សភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅទីក្រុងប៉េកាំង ប្រទេសចិន បានបង្ហាញនូវមន្ទិលចំពោះចំណាត់ការសេដ្ឋកិច្ច ដែលដាក់ចេញដោយមហាយក្សចិន ខណៈស្ថិតិវិនិយោគផ្ទាល់ពីបរទេសរបស់ប្រទេសចិននៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤ បានធ្លាក់ចុះរហូតដល់ទៅជិត៣០%។ សភាពាណិជ្ជកម្មនេះបានអះអាងថា អាជីវកម្មរបស់អឺរ៉ុបនៅប្រទេសចិន នៅពេលនេះ បានឈានដល់ដំណាក់កាលលែងសូវមានការលើកទឹកចិត្តនៅក្នុងដំណើការអាជីវកម្មពីសំណាក់រដ្ឋាភិបាលចិន។
កំណើនប្រតិបត្តិការអាជីវកម្មមកពីអឺរ៉ុប នៅក្នុងប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទី២នៅលើពិភពលោក ស្ថិតក្នុងសភាពយឺត ខណៈចិន នៅមិនទាន់បង្ហាញការផ្លាស់ប្តូរក្នុងការជំរុញសេដ្ឋកិច្ចទៅតាមការសន្យារបស់ខ្លួននៅឡើយទេ នៅក្នុងរយៈពេលជិតមួយឆ្នាំកន្លងមកនេះ។
ក្រសួងពាណិជ្ជកម្មចិន បានអះអាងថា លំហូរវិនិយោគផ្ទាល់ពីបរទេសមកកាន់ប្រទេសចិន បានធ្លាក់ចុះប្រមាណជិត៣០% នៅ៧ខែឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បច្ចុប្បន្នស្ថាប័ននានានៅទីក្រុងប៉េកាំង កំពុងស្វះស្វែងស្តារស្ថានការណ៍ ដើម្បីឆ្លើយតបនឹងការធ្លាក់ចុះលំហូរវិនិយោគនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ចំណាត់ការដែលរដ្ឋាភិបាលចិន បានដាក់ចេញនៅតែមានភាពមន្ទិល ដោយវិស័យខ្លះហាក់ដូចជាធូរ ប៉ុន្តែវិស័យខ្លះហាក់ដូចជានៅបន្តរឹតត្បិត។
យន្តការដែលទីក្រុងប៉េកាំង កំពុងដាក់ចេញ រួមមាន ការលើកទឹកចិត្ត គឺដូចជាការកែសម្រួលទិដ្ឋាការនៃការធ្វើដំណើរ ការបើកទូលាយឲ្យបរទេសគ្រប់គ្រងលើប្រតិបត្តិការអាជីវកម្មទាំងស្រុងនៅក្នុងវិស័យមួយចំនួន ដូចជាផ្នែកវេជ្ជសាស្រ្តជាដើម ប៉ុន្តែសម្រាប់សេវាកម្ម ឫប្រតិបត្តិការហិរញ្ញវត្ថុ គឺហាក់នៅរឹតត្បិតនៅឡើយ គ្រាន់រដ្ឋាភិបាលទីក្រុងប៉េកាំងបានសន្យាថា នឹងដកការរឹតត្បិតនៅលើផ្នែកនេះប៉ុណ្ណោះ។
ជុំវិញចំណាត់ការដែលរដ្ឋបាលទីក្រុងប៉េកាំង បានដាក់ចេញកន្លងមក លោក អេស្ខេឡាន ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុប ប្រចាំទីក្រុងប៉េកាំង បាននិយាយថា វាហាក់ដូចជានៅមិនទាន់ដល់កម្រិតដែលធ្វើឲ្យធុរជនអឺរ៉ុប មានសុទិដ្ឋិនិយមក្នុងការធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសចិន នៅឡើយទេ ជាពិសេសពាក់ព័ន្ធនឹងប្រាក់ចំណេញនៅក្នុងរយៈពេល២ឆ្នាំទៅមុខ៕
ដោយៈ សរ សុជាតិ