ប្រទេសចិន

ការប្រមូលផលកសិកម្មនៅចិនកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរ ដោយសាររលកកម្ដៅឡើងខ្លាំង


មន្ត្រីអាជ្ញាធរចិនបានព្រមានថា ការប្រមូលផលដំណាំនៅរដូវស្លឹកឈើជ្រុះនៅប្រទេសចិនក្នុងពេលខាងមុខកំពុងស្ថិតនៅក្រោម«ការគំរាមកំហែងធ្ងន់ធ្ងរ»បណ្ដាលមកពីសីតុណ្ហភាពឡើងខ្ពស់ និងគ្រោះរាំងស្ងួតគួរឱ្យកត់សម្គាល់ ដោយពួកគេបានជំរុញឱ្យចាត់វិធានការដើម្បីការពារផលដំណាំ ពីការការប្រឈមមុខនឹងរដូវក្តៅដ៏ក្តៅបំផុតមិនធ្លាប់មាននៅប្រទេសនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ចិនកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរដោយសាររលកកម្ដៅឡើងខ្លាំង
ដោយ

ប្រទេស​មហាអំណាចសេដ្ឋកិច្ចទី២​ក្នុង​ពិភពលោក​ គឺប្រទេសចិន ​បានរងការវាយប្រហារ​ដោយ​សីតុណ្ហ​ភាពក្ដៅ​ខ្លាំង​ ទឹកជំនន់ភ្លាមៗ និងគ្រោះរាំងស្ងួត​ក្នុងរដូវក្តៅនេះ​​​ ជាបាតុភូត​មួយ ​ដែល​អ្នកវិទ្យា​សាស្ត្របាន​ព្រមានថា ​វា​បាន​​កើត​ឡើងកាន់តែញឹកញាប់​ និងខ្លាំងឡើងៗ​​ដោយសារតែការប្រែប្រួលអាកាសធាតុ។​

ក្រសួងកសិកម្មចិន​បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តំបន់​នៅ​ភាគខាងត្បូង​ប្រទេសចិន​ត្រូវ​បានកត់ត្រាពី​សីតុណ្ហភាពឡើង​ខ្ពស់​ជា​យូរឆ្នាំ​​​មក​ហើយ​ និង​មាន​ការ​ភ្លៀងធ្លាក់រាយប៉ាយដោយកន្លែង ចាប់តាំងពីការ​កត់​​ត្រា​នេះ​បានចាប់ផ្តើម​ធ្វើឡើង​កាល​ពី​ជាង​ ៦០ ឆ្នាំមុន​មក​ម្ល៉េះ​។

នាយកដ្ឋាន​របស់រដ្ឋាភិបាលចំនួន ៤ បានចេញសេចក្តីជូនដំណឹងមួយ​កាលពីថ្ងៃអង្គារ​ដោយ​ជំរុញ​ឱ្យ​ចាត់វិធានការ ​ដើម្បីការពារដំណាំ​ និង​អំពាវនាវ​ឱ្យ​«គ្រប់ស្ថានីយ​​ទឹក​​​ត្រូវបានប្រើប្រាស់​​​ដោយប្រុង​ប្រយ័ត្ន​»​ ​តាមរយៈវិធីសាស្រ្ត​មួយ​ចំនួន​រួមទាំង​ប្រព័ន្ធទឹក​ស្រោច​ដំណាំ​​ និងការបង្កើត​ពពក​​សុប្ប​និមិត្ត​ក្នុង​​គោលបំណង​បង្កឲ្យមាន​ទឹក​​ភ្លៀង​ផង​ដែរ​​។​

ស្របពេលកំដៅកើនខ្លាំង ខេត្តមួយ​ចំនួន​​នៅ​ប្រទេសចិន​បាន​ប្រកាស​ពីការកាត់​ផ្តាច់​ចរន្តអគ្គិសនី ដើម្បីដោះ​ស្រាយតម្រូវការ​​ដែល​ចេះ​តែ​កើន​ឡើង ​​​ដែលមួយផ្នែក​ដោយ​សារ​ប្រជាជន​​ដំឡើង​ម៉ាស៊ីនត្រជាក់ប្រើប្រាស់ច្រើនតាមផ្ទះ ​ដើម្បីទប់ទល់នឹងសីតុណ្ហភាពឡើងដល់ ៤៥ អង្សាសេ។

ទីក្រុងធំៗគឺ​ទីក្រុងសៀងហៃ និងទីក្រុង​ឆុងឈីង​ (Chongqing)​ បានផ្តាច់ភ្លើងតុបតែង​​លម្អ​​ខាងក្រៅ​​​អគារ ​ខណៈដែលអាជ្ញាធរនៅក្នុងខេត្ត​ស៊ីឈួន​នៅ​ភាគនិរតី​ប្រទេស​ចិន​បានកាត់ផ្តាច់ចរន្តអគ្គិសនីក្នុងឧស្សាហកម្ម​ ខណៈ​ដែល​​កម្រិតទឹកបាន​ធ្លាក់ចុះនៅតាម​រោងចក្រ​វារីអគ្គិសនីសំខាន់ៗ​ផង​ដែរ​។​

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានឱ្យដឹងថា មនុស្សជាង ១៥០០ នាក់នៅក្នុងតំបន់ជុំវិញទីក្រុងឆុងឈីង​ត្រូវបានជម្លៀសទៅ​កាន់​កន្លែង​​មាន​សុវត្ថិភាព​​កាលពីថ្ងៃចន្ទ​បន្ទាប់​ពីស្ថាន​ភាព​​អាកាសធាតុក្តៅហួតហែង​​បានបង្កឱ្យមានភ្លើងឆេះព្រៃជាច្រើនកន្លែង។​

សេវាឧតុនិយមជាតិបានបន្តការព្រមានរបស់ខ្លួនចំពោះគ្រោះរាំងស្ងួត ​និងសីតុណ្ហភាព​ឡើង​ខ្ពស់​កាលពីថ្ងៃអង្គារ​​ដោយអំពាវនាវឱ្យរដ្ឋាភិបាលនៅ​ខេត្តចំនួន ១១​ នៅប្រទេសចិន «ធ្វើសកម្មភាព​»​ ដើម្បី​ឆ្លើយតប​​គ្រា​អាសន្ន​នេះ​៕

អត្ថបទ៖ សុខ ជា​




អត្ថបទបន្ទាប់


លោកហ្សេលេនស្គីប្រកាសថា នឹងយកដែនដីគ្រីមៀពីរុស្សីមកវិញ នៅពេលណាដែលខ្លួនចង់

បើទោះបីជាសង្គ្រាមកំពុងបន្ដឆេះរោលរាល និងត្រូវបាត់បង់ទឹកដីផ្នែកខ្លះទៅឲ្យរុស្ស៊ីក្ដី ប៉ុន្ដែប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេលេនស្គី (…

ចិនលក់បន្ដឧស្ម័នធម្មជាតិរាវ LNGទៅឲ្យអឺរ៉ុប ចំពេលចំពេលតម្រូវការក្នុងស្រុករបស់ខ្លួនចុះខ្សោយ

អឺរ៉ុបអាចនឹងជៀសផុតពីការភ័យខ្លាចចំពោះកង្វះខាតឧស្ម័នធម្មជាតិរាវដែលនឹងឈានចូលមកដល់សម្រាប់រដូវរងារខាងមុខនេះ ចំពេលដែលមានកាត់បន្ថយការផ្គត់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ