អាជ្ញាធរចិនគ្រោងរឹតបន្តឹងការត្រួតពិនិត្យលើការនាំចេញលើបច្ចេកវិទ្យា និងវត្ថុសំខាន់ៗ ជាពិសេសលោហៈកម្រ ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។ វត្ថុធាតុដើម និងលោហៈសំខាន់ៗដែលជាប់ពាក់ព័ន្ធនឹងផលិតកម្មបច្ចេកវិទ្យារបស់ពិភពលោករួមមានតង់ស្តែន ម៉ាញេស្យូម និងអាលុយមីញ៉ូមជាដើម គឺសុទ្ធតែស្ថិតនៅក្នុងការរឹតបន្តឹង។
ក្រសួងពាណិជ្ជកម្មចិនបានបែងចែកបញ្ជីលោហៈទាំងនោះជាពីរដោយមួយសំដៅសម្រាប់បំពេញគោលបំណងស៊ីវិល និងមួយទៀតសម្រាប់បម្រើការនៅក្នុងវិស័យយោធា ហើយកាលបរិច្ឆេទនៃការពង្រឹងការនាំចេញនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ខាងមុខនេះ។
ការសម្រេចចិត្តនេះ ត្រូវបានចិនប្រកាសឡើងភ្លាមៗ បន្ទាប់ពីអតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីដើមខែវិច្ឆិកា កន្លងទៅ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា អាលុយមីញ៉ូម ក៏ដូចជាទីតានីញ៉ូម ដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការផលិតផលិតផលអេឡិចត្រូនិកក៏កំពុងតែស្ថិតនៅក្នុងបញ្ជី ហើយនឹងស្ថិតក្រោមការត្រួតពិនិត្យការនាំចេញយ៉ាងតឹងរ៉ឹងបំផុតផងដែរ ។
តាមច្បាប់ថ្មី អ្នកនាំចេញត្រូវតែបំពេញបែបបទ និងពន្យល់លម្អិតរាល់ការនាំចេញលោហៈធាតុ ជាពិសេសលោហៈធាតុដែលមានអង្កត់ផ្ចិតចាប់ពី៧៥ មីលីម៉ែត្រឡើងទៅ។ បន្ថែមលើនេះ អ្នកនាំចេញតម្រូវឲ្យស្នើសុំអាជ្ញាប័ណ្ណនាំចេញពីក្រសួងពាណិជ្ជកម្ម។ បច្ចុប្បន្នចិនត្រូវបានគេស្គាល់ថា ជាប្រទេសដែលកំពុងផ្គត់ផ្គង់លោហៈធាតុកម្រមួយចំនួន ក្នុងនោះ ដូចជាតង់ស្តែន គឺប្រមាណជា៨០% ខណៈម៉ាញ៉េស្យូមប្រមាណ៩០%៕
ដោយៈ សរ សុជាតិ