នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានចិន South China Morning Post។ កាសែតរដ្ឋចិនជាច្រើនបានរាយការណ៍កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលមូលដ្ឋាននៅមានលទ្ធភាពក្នុងការបញ្ចេញលក់បណ្ណបំណុលបន្ថែមជិត២៣០ពាន់លានដុល្លារនៅក្នុងបំណុលពិសេស និងមូលប័ត្របំណុលនៅឆ្នាំនេះ ដើម្បីគាំទ្រដល់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ផ្អែកលើកូតាបណ្ណបំណុលដែលមិនបានប្រើប្រាស់កាលពីឆ្នាំមុន។
ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលចិនត្រូវបានបង្អាក់នៅឆ្នាំនេះ ដោយសារវិធានការបិទខ្ទប់ប្រឆាំងជំងឺកូវីដ និងការធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងទីផ្សារអចលនទ្រព្យ បានទាញពន្យឺតកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលពន្ធ ខណៈដែលប្រាក់ចំណូលក៏បានធ្លាក់ចុះ ដោយសាររដ្ឋាភិបាលបានកាត់បន្ថយពន្ធដល់ក្រុមហ៊ុនអាជីវកម្ម ដើម្បីជួយទ្រទ្រង់អាជីវកម្មដែលរងគ្រោះក្នុងអំឡុងពេលធ្លាក់ចុះកំណើនសេដ្ឋកិច្ច។
លោក Zhang Yiqun សមាជិកនៃស្ថាប័នសង្គមហិរញ្ញវត្ថុសាធារណៈនៃប្រទេសចិនបាននិយាយថា ត្រីមាសទី៣នេះនឹងក្លាយជាឱកាសដ៏សំខាន់មួយសម្រាប់ការលក់មូលបត្របំណុលពិសេសរបស់រដ្ឋាភិបាលមូលដ្ឋានបន្ថែមទៀត។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន Shanghai Securities News។
កាសែតនេះបានដកស្រង់សម្តីលោក Luo Zhiheng ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុនភាគហ៊ុន Yuekai Securities បាននិយាយថា ចំនួនកូតាសម្រាប់មូលបត្របំណុលពិសេសដែលគ្រោងទុកសម្រាប់ឆ្នាំក្រោយនោះក៏អាចនឹងត្រូវយកមកប្រើនៅក្នុងត្រីមាសទី ៤ ឆ្នាំនេះផងដែរ។
យោងតាមរបាយការណ៍ពីក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា ប្រាក់ចំណូលសាធារណៈទូទៅក្នុង រយៈពេល ៧ ខែដំបូងនៃឆ្នាំនេះមានចំនួន ១,៨ទ្រីលានដុល្លារ ដែលតិចជាងឆ្នាំមុន ជាង៩ %។
ប៉ុន្តែចំនួននោះគឺនៅគ្រាន់បើជាងការធ្លាក់ចុះ ជាង១០ % នៅក្នុងឆមាសទី១នៃឆ្នាំនេះ ហើយវានឹងកើនឡើង ជាង៣% បើមិនរាប់បញ្ចូលការកាត់បន្ថយពន្ធ។ នេះបើតាមក្រសួងហិរញ្ញវត្ថុនេះបានបញ្ជាក់។
វិបត្តិសាច់ប្រាក់ក្នុងចំនោមអ្នកអភិវឌ្ឍអចលនទ្រព្យនៅប្រទេសចិនបាននាំឱ្យមានការធ្លាក់ចុះក្នុងគម្រោងសាងសង់ថ្មីរបស់ពួកគេ ហើយក៏ជាហេតុធ្វើឱ្យមានការផ្អាកការសាងសង់ផ្ទះល្វែងដែលមានស្រាប់ប្រហែល ៥% ក្នុងទំហំប៉ាន់ស្មានទៅមានចំនួន 500 លានម៉ែត្រការ៉េ ដែលបង្កឱ្យអ្នកទិញផ្ទះខឹងសម្បារនិងធ្វើកូដកម្មមិនបង់សងប្រាក់ទូទាត់ថ្លៃផ្ទះទាំងនោះផងដែរ៕
អត្ថបទ៖ សុខ ជា