កិច្ចពិភាក្សារបស់ប្រមុខថ្នាក់ដឹកនាំចិន និងជប៉ុននេះ គឺជាលើកដំបូងហើយ នៅក្នុងរយៈពេលជិត៣ឆ្នាំមកនេះ ហើយវាធ្វើឡើង ចំពេលដែលភាពតានតឹងក្នុងតំបន់កំពុងកើនឡើងកាន់តែខ្លាំងដោយសារតែមហិច្ឆតាក្រសោបយកដែនសមុទ្ររបស់ទីក្រុងប៉េកាំង ពិសេសបញ្ហាស្ថាការណ៍ដ៏ក្ដៅនៅច្រកសមុទ្រកោះតៃវ៉ាន់ សមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើតតែម្តង។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗ។
Story: ស្រង់សម្តីដោយទូរទស្សន៍រដ្ឋចិន CCTV លោក ស៊ី បានប្រាប់លោក គីស៊ីដា មេដឹកនាំជប៉ុនថា ទីក្រុងប៉កាំង និងតូក្យូគួរតែបង្កើនការជឿទុកចិត្តគ្នាលើវិស័យសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់ ដើម្បីទប់ទល់នឹង «ជម្លោះ និងការប្រឈមមុខគ្នា»។
បុរសខ្លាំងរដ្ឋចិនរូបនេះបាននិយាយថា «បញ្ហាតៃវ៉ាន់ចាំបាច់ត្រូវដោះស្រាយឱ្យបានត្រឹមត្រូវ និងដោយស្មោះត្រង់ ព្រោះវាប៉ះពាល់ដល់មូលដ្ឋានគ្រឹះនយោបាយ និងការជឿទុកចិត្តជាមូលដ្ឋាននៃទំនាក់ទំនងចិន-ជប៉ុន»។
ទោះជាយ៉ាងណាក៏ដោយ លោក ស៊ី បានគូសបញ្ជាក់ប្រាប់លោក គីស៊ីដា ថា «ចំពោះបញ្ហាជម្លោះដែនសមុទ្រ និងព្រំដែនទឹក យើងគួរតែគោរពតាមការឯកភាពនៃគោលការណ៍ដែលបានសម្រេចរួចហើយ នោះវាជាការបង្ហាញឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តក្នុងការគ្រប់គ្រងស្ថានការការប្រឈមមុខដាក់គ្នាឱ្យបានត្រឹមត្រូវ»។
លោក គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំទល់មុខជាមួយនឹងលោក ស៊ី ជីនពីង ដោយរលឹកឡើងវិញនូវ «សារៈសំខាន់នៃសន្តិភាព និងសន្តិសុខនៅច្រកសមុទ្រតៃវ៉ាន់។ ហើយលោកក៏បានបង្ហាញពីការព្រួយបារម្ភទៅកាន់ប្រទេសចិនទាក់ទិននឹងស្ថានការនៅសមុទ្រចិនខាងកើត រួមទាំងប្រជុំកោះ សិនកាគូ (Senkaku) ក៏ដូចជាវត្តមានយោធារបស់ចិននៅទីនោះផងដែរ»។
ជាការពិត ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ភាពតានតឹងក្នុងតំបន់បាននិងកំពុងកើនឡើងជុំវិញកោះតៃវ៉ាន់ ដែលក្រុងប៉េកាំងអះអាង ថាជាទឹកដីរបស់ខ្លួន ហើយចិនក៏មិនដែលបោះបង់គោលគំនិតប្រើកម្លាំងយោធាដើម្បីធ្វើការបង្រួបបង្រួមជាមួយតៃវ៉ាន់នោះដែរ។
ភ្លាមៗ ខាងកោះតៃវ៉ាន់ឯណោះវិញ ក៏បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានសំដែងព្រួយបារម្ភនេះនៅចំពោះមុខប្រធានាធិបតីចិន ដោយក្រុងតៃប៉ិនិយាយថា ខ្លួនតែងតែស្វាគមន៍រាល់ការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ចំពោះស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ និងការអនុម័តវិធានការវិជ្ជមានដែលនឹងជួយរក្សាសន្តិភាពក្នុងតំបន់។
តាមការយល់ឃើញរបស់លោកស្រី Rumi Aoyama សាស្ត្រាចារ្យផ្នែកគោលនយោបាយការបរទេសចិននៅសាកលវិទ្យាល័យ Waseda បាននិយាយថា លោក Xi នៅតែអង្គុយពិភាក្សាជាមួយលោក Kishida នៅតុកិច្ចប្រជុំនៅទីក្រុងបាងកក បើទោះបីជា មានការរិះគន់ដោយបើកចំហប៉ុន្មានថ្ងៃមុនក៏ដោយ។
លោកស្រី រូមី សង្កត់ធ្ងន់ថា «ការរៀបចំកិច្ចពិភាក្សានេះ គឺជាសមិទ្ធិផលដ៏សំខាន់មួយដែលត្រូវមានសម្រាប់គោលនយោបាយការបរទេសចិន ហើយក៏បង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងរបស់ប្រទេសចិនជាមួយប្រទេសជប៉ុនផងដែរ នៅពេលដែលសេដ្ឋកិច្ចរបស់ខ្លួនកំពុងតស៊ូជាមួយនឹងគោលនយោបាយគ្មានកូវីដដ៏តឹងតែងរបស់ខ្លួននោះ៕