ពាណិជ្ជកម្មចិន-អាមេរិក

ចិន និង អាមេរិក កំពុងសម្ញែងឫទ្ធិដាក់គ្នាក្នុងសមរភូមិពាណិជ្ជកម្ម


ក្ដៅៗបន្ទាប់ពីមានការចេញផ្សាយនូវបញ្ជីមុខទំនិញប្រមាណ ១៣០០ មុខរបស់ចិន ដែលត្រូវបានរដ្ឋាភិបាលអាមេរិកកំណត់ទិសដៅដកហូតពន្ធកាលពីពេល​ថ្មីៗនេះ ជាការវាយបកទៅវិញភ្លាមៗ រដ្ឋាភិបាលទីក្រុងប៉េកាំងនៃប្រទេសចិនបានអះអាងថា ចិនក៏មានផែនការដក ហូតពន្ធលើទំនិញមួយចំនួនរបស់អាមេរិកផងដែរ ដោយគិតជាទឹកប្រាក់គឺមានប្រមាណ ៥០ពាន់លានដុល្លារអាមេរិក។
ចិន និងអាមេរិក កំពុងសម្ញែងឫទ្ធិដាក់គ្នា ក្នុងសមរភូមិពាណិជ្ជកម្ម
ដោយ

ការប្រឈមមុខដាក់គ្នារវាងអាមេរិក និងចិន ត្រូវបានគេមើលឃើញថា កាន់តែខិតជិតទៅរកសង្គ្រាមពាណិជ្ជកម្ម ខណៈដែលរដ្ឋាភិបាលប្រទេសទាំងពីរ បាននិងកំពុងសម្ញែងឫទ្ធិដាក់គ្នាក្នុងការកំណត់ដកហូតពន្ធនាំចេញនាំចូលទំនិញរវាងប្រទេសទាំងពីរ។ 

តួយ៉ាងកាលពីពេលថ្មីៗនេះ ដើម្បីសងសឹកអាមេរិកដែលបានកំណត់ដកពន្ធលើទំនិញចិនជាង១ពាន់មុខនោះ ចិនក៏បានប្រកាសឆ្លើយតបភ្លាមៗវិញ ដោយបង្ហាញពីផែនការដកពន្ធលើទំនិញសំខាន់ៗរបស់អាមេរិក ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ៥០ពាន់លានដុល្លារអាមេរិក។ នេះបើតាម គេហទំព័រអន្តរជាតិល្បីៗជាច្រើន ដែលបាននិងកំពុងផ្សព្វផ្សាយយ៉ាងព្រោងព្រាត។

ទំនិញរបស់សហរដ្ឋអាមេរិកដែលត្រូវបានរដ្ឋាភិបាលចិនដាក់ផែនការដកហូតពន្ធ ដើម្បីនាំចូលទៅកាន់ប្រទេសចិននោះ មានដូចជា សណ្ដែក​សៀង រថយន្ដ និងយន្ដហោះខ្នាតតូចជាដើម ខណៈដែលមុខទំនិញជាង១ពាន់មុខរបស់ចិនដែលត្រូវអាមេរិកកំណត់ដកពន្ធនោះ រួមមាន គ្រឿង​បន្លាស់យន្តហោះ ផ្កាយរណប ឱសថ គ្រឿងម៉ាស៊ីន និងទំនិញប្រើប្រាស់ផ្សេងទៀត ដែលមានតម្លៃប្រមាណ៥០ពាន់លានដុល្លារដែរ។

ថ្លែនៅក្នុងកិច្ចសម្ភាសន៍ជាមួយ CNBC លោក Wilbur Ross រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរបស់អាមេរិក បានអះអាងថា ភាពរកាំរកូសក្នុងការដោះដូរពាណិជ្ចកម្មនេះ នឹងមិនធ្វើឲ្យប៉ះពាល់អ្វីធំដុំដល់សេដ្ឋកិច្ចរបស់ហសរដ្ឋអាមេរិកនោះទេ។ លោកបានបញ្ជាក់ថា ការវាយបករបស់រដ្ឋាភិបាលទីក្រុងប៉េងកាំរបស់ចិន ដែលបាននិយាយថា នឹងដកហូតពន្ធលើទំនិញរបស់ចិនក្នុងទំហំទឹកប្រាក់ ៥០ពាន់លានដុល្លារអាមេរិកនេះ វាគ្រាន់តែមានចំនួនប្រមាណ០,៣%ប៉ុណ្ណោះ នៃ GDP របស់អាមេរិក។

ទោះបីជា ការប្រឈមមុខដាក់គ្នាផ្នែកពាណិជ្ជកម្មរវាងមហាយក្សទាំងពីរនេះ កំពុងស្ថិតនៅក្នុងក្ដីបារម្ភមួយរបស់ពិភពលោក ថាវាអាចនឹងឈានទៅរកសង្គ្រាមពាណិជ្ជកម្មក៏ដោយ ប៉ុន្ដែ លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសឡើងភ្លាមៗនៅបណ្ដាញ Twitter របស់លោកថា សហរដ្ឋអាមេរិក មិនបានក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយនឹងចិននោះទេ។ហើយលោកគ្រាន់តែជួសជុលកំហុសមួយចំនួនរបស់រដ្ឋាភិបាលមុនប៉ុណ្ណោះ។

សូមជម្រាបថា បើតាមការបញ្ជាក់ពីសារព័ត៌មានមួយចំនួនបានឲ្យដឹងថា មុននឹងមានសភាពការតានតឹងផ្នែកពាណិជ្ជកម្មមកដល់ដំណាក់កាលចុងក្រោយនេះ គឺដោយសារតែអាមេរិកខឹងសម្បារនឹងចិន ដែលបានហូតពន្ធប្រមាណ៣ពាន់លានដុល្លារ លើទំនិញនាំចេញរបស់អាមេរិកប្រមាណជាង១០០មុខ ដូចជាសាច់ជ្រូក ផ្លែឈើ និងស្រាក្រហមជាដើម។ ហើយបន្ទាប់មក ភាគីទាំងពីរក៏ចេះតែដំឡើងឫទ្ធិដាក់ជាបន្តបន្ទាប់មកទល់ពេលនេះ។ យ៉ាងណាក៏ដោយ យើងមិនទាន់ដឹងនៅឡើយទេថា តើភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងប្រទេសមហាយក្សទាំងពីរនេះ នឹងត្រូវវិវត្តទៅជាយ៉ាងណាបន្តទៀតនៅឡើយទេ៕ 

None



អត្ថបទបន្ទាប់


កប៉ាល់ដឹកអ្នកដំណើរព្រែកព្នៅ-តាខ្មៅដំណើរការនៅថ្ងៃទី៦ មេសានេះ

នៅថ្ងៃទី៦ ខែមេសានេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឡើងជិះកប៉ាល់ព្រែកព្នៅ-តាខ្មៅ ដែលជាការបើកសម្ពោធឲ្យប្រើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ