ប្រទេសចិន

អាជ្ញាធរចិនបញ្ជាឱ្យរោងចក្រជាច្រើនផ្អាកផលិតកម្ម ក្រោយខ្វះខាតអគ្គិសនី


រដ្ឋបាលខេត្តស៊ីឈួន របស់ប្រទេសចិន បានចេញសេចក្តីជូនដំណឹងមួយកាលពីពេលថ្មីៗនេះ ដោយបញ្ជាឱ្យរោងចក្រភាគច្រើននៅក្នុងខេត្តរបស់ខ្លួន រួមទាំងរោងចក្រអ្នកផ្គត់ផ្គង់ផលិតផលសម្រាប់ក្រុមហ៊ុនយក្ស Appleរបស់អាមេរិក និងក្រុមហ៊ុនជប៉ុន Toyota Motor ផ្អាកការផលិតរហូតដល់ថ្ងៃទី ២០ ខែសីហា។ ការបញ្ជាឱ្យផ្អាកចង្វាក់ផលិតកម្មដូចនេះ ធ្វើឡើងដោយសារតែអាជ្ញាធរខេត្តស៊ីឈួន ត្រូវផ្តាច់ចរន្តអគ្គិសនីនៅតាមរោងចក្រនានា ដើម្បីសំចៃថាមពលទុកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃទូទៅ។
ត្រូវអាជ្ញាធរចិនបញ្ជាឱ្យរោងចក្រជាច្រើនផ្អាកផលិតកម្ម!

បច្ចុប្បន្នក្នុងប្រទេសចិន មិនថាតែនៅក្នុងខេត្តស៊ីឈួននោះទេ កំពុងមានតម្រូវការកើនឡើងយ៉ាងខ្លាំងនូវថាមពលសម្រាប់ប្រើប្រាស់នៅទូទៅនៅតាមផ្ទះ និងទីសាធារណៈនានា អំឡុងអាកាសធាតុដ៏ក្តៅហួតហែង នារដូវក្តៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។

បើយោងតាមសេចក្តីជូនដំណឹងដែលចេញផ្សាយដោយរដ្ឋបាលខេត្តស៊ីឈួន រាល់រោងចក្រឧស្សាហកម្មទាំងអស់ដែលប្រើប្រាស់ថាមពលអគ្គិសនីច្រើនត្រូវចាប់ផ្តើមផ្អាកដំណើរការចាប់ពីថ្ងៃចន្ទទី១៥សីហា ដល់ថ្ងៃសៅរ៍ទី២០សីហា។ បើតាមសេចក្តីជូនដំណឹងដដែល រោងចក្រនៅទីក្រុងចំនួន១៩ ក្នុងចំណោមក្រុងសរុបទាំង២១ នៃខេត្តស៊ីឈួន នឹងរងប៉ះពាល់។ បន្ថែមពីលើនេះគេបានប៉ាន់ប្រមាណថា រោងចក្រចំនួន១ម៉ឺន៦ពាន់៥រយរោងចក្រ នឹងរងផលប៉ះពាល់ពីការបញ្ជាឱ្យផ្អាកសកម្មភាពនេះ។

ក្នុងចំណោមរោងចក្រដែលប៉ះពាល់ទាំងអស់នេះ ក៏មានដែររោងចក្រផលិតគ្រឿងអេឡិចត្រូនិកដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនតៃវ៉ាន់គឺ Foxconn។ Foxconn ដែលជាអ្នកផ្គង់ផ្គង់ដ៏សំខាន់របស់ Apple មានរោងចក្រផលិតគ្រឿងបង្គុំអេឡិចត្រូនិកនៅក្នុងទីក្រុងឆឹងទូ នៃខេត្តស៊ីឈួន។ ទោះយ៉ាងណា ប្រភពជិតស្និទនឹងក្រុមហ៊ុនបានប្រាប់សារព័ត៌មានជប៉ុន Nikkei ថា ការផ្អាកប្រតិបត្តិការជិតមួយសប្តាហ៍នេះ បានផលប៉ះពាល់ដល់ផលិតកម្មពិតមែន តែការផ្គត់ផ្គង់របស់រោងចក្រសម្រាប់ក្រុមហ៊ុន Apple គឺមិនមានផលរំខានឡើយ។

ដោយឡែកក្រុមហ៊ុនមួយផ្សេងទៀត គឺក្រុមហ៊ុន BOE Technology Group ដែលជាអ្នកផ្គត់ផ្គង់អេក្រង់ LCD និង OLED (អូឡេត) ដ៏សំខាន់សម្រាប់ក្រុមហ៊ុន Apple និងក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក និងក្រៅប្រទេសផ្សេងទៀត អះអាងថា ប្រសិនបើរោងចក្ររបស់ខ្លួនផ្អាកដំណើរការនៅសប្តាហ៍នេះ ហើយថ្ងៃខាងមុខអាចមានរឿងបែបនេះទៀត ការផលិតស្មាតហ្វូន និងកុំព្យូទ័រយួរដៃ អាចនឹងត្រូវប៉ះពាល់។

គួរជម្រាបថា ការខ្វះខាតថាមពលអគ្គិសនីមិនត្រឹមតែបានប៉ះពាល់ដល់ការផលិតគ្រឿងអេឡិចត្រូនិកនោះទេ សូម្បីតែរោងចក្រផលិតរថយន្តដ៏ធំរបស់ជប៉ុន Toyota ក្នុងខេត្តស៊ីឈួន ក៏ត្រូវប៉ះពាល់ពីការផ្អាកផលិតកម្មនេះដែរ។ ក្រុមហ៊ុន Toyota Motor មានរោងចក្រនៅក្នុងទីក្រុងឆឹងទូ សម្រាប់ផលិតរថយន្តប្រភេទ Sedan និងរថយន្តផ្សេងទៀត ដែលជាការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនចិន។ Toyota និយាយថា ខ្លួនត្រូវបានអាជ្ញាធរណែនាំឱ្យផ្អាកប្រតិបត្តិការរហូតដល់ថ្ងៃទី ២០ ខែសីហា តែប្រសិនបើចៃដន្យការផ្អាកត្រូវអូសបន្លាយ វាអាចប៉ះពាល់ដល់ការលក់ម៉ូដែលរថយន្តមួយចំនួននៅក្នុងប្រទេសចិនជាមិនខាន។ គួរកត់សម្គាល់ដែរថា បច្ចុប្បន្ន Toyota កំពុងជួបបញ្ហាខ្វះខាតបន្ទះឈីបរួចទៅហើយ ដែលធ្វើឱ្យមានការពន្យារពេលចែកចាយរថយន្ត Lexus និងម៉ូដែលផ្សេងទៀត។

គួរបញ្ជាក់ថា ការកាត់ផ្តាច់ថាមពលអគ្គិសនី កំពុងត្រូវបានអនុវត្តតាមរោងចក្រ ក្នុងខេត្តជាច្រើន ទូទាំងប្រទេសចិន ដោយសារតែកំដៅកើនឡើងខ្លាំង និងកង្វះភ្លៀងធ្លាក់។ បើតាមរដ្ឋបាលខេត្ត សីតុណ្ហភាពនៅក្នុងខេត្តស៊ីឈួនបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៦០ឆ្នាំចុងក្រោយ ចាប់តាំងពីខែកក្កដាមក ពោលគឺបានកើនឡើងដល់៤០អង្សាសេ។ ប្រការនេះជំរុញឱ្យមានតម្រូវការអគ្គិសនីកើនឡើងដូចគ្នា ពិសេសគឺតម្រូវការទូទៅសម្រាប់ម៉ាស៊ីនត្រជាក់។

ដោយសារខេត្តភាគនិរតីនៃប្រទេសចិនមួយនេះ ពឹងផ្អែកជាចម្បងលើថាមពលដែលបានមកពីទំនប់វារីអគ្គិសនី ហើយទឹកភ្លៀងកាលពីខែកក្កដា មានត្រឹមតែពាក់កណ្តាលនៃចំនួនជាមធ្យមប្រចាំខែ ដូចនេះគេត្រូវបង្ខំចិត្តកាត់បន្ថយការប្រើថាមពលនៅតាមរោងចក្រ ដើម្បីបំពេញតម្រូវការទូទៅ។

សូមបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំងក៏មានការព្រួយបារម្ភណាស់ដែរអំពីស្ថានភាពនេះ ដោយបានលើកថា ការរឹតបន្តឹងលើការផលិតនឹងធ្វើឱ្យសេដ្ឋកិច្ចចិនធ្លាក់ចុះបន្ថែមទៀត ស្របពេលដែល គោលនយោបាយគ្មានកូវីដបានប៉ះពាល់ដល់កំណើន GDP ចិនរួចស្រេចទៅហើយ៕




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីចិនចេញមុខមកសន្យាបង្កើនគោលនយោបាយជំរុញកំណើនបន្ថែម ចំពេលសេដ្ឋកិច្ចកើនយឺត

ព័ត៌មាន
នាយករដ្ឋមន្រ្តីចិនលោក លី ឃឺឈាំង បានប្រាប់ទៅកាន់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើននៅថ្ងៃទី១៦សីហាថា ប្រទេសចិននឹងបង្កើនការគាំទ្រគោលនយោ…

រុស្ស៊ីអះអាងថា សេដ្ឋកិច្ចខ្លួនធ្លាក់ចុះទាប ប៉ុន្ដែមិនធ្ងន់ធ្ងរដូចអ្វីដែលបានបារម្ភនោះឡើយ

ព័ត៌មាន
ការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ចរុស្សីបានបង្ហាញថា ការដាំក្បាលចុះនៃសេដ្ឋកិច្ចរបស់រុស្ស៊ី ត្រូវបានរំពឹងថា គឺនឹងមានទាបជាងអ្វីដែលខ្លួនបានព្យាករ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ