ការនាំចេញរបស់ចិនបានកើនឡើង១៨%ក្នុងខែកក្កដាឆ្នាំនេះ បើនឹងខែកក្កដាឆ្នាំ២០២២ ក្នុងតម្លៃទឹកប្រាក់ដល់ទៅជាង ៣០០ពាន់លានដុល្លារអាមេរិក។ បើគេធៀបនឹងខែមិថុនាឆ្នាំ២០២២ កំណើនមានដល់ជិត ១៨%។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយគយចិនកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន។
តួលេខសម្រាប់ខែកក្កដាគឺបានកើនលើសពីការរំពឹងទុក ដែលធ្លាប់ប៉ាន់ស្មានថា អាចមានត្រឹម១៦%នៃកំណើន។ នេះបើយោងតាមក្រុមហ៊ុន Wind ដែលជាក្រុមហ៊ុនផ្តល់សេវាព័ត៌មានហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេសចិន។
ក៏ប៉ុន្ដែ បើមើលទៅលើការនាំចូលវិញ គឺមានកំណើនត្រឹម ២,៣% ក្នុងខែកក្កដាឆ្នាំ២០២២ បើធៀបទៅ ខែកក្កដាឆ្នាំមុន មានតម្លៃសរុបជាង ២៣០ពាន់លានដុល្លា ហើយបើគេធៀបនឹងខែមិថុនាឆ្នាំនេះ ការនាំចូលបានកើនឡើងត្រឹមតែ១%ប៉ុណ្ណោះ។ អត្រាកំណើននៃការនាំចូលនៅខែកក្កដា គឺមានទាបជាងអ្វីដែលគេបានរំពឹងរំពឹងទុក ពោលគឺគេធ្លាប់ប៉ាន់ស្មានថា អាចនឹងមានដល់ ៤,៥%។
ការនាំចេញកើនខ្លាំង ខណៈការនាំចូលទន់ខ្សោយបែបនេះ បានធ្វើឲ្យអតិរេកពាណិជ្ជកម្មសរុបរបស់ប្រទេសចិនបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងតម្លៃ ជាង ១០០ពាន់លានដុល្លារក្នុងខែកក្កដា បើធៀបនឹងអតិរេកតម្លៃជិត១០០ពាន់លានដុល្លារកាលពីខែមិថុនា។
អ្នកជំនាញបន្តកត់សម្គាល់ថា កំណើនការនាំចេញរបស់ប្រទេសចិនដ៏ភ្ញាក់ផ្អើលនឹងបន្តជួយសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងឆ្នាំដ៏លំបាកមួយនេះ ប៉ុន្តែគេមិនត្រូវភ្លេចទេថា តម្រូវការក្នុងស្រុកនៅតែធ្លាក់ចុះ។ ធ្លាក់ចុះដោយសារតែពលរដ្ឋ ចាយវាយក្បិតក្បៀតជាងមុន ជាហេតុការនាំចូលក៏ធ្លាក់ចុះទៅតាមនោះដែរ។
យ៉ាងណាក៏ដោយ កំណើននៃការនាំចេញរបស់ចិន មិនបានធ្វើឱ្យស្ថាប័នអន្តរជាតិធំៗ ផ្លាស់ប្តូរការព្យាករណ៍សម្រាប់សេដ្ឋកិច្ចចិនទាំងមូលឡើយ។ មូលនិធិរូបិយវត្ថុអន្តរជាតិនៅចុងខែកក្កដាបានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចចិនឆ្នាំ២០២២ ពីអត្រា ៤,៤% ដែលធ្លាប់បានប៉ាន់ស្មាននៅក្នុងខែមេសា មកនៅត្រឹម៣,៣%វិញ។ ប៉ុន្តែប្រទេសចិនបានកំណត់គោលដៅ កំណើនដោយខ្លួនឯង មានប្រហែល ៥,៥% នៅឆ្នាំ២០២២នេះ។
សូមបញ្ជាក់ថា ដៃគូពាណិជ្ជកម្មធំជាងគេទាំងបីរបស់ប្រទេសចិននៅក្នុងខែកក្កដានៅតែជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដូចខែមុនៗដដែល។ ក្រៅពីនោះ ការនាំចូល និងនាំចេញរបស់ចិនទៅកាន់បណ្តាប្រទេសសមាជិក ក្របខណ្ឌភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP បានកើនឡើងដល់ ១៧៣ ពាន់លានដុល្លារ នៅក្នុងខែកក្កដា។ បើគេគិត ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្មរបស់ប្រទេសចិនជាមួយប្រទេសសមាជិកទាំង១៤ របស់ RCEP បានកើនឡើង ៧,៥% ធៀប៧ខែឆ្នាំមុន៕