កំណើនទាបបែបនេះ បង្កឡើងដោយការធ្លាក់ចុះតម្រូវការអចលនទ្រព្យអំឡុងពេលមានបញ្ហារង្គោះរង្គើរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ ខណៈវិធានការណ៍ដ៏តឹងរ៉ឹងដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ ក៏បានរួមចំណែកធ្វើឲ្យមានកំណើនសេដ្ឋកិច្ចចិនមានតិចតួចដែរក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២១។
កំណើនសេដ្ឋកិច្ចចិនទាបនៅត្រីមាសទី៤ឆ្នាំ២០២១ ក៏កំពុងបង្កើនសម្ពាធដល់រដ្ឋអំណាចក្រុងប៉េកាំង ពិសេសដល់អ្នកតាក់តែងច្បាប់និងវិធានការដោះស្រាយ ដើម្បីពង្រឹងឡើងវិញនូវកំណើនសេដ្ឋកិច្ច ចិនក្នុងឆ្នាំ២០២២នេះផងដែរ។នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
កំណើនសេដ្ឋកិច្ចចិនក្នុងត្រីមាសទី៤ រាប់ចាប់ពីខែតុលាដល់ខែធ្នូឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ មានចំនួនតែ ៣,៦%។ នេះជាកំណើនទន់ខ្សោយបំផុតមួយចាប់តាំងពីមានការបន្តធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចចិន គិតចាប់តាំងពីត្រីមាសទី២ឆ្នាំ២០២០មកម្ល៉េះ។ កំណើននៅត្រីមាសទី៤ឆ្នាំ២០២១ទៀតសោត គឺខុសពីការរំពឹងទុកឆ្ងាយមែនទែនតែម្តង របស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលធ្លាប់រំពឹងថា នឹងអាចកើនឡើងដល់ ៦%ឯណោះ។
រដ្ឋាភិបាលក្រុងប៉េកាំងគ្រោងនឹងបញ្ចេញរបាយការណ៍លម្អិតស្តីពីកំណើន GDP សរុបប្រចាំឆ្នាំរបស់ខ្លួន បូករួមនឹងសមិទ្ធផលសកម្មភាពការងារកាលពីខែធ្នូនៅដើមសប្ដាហ៍នេះ។
យ៉ាងណាមិញ កំណើនសេដ្ឋកិច្ចចិនបន្តមានតិចនៅចុងឆ្នាំ២០២១ បានដាក់សម្ពាធ និងចោទជាសំណួរបន្ថែមទៀតទៅកាន់រដ្ឋអំណាចចិន ដើម្បីបន្ដដោះស្រាយសម្រាប់ឆ្នាំ២០២២នេះ ស្របពេលដែលគេ កំពុងប្រឈមមុខនឹងបញ្ហាថ្មីៗមួយទៀតនោះគឺ ការរីករាលដាលក្នុងសហគមន៍នៃកូវីដ១៩បំប្លែងខ្លួន អូមីក្រុងដែលមានកម្រិតឆ្លងខ្លាំង។
អ្នកបង្កើតគោលនយោបាយ និងអ្នកតាក់តែងច្បាប់របស់ចិន បានប្តេជ្ញាថានឹងប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនឲ្យស្ទុះងើបកាន់តែលឿនឡើងវិញ មុនពេលសមាជបក្សកុម្មុយនិស្តចិន ដែលជាជំនួបដ៏ធំបំផុតមួយដែលនឹងចូលមកដល់នៅចុងឆ្នាំនេះ។
ជាក់ស្តែង អាជ្ញាធរចិនបានសន្យាថា នឹងបង្កើនការគាំទ្រសារពើពន្ធសម្រាប់កំណើនសេដ្ឋកិច្ចចិន បង្កើនល្បឿននៃការលក់មូលបត្របំណុល ពិសេសសម្រាប់រដ្ឋបាលតាមតំបន់ ដើម្បីជំរុញការវិនិយោគ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងមានផែនការកាត់បន្ថយពន្ធផងដែរ។
សូមជម្រាបថា តាមការព្យាករពីក្រុមសេដ្ឋវិទូ បានបង្ហាញថាសេដ្ឋកិច្ចប្រទេសចិននៅឆ្នាំ២០២២នេះ នឹងមានកំណើនត្រឹម៥,២%ប៉ុណ្ណោះ ខណៈដែលពីមុនធ្លាប់បានព្យាករថា នឹងមានកំណើន ៥,៥%៕