Advertisement
កត្តា​ប្រឈម​របស់​ វិស័យធនាគារ​ និងហិរញ្ញវត្ថុ

ឆ្នាំ២០១៨ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជួបការប្រឈមធំមួយ ពី ធនាគារជាតិ


ប្រធានក្រុមប្រឹក្សាភិបាលសមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា អះអាងថា នៅឆ្នាំ ២០១៨ កន្លងទៅនេះ ការអនុវត្តតាមសេចក្ដីប្រកាសថ្មី ស្ដីអំពីចំណាត់ថ្នាក់ឥណទាន របស់ធនាគារជាតិ ដែលបានដាក់ចេញកាលពីចុង ឆ្នាំ២០១៧ គឺមានការអនុវត្តសាំញាំច្រើនជាងប្រកាសចាស់ដែលមានពីមុន ដោយសារតែវាតម្រូវឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវធ្វើសំវិធានធនច្រើនជាងមុន លើឥណទានដែលមានហានិភ័យ មានន័យថាត្រូវរៀបចំការចំណាយបម្រុងទុកមុន ប្រសិនបើមានឥណទានណាមួយមានបញ្ហា។
លោក គា បូរាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម មីក្រូហិរញ្ញវត្ថុ​កម្ពុជា
ដោយ
Advertisement

ថ្លែង នៅក្នុង​អង្គ​សន្និបាត​ប្រចាំឆ្នាំ​លើកទី១៣ របស់​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា នាពេលថ្មីៗនេះ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ចាត់ទុកថា​ ការអនុវត្ត​តាម​ប្រកាសថ្មី ​របស់​ធនាគារជាតិស្ដីពី ការ​ធ្វើចំណាត់ថ្នាក់​ឥណទាន ឬហៅថា Credit Rating នោះ គឺ ជា​កត្តាប្រឈម​ធំមួយ​របស់គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ នៅឆ្នាំ២០១៨​កន្លងទៅ។ លោកថា ការអនុវត្តប្រកាសនេះ គឺហាក់មានភាព​ស្មុគស្មាញ​ច្រើនជាង​មុន តែយ៉ាងណា វាគឺជា​រឿងមួយត្រូវ​ត្រឹម​ស្របតាម​ការអភិវឌ្ឍ និង​ការប្រែប្រួល​នៃវិស័យ​ហិរញ្ញវត្ថុ។

លោក គា បូរាណ ពន្យល់ថា ការធ្វើសំវិធានធននេះ គឺដើម្បី​ធានា​ឲ្យបាន​នូវ​ទុនបម្រុង​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​ប្រសិនបើ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ត្រួវជួប​វិបត្តិ​ហិរញ្ញវត្ថុ ឬឥណទាន​របស់​អតិថិជន​មានបញ្ហា។ 

អគ្គនាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អេអឹមខេ រូបនេះ បានបញ្ជាក់​ទៀតថា កាលណា​គ្រឹះស្ថាន​ធនាគារ និងមីក្រូហិរញ្ញវត្ថុ​ធ្វើសំវិធានធន​កើន​ឡើង ឬហៅថា​បង្កើន​ទុន​បម្រុង​ទុកមុន​សម្រាប់​ការពារ​លើហានិភ័យ​ឥណទាន នោះវានឹងធ្វើ​ប្រាក់​ចំណេញ​របស់គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ​​នឹង​មានការថយចុះជាង​មុន​ផងដែរ។ 

ជាក់ស្ដែង ក្រោយពីមាន​ប្រកាស​ថ្មី​របស់ធនាគារ​ជាតិ អំពី​ការ​ចាត់​ចំណាត់​ថ្នាក់​ឥណទាន កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ រួចមក ឃើញថា មានគ្រឹះស្ថាន​ធនាគារ និងគ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុ​ជាច្រើន​បាន​បង្ហាញ​ពីរបាយការណ៍​ធ្លាក់ចុះ​នៃប្រាក់ចំណេញ​របស់ខ្លួន។ 

តួយ៉ាង បន្ទាប់ពីមាន​ប្រកាសថ្មីនេះ ប្រាក់ចំណេញ​របស់​ធនាគារ​អេស៊ីលីដា ដែលជា​ធនាគារ​ក្នុងស្រុក​មានទ្រព្យ​សកម្ម និងទំហំកម្ចី​ធំជាងគេ​នោះ បានធ្លាក់ចុះ​ប្រាក់​ចំណេញ​របស់ខ្លួន ២ឆ្នាំជាប់ៗគ្នា ពោល​ឆ្នាំ២០១៨នេះ មាន​ប្រាក់ចំណេញ​ក្រោយបង់ពន្ធ​រួចរបស់​អេស៊ីលីដា មាន​ជាង​៨៤ លានដុល្លារអាមេរិក ខណៈដែលឆ្នាំ​២០១៧ មានជាង​៩២​លានដុល្លារអាមេរិក។ បើពិនិត្យ​ទៅមើល​ប្រាក់ចំណេញ​កាលពីមិនទាន់​មានប្រកាស​ថ្មីអំពី ចំណាត់ថ្នាក់​ឥណទាន​នេះដាក់ចេញ ឃើញថា ប្រាក់ចំណេញ​របស់​អេស៊ីលីដា មានរហូតដល់ជាង​១២៧ លានដុល្លារអាមេរិកឯណោះ។ ដូច្នេះ បើធៀប​ប្រាក់ចំណេញ កាលពី​ឆ្នាំ​២០១៨ នឹង២០១៧ និង ២០១៦ ឃើញថា​មានការថយចុះ​រហូតដល់​៣៥លានដុល្លារ និង៤៣ លានដុល្លារ​អាមេរិក ។ 

Advertisement

របាយការណ៍ ពីធនាគារជាតិ​បាន​បង្ហាញថា នៅក្នុងឆ្នាំ​២០១៨ ឥណទាន​មិនដំណើរ​របស់​គ្រឹះស្ថាន​ធនាគារ​មាន​អត្រា ​២,៨% កើនឡើង​ប្រមាណ ០,៥% ធៀបនឹងឆ្នាំ២០១៧។ រីឯ ឥណទាន​មិនដំណើរ​ការ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​វិញ​មាន​អត្រា​១% ធៀបនឹងឆ្នាំ២០១៧ មានការថយចុះ​១%។

របាយការណ៍​ដដែល បាន​បង្ហាញទៀតថា គិតត្រឹមឆ្នាំ២០១៨ គ្រឹះស្ថាន​ធនាគារ​ពាណិជ្ជ មានចំនួន​៤៣ , ធនាគារឯកទេស មាន​ចំនួន ១៤, គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ មានចំនួន ៨០, និង​គ្រឹះស្ថានឥណទានជនបទ មាន​២៧៣ គ្រឹះស្ថាន។ 

ជាមួយគ្នានេះ នៅឆ្នាំ​២០១៨ ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ​មានការកើនឡើង​ជាង ១៩ភាគរយ ដែល​មាន​តម្លៃទឹកប្រាក់​សរុប​ប្រមាណ ៤០ ពាន់លាន​ដុល្លារ​អាមេរិក ។ ក្នុងនោះ ប្រាក់បញ្ជើ​អតិថិជន មានជាង​ ២២ ពាន់​លានដុល្លារ​អាមេរិក កើនឡើង​ជាង​១៥% និងកម្ចីឥណទាន មាន​ជាង​ ២៤​ពាន់លាន​ដុល្លារ​ កើន​ឡើង​ជិត​១៩% ខណៈដែល​អ្នកដាក់ប្រាក់បញ្ជើ​កើនដល់​ជាង ​៦លាន​២សែនគណនី និងអ្នកខ្ចីប្រាក់​មាន​ ២លាន​ ៦សែនគណនី៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កង្វះខាតដើមទុនកែច្នៃផលិតផលកសិកម្ម ធ្វើឲ្យកម្ពុជាខ្សោយទីផ្សារការនាំចេញ ?

ព័ត៌មាន
កម្ពុជា ជាប្រទេសដែលមជ្ឈដ្ឋានជាតិ និង អន្តរជាតិទទួលស្គាល់ថា ជាប្រទេសដែលមានសក្កានុពលផ្នែកកសិកម្ម និង កសិ ឧស្សាហកម្ម និយាយរួមផលិតផលកសិកម្ម...

អ្នកមានលុយវ័យក្រោម ៤០ឆ្នាំនៅចិន ទិញអចលនទ្រព្យនៅក្រៅប្រទេស តាមអនឡាញ ដូចទិញខោអាវ

ព័ត៌មាន
អចលនទ្រព្យ ពិសេសអាផាតមិន នៅបណ្ដាប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ហាក់កំពុងត្រូវប៉ាន់ តាមរយៈការទិញតាមអនឡាញ ពីអតិថិជនជនជាតិចិន ខ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ