លោក លោក ជា ជិនហ័រ បាននិយាយថា ប្រទេសចិនគ្មានកាតព្វកិច្ចចូលរួមនោះទេ ប៉ុន្តែលោក បានសង្កត់ធ្ងន់ពីសាមគ្គីភាពរបស់ចិនជាមួយអ្នកដែលអំពាវនាវឱ្យមានសកម្មភាពបន្ថែមទៀតពីបណ្ដាប្រទេសជឿនលឿនពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុនេះ ហើយបេសកជនផ្នែកអាកាសធាតុរបស់ទីក្រុងប៉េកាំងរូបនេះ ក៏បានឆ្លៀតគូសបញ្ជាក់ផងដែរ អំពីការខូចខាតដែលប្រទេសចិនបានរងគ្រោះដោយសារអាកាសធាតុក្ដៅខ្លាំងបំផុតទាក់ទងនឹងការប្រែប្រួលអាកាសធាតុនេះ។
លោក លោក ជា ជិនហ័រ បាននិយាយថា ចិនគាំទ្រយ៉ាងខ្លាំងចំពោះការទាមទាររបស់ប្រទេសកំពុងអភិវឌ្ឍន៍ជាពិសេសប្រទេសដែលងាយរងគ្រោះបំផុតសម្រាប់ការទាមទារសំណងការខាតបង់ និងការខូចខាតដោយសារប្រទេសចិនក៏ជាប្រទេសកំពុងអភិវឌ្ឍន៍មួយ ហើយក៏រងគ្រោះខ្លាំងពីបាតុភូតអាកាសធាតុខ្លាំងៗផងដែរ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចិនរូបនេះ បានសង្កត់ធ្ងន់ថា បញ្ហាអាកាសធាតុនេះ វាមិនមែនជាកាតព្វកិច្ចរបស់ប្រទេសចិនត្រូវរាប់រងនោះទេ ប៉ុន្តែប្រទេសចិន មានឆន្ទៈក្នុងការរួមចំណែករបស់ខ្លួន និងបង្ហាញពីការខិតខំប្រឹងប្រែងរបស់ខ្លួន។
បន្ទាប់ពីការលើកឡើងរបស់បេសកជនផ្នែកអាកាសធាតុរបស់ចិនយ៉ាងដូច្នេះ អ្នកនាំពាក្យរបស់គណៈប្រតិភូចិន ក៏បានចេញមកនិយាយដែរថា ប្រទេសចិននឹងមិនរួមចំណែកផ្នែកហិរញ្ញវត្ថុនោះទេ ប៉ុន្តែប្រទេសចិនគ្រាន់តែផ្តល់ "កិច្ចសហប្រតិបត្តិការ" ជាមួយប្រទេស ដែលកំពុងអភិវឌ្ឍន៍តែប៉ុណ្ណោះ។
ប្រទេសចិនត្រូវបានអង្គការពាណិជ្ជកម្មពិភពលោកចាត់ទុកថាជាប្រទេសដែលកំពុងអភិវឌ្ឍន៍ បើទោះជាមានសេដ្ឋកិច្ចធំជាងគេទីពីរនៅក្នុងពិភពលោកក៏ដោយ។
បេសកជនផ្នែកអាកាសធាតុរបស់សហរដ្ឋអាមេរិកលោក ចន ឃើរី (John Kerry) បាននិយាយពីថ្ងៃទី ៩វិច្ឆិកាថា ទំនាក់ទំនងស្តីពីអាកាសធាតុជាមួយប្រទេសចិនមិនទាន់ដំណើរការម្តងទៀតទេនៅឡើយទេ ហើយវគ្គចរចាដ៏សំខាន់នៅមុនកិច្ចប្រជុំអាកាសធាតុ COP27 ត្រូវបានលុបចោលបន្ទាប់ពីប្រធានសភាសហរដ្ឋអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី បានទៅទស្សនកិច្ចនៅកោះតៃវ៉ាន់កាលពីខែសីហាដែលបានផ្អាកចំណងការទូតទ្វេភាគី៕