យោងតាមការចុះផ្សាយរបស់សារព័ត៌មានស្វីស SWI បានឱ្យដឹងថា ដើម្បីទប់ទល់ និងកាត់បន្ថយហានិភ័យដ៏គួរឱ្យបារម្ភនេះ ក្រុមហ៊ុនជួញដូរកាហ្វេខ្នាតយក្សលំដាប់អន្តរជាតិកំពុងជំរុញឱ្យមានការប្រើប្រាស់សេវាកម្មធានារ៉ាប់រងអាកាសធាតុ ដើម្បីជួយជ្រោមជ្រែងដល់កសិករខ្នាតតូច ក្នុងការរក្សាស្ថិរភាពផលិតកម្ម និងធានាបាននូវនិរន្តរភាព នៃការផ្គត់ផ្គង់គ្រាប់កាហ្វេទៅកាន់ទី ក្រុមហ៊ុនពាណិជ្ជកម្មកាហ្វេឈានមុខគេមួយនៅលើពិភពលោក គឺ ECOM Agroindustrial កំពុងជំរុញកំណើនឱ្យមានការកើនឡើងរហូតដល់ទៅ៥ដង នៃចំនួនកសិករដាំដុះ ដែលស្ថិតក្រោមឆត្រការពារនៃកម្មវិធីធានារ៉ាប់រងអាកាសធាតុពិសេសរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។ ការសម្រេចចិត្តនេះធ្វើឡើងដោយហេតុថា ឧស្សាហកម្មកាហ្វេនៅក្នុងប្រទេសជិតខាងរបស់កម្ពុជាមួយនេះ គឺពឹងផ្អែកស្ទើរតែទាំងស្រុងលើកសិករខ្នាតតូច ដែលជាក្រុមងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុយ៉ាងគំហុក។
លោក ឡូរ៉េន បូសូឡាស្កូ (Laurent Bossolasco) អ្នកគ្រប់គ្រងកម្មវិធី នៃក្រុមហ៊ុន ECOM Agroindustrial ប្រចាំប្រទេសវៀតណាមបានគូសបញ្ជាក់ថា ក្រុមហ៊ុនពាណិជ្ជកម្មកាហ្វេខ្នាតយក្សលំដាប់ទីពីរនៅលើពិភពលោកមួយនេះ កំពុងស្វែងរកលទ្ធភាពក្នុងការពង្រីកវិសាលភាព នៃការគាំទ្រ និងការការពារហិរញ្ញវត្ថុដល់ក្រុមសហគមន៍កសិករដាំកាហ្វេឱ្យបានរហូតដល់២,៥០០នាក់នៅក្នុងឆ្នាំនេះ។
គួររំលឹកថា វៀតណាម គឺជាអ្នកផលិតគ្រាប់កាហ្វេប្រភេទ រ៉ូប៊ូស្តាធំបំផុតនៅលើពិភពលោក ដែលជាវត្ថុធាតុដើមចម្បងមិនអាចខ្វះបានសម្រាប់យកទៅកែច្នៃជាកាហ្វេកញ្ចប់ និងកាហ្វេ អេសប្រេសសូ។ យ៉ាងណាមិញម្ចាស់ចម្ការកាហ្វេភាគច្រើននៅក្នុងប្រទេសនេះបែរជាមានសមត្ថភាព និងបច្ចេកទេសនៅមានកម្រិតនៅឡើយក្នុងការទប់ទល់ ឬបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួល នៃប្រព័ន្ធអេកូឡូស៊ី។
ផ្អែកតាមរបាយការណ៍វាយតម្លៃអាកាសធាតុសម្រាប់ឆ្នាំនេះ កសិករដាំកាហ្វេកំពុងតែប្រឈមមុខយ៉ាងខ្លាំង នឹងលទ្ធភាពនៃការផ្ទុះឡើងនូវបាតុភូត El Niño ក្នុងកម្រិតវាយប្រហារធ្ងន់ធ្ងរ ដែលជាដើមចមធ្វើឱ្យចម្ការកាហ្វេត្រូវរងការខូចខាតដោយសាររលកកម្តៅ និងការខ្សត់ខ្សោយប្រភពទឹក។ កត្តានេះមិនត្រឹមតែធ្វើឱ្យទិន្នផលគ្រាប់កាហ្វេត្រូវបាត់បង់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលអវិជ្ជមានដល់សន្តិសុខស្បៀង នៃដំណាំកសិឧស្សាហកម្មផ្សេងៗទៀតផងដែរ។
ក្រៅពីការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រទេសវៀតណាម រូបមន្តការពារហានិភ័យតាមរយៈការធានារ៉ាប់រងអាកាសធាតុដ៏មានប្រសិទ្ធភាពនេះ ក៏ត្រូវបានគេដឹងថា កំពុងត្រូវបានយកទៅអនុវត្ត និងពង្រីកគោលដៅយុទ្ធសាស្ត្រយ៉ាងសកម្មទៅកាន់ក្រុមគ្រួសារកសិករដាំកាហ្វេនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ ដើម្បីធានាឱ្យបានថា ខ្សែច្រវាក់ផ្គត់ផ្គង់កាហ្វេរបស់ពិភពលោកមិនត្រូវជួបហានិភ័យនៃការកាត់ផ្តាច់៕
ដោយៈ សរ សុជាតិ