ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃអង្គារនេះថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងក្នុងអត្រាមួយលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី ១ ដោយមានកំណើន ៤,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ខណៈដែលក្រុមអ្នកបង្កើតគោលនយោបាយបានខំប្រឹងជំរុញកំណើន បន្ទាប់ពីការបិទបញ្ចប់វិធានការទប់ស្កាត់ជំងឺកូវីដ ១៩ ដ៏តឹងរ៉ឹងកាលពីខែធ្នូឆ្នាំមុន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
កាលពីមុន ក្រុមអ្នកវិភាគដែលទីភ្នាក់ងារសារព័ត៌មាន រើយធឺ បានសាកសួរ បានរំពឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិននៅឆ្នាំ ២០២៣ នេះ អាចនឹងកើនឡើង ៤% បើធៀបនឹងឆ្នាំ ២០២២ ដោយសារមានការរំពឹងទុកថានឹងមានកំណើនក្នុងអត្រា ២,៩% នៅត្រីមាសទី ៤ ឆ្នាំ ២០២៣នេះ។
ទិន្នន័យផ្សាយចេញដោយការិយាល័យស្ថិតិជាតិរបស់ចិន បានបង្ហាញថា បើពិនិត្យមើលតាមត្រីមាស ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើងក្នុងអត្រា ២,២% អំឡុងខែមករា ដល់ខែមីនា ឆ្នាំ២០២៣ គឺដូចគ្នានឹងការរំពឹងទុកកាលពីមុនដែលថាមានកំណើន ២,២% ហើយដែលក្រោយមកបានកែតម្រូវថា ត្រីមាសដំបូងនៃឆ្នាំ ២០២៣ នេះ មានកំណើន ០,៦% ។
ទិន្នន័យថ្មីៗនេះបង្ហាញថាសេដ្ឋកិច្ចចិនកំពុងស្ទុះងើបឡើងវិញ ដោយសារការកើនឡើងនៃការប្រើប្រាស់ សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ក្រោយពីមានការដកចេញភ្លាមៗនូវវិធានការទប់ស្កាត់ជំងឺកូវីដ ១៩ កាលពីខែធ្នូ ប៉ុន្តែការសម្រួលអតិផរណា និងការសន្សំប្រាក់នៅធនាគារដែលកំពុងកើនឡើង កំពុងចោទជាសំណួរអំពីភាពខ្លាំងនៃតម្រូវការក្នុងស្រុក។
រដ្ឋាភិបាលចិនបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចតិចតួច គឺប្រហែល ៥% សម្រាប់ឆ្នាំ ២០២៣ នេះ បន្ទាប់ពីមិនបានបំពេញតាមគោលដៅកំណត់កាលពីឆ្នាំ ២០២២។
ស្របពេលនេះដែរ មូលនិធិរូបិយវត្ថុអន្តរជាតិបាននិយាយថា ប្រទេសចិននឹងក្លាយជាកត្តាជំរុញកំណើនសេដ្ឋកិច្ចពិភពលោកដ៏ធំបំផុតក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ពោលគឺនឹងកើនលើសពីការរួមចំណែករបស់សហរដ្ឋអាមេរិក ដល់ទៅ ២ ដងឯណោះ។ បើតាមទិន្នន័យរបស់មូលនិធិរូបិយវត្ថុពិភពលោក ដែលគណនាដោយ ប្លូមប៊ើក, ប្រទេសចិននឹងរួមចំណែក ២២,៦% នៃផលិតផលក្នុងស្រុកសរុបលើពិភពលោក ខណៈដែលឥណ្ឌានឹងរួមចំណែក ១២,៩%, អាមេរិក ១១,៣% ហើយពាក់កណ្ដាលនៃកំណើនសេដ្ឋកិច្ចពិភពលោកនឹងបានមកតែពីប្រទេសចិន ឥណ្ឌា អាមេរិក និងឥណ្ឌូនេស៊ី តែប៉ុណ្ណោះ។
ប្រទេសឥណ្ឌូនេស៊ី អាល្លឺម៉ង់ តួកគី និងជប៉ុន នឹងមានចំណែកទៅដល់កំណើនសេដ្ឋកិច្ចពិភពលោក ក្នុងអត្រាមិនដល់ ៣,៦% ទេ ចំពោះប្រទេសនីមួយៗ។
មូលនិធិរូបិវត្ថុអន្តរជាតិក៏បានរំពឹងដែរថា ការរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចពិភពលោក ពីសំណាក់ប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន នឹងជែងក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនជាងគេទាំង ៧ នៅក្នុងលោក៕