តើមានហេតុផលអ្វីខ្លះ ដែលធ្វើឲ្យការចំណាយលើការធ្វើដំណើរកម្សាន្ដពលរដ្ឋចិនធ្លាក់ចុះ? មែនទែនទៅ ការធ្លាក់ចុះនេះ មិនមែនដោយសារការរឹតបន្តឹងការធ្វើដំណើរដែលបង្កឡើងដោយមេរោគឆ្លងថ្មីៗតែមួយនោះទេ ប៉ុន្តែដោយសារការធ្លាក់ចុះប្រាក់ចំណូលរបស់ពលរដ្ឋ ការដំឡើងពន្ធ និងការធ្លាក់ចុះតម្លៃអចលនទ្រព្យនៅក្នុងប្រទេសសេដ្ឋកិច្ចធំទី២របស់ពិភពលោកមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាហកកប៉ុស្ដិ៍។
ការកម្រើកឡើងជាថ្មីនៃមេរោគកូវីដ១៩នៅចិន បានធ្វើឱ្យប្រជាជនចិនហាក់រារែក មានការបារម្ភអំពីការឆ្លងជំងឺនេះ ហើយវាក៏ត្រូវបានគេមើលឃើញថា ទំនងជាកត្តាមួយនៅពីក្រោយការធ្លាក់ចុះនៃការធ្វើដំណើរកម្សាន្តនៅក្នុងថ្ងៃឈប់សម្រាកពេញមួយសប្តាហ៍ដែលបានថ្ងៃទី ១ តុលាដល់ ៧ តុលា ដែលគេហៅថា សប្ដាហ៍មាស។ ទោះយ៉ាងណាក៏ដោយ ពលរដ្ឋចិនជាច្រើនក៏បាននិយាយថា បញ្ហាមេរោគនេះមិនមែនជាកង្វល់ធំសម្រាប់ពួកគេនោះទេ កង្វល់ដែលពួកគេភ័យខ្លាចនោះ គឺភាពទន់ខ្សោយនៃសេដ្ឋកិច្ចចិន។
លោក ស៊ូវ មីងឈី ស្ថាបនិកទីប្រឹក្សាឧស្សាហកម្មទេសចរណ៍របស់ចិន បាននិយាយថាការធ្លាក់ចុះនៃការចំណាយលើមនុស្សម្នាក់ៗក្នុងចំណោមភ្ញៀវទេសចរចិន ក៏អាចឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃសេដ្ឋកិច្ចចិនផងដែរ។
ដោយឡែក ក្រុមអ្នកវិភាគបានលើកឡើងថា ការត្បិតត្បៀតការចំណាយរបស់ពលរដ្ឋចិននៅឆ្នាំនេះ បានបង្ហាញពីសញ្ញាគ្រោះថ្នាក់នៃការវិវដ្ដរបស់កំណើនសេដ្ឋកិច្ចចិនដែលកំពុងមានសញ្ញាដើរយឺតជាងការរំពឹងទុក ហើយថែមទាំងបង្ហាញឱ្យឃើញពីភាពមិនប្រាកដប្រជានៃការរស់ឡើងវិញក្នុងវិស័យទេសចរណ៍ផងដែរ។
ដោយឡែក វិស័យបដិសណ្ឋារកិច្ចរបស់ប្រទេសចិនបានទទួលរងនូវការធ្លាក់ចុះ ដោយសារតែតម្រូវការ និងការផ្គត់ផ្គង់ផ្សេងៗថយចុះ ក៏ដូចជាឥទ្ធិពលនៃយុទ្ធសាស្ត្រ គ្មានកូវីដ “Zero-Covid” របស់ទីក្រុងប៉េកាំង។
សូមជម្រាបថា ការត្បិតត្បៀតក្នុងការចំណាយរបស់ពលរដ្ឋចិន មានមួយចំណែក ក៏ដោយសារតែពួកគេត្រូវចំណាយលើការធានារ៉ាប់រងសង្គមក្នុងប្រទេសចិនបានកើនឡើងចាប់តាំងពីខែកក្កដាមកម្ល៉េះ ក្នុងនោះ ការចូលរួមចំណែកពីនិយោជកកើនឡើងដល់ ១៦% និងនិយោជិកកើនឡើង ១៧% ។ ហើយកាលពីឆ្នាំមុនរដ្ឋក៏បានដំឡើងពន្ធលើប្រាក់ចំណូលបុគ្គលផងដែរ៕
អត្ថបទ៖ ស៊ើង និមល់