ប្រទេសចិន

កំណើន GDP របស់ចិនសម្រេចបាន៦,២% នៅត្រីមាសទី២ ប៉ុន្ដែ នៅតែមានទាបជាងការព្យាករ


សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង ៦,៣%នៅក្នុងត្រីមាសទី២នៅឆ្នាំនេះបើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយការកើនឡើងនេះ គឺដោយសារតែការស្ទុះងើបឡើងវិញនៃការលក់រាយ និងវិស័យសេវាកម្ម ហើយមួយផ្នែកទៀតក៏ដោយសារឥទ្ធិពលមូលដ្ឋានកំណើនទាបដែលធ្លាប់មានពីមុន។ ទោះយ៉ាងណា កំណើនសេដ្ឋកិច្ច ៦,៣% នេះ គឺនៅតែមានទាបជាងអ្វី ដែលស្ថាប័នមួយចំនួនបានព្យាករទុក។ នេះបើតាមសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
GDP ចិនកើនឡើងជាង ៦%នៅក្នុងត្រីមាសទី២ឆ្នាំនេះ ដោយសារអ្វី?

កំណើនផលិតផលក្នុងស្រុកសរុប ៦,៣%ដែលបានប្រកាសដោយការិយាល័យស្ថិតិ របស់ប្រទេសចិននៅថ្ងៃចន្ទទី ១៧ ខែកក្កដា គឺជាកម្រិតមួយ ទាបជាងការព្យាករទីផ្សារ របស់ស្ថាប័ន Nikkei និង Quick ដែលថា ជាមធ្យមកំណើនសេដ្ឋកិច្ចចិននៅត្រីមាសទី២ អាចនឹងមានអត្រាជិត៧% ឬកើនលើសត្រីមាសទី១ ៤,៥% ។
ប្រទេសចិន បានប្រកាសពីកំណើនសេដ្ឋកិច្ចទាបត្រឹម ០,៤%នៅក្នុងត្រីមាសទី២នៃឆ្នាំមុនដោយសារការបិទខ្ទប់ជំងឺកូវីដ១៩ បានរឹតបន្តឹងដល់សកម្មភាពអាជីវកម្ម ហើយកត្តាមូលដ្ឋានកំណើនទាបកាលពីឆ្នាំមុននេះ ក៏បានជួយរក្សាកំណើនសេដ្ឋកិច្ចចិននៅឆ្នាំនេះ ឲ្យនៅមានអត្រាខ្ពស់ដែរ បើទោះបីជាមិនបានដល់កម្រិតដែលបានព្យាករទុកក៏ដោយចុះ។
ទិន្នន័យបឋមបានបង្ហាញថា ការនាំចេញរបស់ចិនបានធ្លាក់ចុះជាង៥% ហើយការនាំចូលបានធ្លាក់ចុះជិត៧% នៅត្រីមាសទី២នេះ ខណៈដែលពាណិជ្ជកម្មជាមួយទីផ្សារគោលដៅសំខាន់ៗរួមទាំងសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុបព្រមទាំងអាស៊ីអាគ្នេយ៍បានធ្លាក់ចុះយ៉ាងខ្លាំង។ ចំពោះការនាំចេញទៅអាមេរិកបានធ្លាក់ចុះជិត១៧% ខណៈដែលការនាំចូលបានធ្លាក់ចុះជិត៦%។
មានការយល់ស្របគ្នាមួយនៅក្នុងចំណោមអ្នកសេដ្ឋកិច្ចដែលថា ការរើបឡើងនៃសេដ្ឋកិច្ចឡើងវិញនៅក្រោយពេលជំងឺរាតត្បាតរបស់ប្រទេសចិនត្រូវបានរំខានដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចជាសាកល ក៏ដូចជាការធ្លាក់ចុះតម្រូវការក្នុងស្រុកផងដែរ។

លោក Harry Murphy Cruise សេដ្ឋវិទូនៅស្ថាប័នវិភាគ Moody’s បានអះអាងថា ការងើបឡើងវិញរបស់ចិន កំពុងស្ថិតក្នុងស្ថានភាពអាក្រក់ទៅៗហើយ ដោយលោកបានលើកឡើងពីបញ្ហាប្រឈមជាច្រើននៅក្នុងប្រទេសនេះ រួមមានទំនុកចិត្តអ្នកប្រើប្រាស់ចុះអន់ថយ ហើយអាជីវកម្មមួយចំនួនហាក់នៅស្ទាក់ស្ទើរនៅក្នុងការបង្កើនផលិតកម្ម និងការវិនិយោគរបស់ពួកគេជាដើម។
យ៉ាងណាមិញ នៅក្នុងការស្ទង់មតិរបស់ទស្សនវិស័យពាណិជ្ជកម្មចិន (China Business Outlook) រៀបចំធ្វើដោយទីភ្នាក់ងារវាយតម្លៃ S&P ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី១៦ ខែកក្កដាបានបង្ហាញថា ទំនុកចិត្តអ្នកប្រើប្រាស់ នៅក្នុងចំណោមអ្នកឆ្លើយសំណួរស្ទង់មតិបានធ្លាក់ចុះពី ៣៤%កាលពីខែកុម្ភៈ មកនៅត្រឹម ២៣% ហើយចំនួននេះក៏ទាបជាង២៨%នៅក្នុងកម្រិតពិភពលោកផងដែរ។
លោកស្រី អាណាបេល ហ្វីដេស (Annabel Fiddes) នាយកទីភ្នាក់ងារវាយតម្លៃ S&P បាននិយាយថា ផែនការជួលបុគ្គលិក និងការវិនិយោគក៏ត្រូវបានកាត់បន្ថយផងដែរបើប្រៀបធៀបទៅនឹងខែកុម្ភៈកន្លងទៅ ដោយលោកស្រីបានបន្ថែមថា អ្នកឆ្លើយសំណួរនៅក្នុងការស្ទង់មតិ បានរំពឹងថា តម្លៃលក់នឹងកើនឡើងក្នុងល្បឿនយឺតដោយសារតែសម្ពាធអតិផរណាធ្លាក់ចុះកាន់តែទាប។
យ៉ាងណាមិញ បើគិតនៅក្នុងរយៈពេល ១ ឆមាសឆ្នាំ២០២៣ សេដ្ឋកិច្ចចិនបានកើនឡើង ៥,៥% គាំទ្រដោយសកម្មភាពនៅក្នុងវិស័យលក់រាយ ដូចជា កន្លែងស្នាក់នៅ និងសេវាព័ត៌មានជាដើម។
រដ្ឋាភិបាលក្រុងប៉េកាំងបានព្យាករថា កំណើនសេដ្ឋកិច្ចចិននៅពេញមួយឆ្នាំ២០២៣ នឹងមាន ៥% ដែលអត្រានេះ ជាគោលដៅកំណើនទាបបំផុតមួយ បន្ទាប់ពីសេដ្ឋកិច្ចរបស់ចិនបានកើនឡើងត្រឹមតែ ៣%ប៉ុណ្ណោះកាលពីឆ្នាំ២០២២ ហើយវា គឺជាកំណើនប្រចាំឆ្នាំអាក្រក់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ៕
អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅទីផ្សារវៀតណាម ធ្លាក់ចុះជិត១៤% នៅឆមាសទី១ ឆ្នាំ២០២៣នេះ

ព័ត៌មាន
ប្រទេសវៀតណាម គឺទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីឆៅដ៏ធំបំផុតរបស់កម្ពុជា ខណៈកន្លងមក កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ប្រទេសក្បែរខាងមួយនេ…

ឥណ្ឌូនេស៊ី កំពុងស្វះស្វែងរកទីផ្សារថ្មី ដើម្បីកាត់បន្ថយការនាំចូលសាច់គោពីអូស្រ្តាលី

ព័ត៌មាន
ប្រទេសឥណ្ឌូនេស៊ី ដែលគេស្គាល់ថា ជាប្រទេសកាន់សាសនាមូស្លីម ដែលមានប្រជាពលរដ្ឋច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះ បានដាក់ផែនការកាត់បន្ថយក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ