ក្រុមអ្នកវិភាគចាត់ទុកថា នេះមិនមែនជាការទិញធម្មតានោះទេ ប៉ុន្តែវាជាយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំងក្នុងការធ្វើពិពិធកម្មទុនបម្រុងអន្តរជាតិរបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក ខណៈដែលភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយពិភពលោកកំពុងកើនឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
ទិន្នន័យបង្ហាញថា ធនាគារកណ្ដាលចិនបានទិញមាសចំនួន១៥តោនកាលពីអំឡុងខែមិថុនា ឆ្នាំ២០២៦ ដែលជាការទិញប្រចាំខែច្រើនបំផុតចាប់តាំងពីខែតុលា ឆ្នាំ២០២៣។ ជាមួយនឹងការទិញចូលនេះទុនបម្រុងអន្តរជាតិជាមាសរបស់ចិនបានកើនដល់ជាង២,៣៥៧តោន ហើយនេះ ក៏ជាខែទី២០ ជាប់ៗគ្នាដែលចិនបន្តបង្កើនទុនបម្រុងជាមាស។ ការសម្រុកទិញមាសចូលយ៉ាងសម្បើមនេះកើតឡើងទាំងដែលហាងឆេងមាសពិភពលោកបានធ្លាក់ចុះជាង១១% ក្នុងខែមិថុនា ដែលជាការធ្លាក់ខ្លាំងបំផុតចាប់តាំងពីឆ្នាំ២០០៨ ដោយសារប្រាក់ដុល្លារអាម៉េរិកឡើងថ្លៃ និងការរំពឹងថា ធនាគារកណ្តាលអាម៉េរិកអាចនឹងដំឡើងអត្រាការប្រាក់។
ទោះបីជាហាងឆេងមាសធ្លាក់ចុះធ្វើឱ្យតម្លៃទុនបម្រុងជាមាសរបស់ចិនធ្លាក់ចុះពីជិត៣៤១ពាន់លានដុល្លារអាម៉េរិកមកនៅត្រឹមជិត៣០៤ពាន់លានដុល្លារអាម៉េរិកយ៉ាងណាក្ដី ក៏ក្រុមអ្នកវិភាគមើលឃើញថា ទីក្រុងប៉េកាំងកំពុងឆ្លៀតឱកាសនេះទិញមាសចូលក្នុងតម្លៃទាប ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែង។
ក្រុមអ្នកជំនាញក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នមាសមានចំណែកត្រឹមប្រមាណ៨,៨% ប៉ុណ្ណោះនៃទុនបម្រុងអន្តរជាតិរបស់ចិន ខណៈដែលធនាគារកណ្តាលជុំវិញពិភពលោកមានជាមធ្យមកាន់កាប់មាសប្រមាណ២៧%។ នេះមានន័យថា ចិននៅមានលទ្ធភាពបន្តទិញមាសបន្ថែមទៀត។ ស្របពេលនេះ ចិន និងហុងកុងកំពុងពង្រឹងទីផ្សារមាសផងដែរ ដោយបង្កើតប្រព័ន្ធទូទាត់ និងជួញដូរមាសថ្មី ដើម្បីជំរុញឱ្យហុងកុងក្លាយជាមជ្ឈមណ្ឌលជួញដូរមាស និងរូបិយប័ណ្ណយ័ននៅលើឆាកអន្តរជាតិ៕
ដោយ: តែម សុខុម