប់ចូលនិវត្តន៍នេះបានកំណត់មកដោយគ្មានផ្លាស់ប្តូតាំងពីឆ្នាំ១៩៥១ ប៉ុន្តែមេដឹកនាំចិន បានរិះគិតធ្វើវិសោធនកម្មច្បាប់នេះ នៅពេលដែលខ្លួនកំពុងជួបប្រទះនូវការផ្លាស់ប្តូរប្រជាសាស្រ្តដែលមិនធ្លាប់មានពីមុនមក។
មកដល់ពេលនេះចំនួនពលរដ្ឋចិន ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅបានកើនឡើងពី១២៦លាននាក់ ក្នុងឆ្នាំ២០០០ ដល់២៩៧លាននាក់ ក្នុងឆ្នាំ២០២៣ ហើយប្រសិនបើគោលការណ៍ច្បាប់នេះបន្ត ចិននឹងជួបវិបត្តិលើបញ្ហានៃកំណើនថវិការសម្រាប់ចំណាយលើការទូទាត់ប្រាក់សោធននិវត្តន៍ និងបញ្ហាទាក់ទងនឹងកង្វះពលកម្មសម្រាប់បម្រើទីផ្សារឧស្សាហកម្មរបស់ខ្លួន។
យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ ចំនួនប្រជាជនចិនដែលមានអាយុពី១៥ ទៅ ៦៤ឆ្នាំនឹងធ្លាក់ចុះប្រហែល១៧០លាននាក់ក្នុងរយៈពេល៣០ឆ្នាំខាងមុខ ខណៈដែលប្រជាជនដែលមានអាយុលើសពី៦៥ ឆ្នាំនឹងកើនឡើងដល់ជិត៣៨០លាននាក់។ ហើយស្ថានភាពនេះនឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើអត្រាកំណើតធ្លាក់ចុះ។ ចំនួនទារកទើបនឹងកើតនៅប្រទេសចិនបានធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៧ ដែលនាំឱ្យចំនួនប្រជាជនធ្លាក់ចុះប្រមាណជា៩លាននាក់នៅក្នុងចន្លោះពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣។
លោក នី រីមីង (Nie Riming) អ្នកស្រាវជ្រាវនៅវិទ្យាស្ថានហិរញ្ញវត្ថុ និងច្បាប់សៀងហៃបាននិយាយថា ការពន្យារពេលចូលនិវត្តន៍ត្រូវតែសម្របសម្រួលជាមួយកំណែទម្រង់ប្រព័ន្ធសោធននិវត្តន៍។ លោកបានបន្តថា គោលនយោបាយមិនគួរពន្យារពេលក្នុងពេលដំណាលគ្នានឹងការចូលនិវត្តន៍ និងការពង្រីកគម្លាតប្រាក់សោធននិវត្តន៍នោះទេ ហើយអត្ថប្រយោជន៍ត្រូវតែគិតគូរឱ្យមានតុល្យភាព៕
ដោយៈ សរ សុជាតិ