សារព័ត៌មាន CCTV របស់ចិន បានឲ្យដឹងថា វិនិយោគិនធំៗកាន់តែច្រើនឡើងៗ បានសម្លឹងឃើញប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ធ្វើជាទីតាំងផលិត និងខ្សែសង្វាក់ផ្គត់ផ្គង់ ដោយមានការចំណាយថ្លៃដើមទាប និងអាចទាញផលចំណេញបានកាន់តែប្រសើរពីការវិនិយោគ ខណៈជម្លោះពាណិជ្ជកម្មរវាងមហាអំណាចចិន និអាមេរិក នៅតែមិនទាន់បានដោះស្រាយនៅឡើយ។
តាមការស្ទាបស្ទង់របស់ វេទិការហិរញ្ញវត្ថុអាស៊ី (Asian Financial Forum) បានឲ្យដឹងថា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ កំពុងទទួលបានការវិនិយោគពីក្រៅប្រទេសកាន់តែច្រើនឡើងៗ ហើយក៏កំពុងក្លាយជាតំបន់ទីតាំងផលិតដ៏ល្អបំផុតសម្រាប់នាំចេញទៅចិន និងអាមេរិក។
ប្រភពព័ត៌មានចិនដដែលបានបញ្ជាក់ទៀតថា មានក្រុមហ៊ុនធំៗមួយចំនួន បានផ្លាស់ប្ដូរខ្សែសង្វាក់ផ្គត់ផ្គង់ និងការផលិតរបស់ខ្លួនទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ពិសេស គឺប្រទេសឥណ្ឌូនេស៊ី និងវៀតណាម ដែលបានបង្កើតនូវឱកាសជាច្រើនសម្រាប់ប្រជាជននៅក្នុងតំបន់នោះ។
អ្នកសេដ្ឋកិច្ចឥណ្ឌូនេស៊ីមួយរូប បាននិយាយថា ប្រទេសតំបន់អាស៊ីអាគ្នេយ៍ គឺមានសេដ្ឋកិច្ចរឹងមាំ ដូចដែលបានដឹងហើយ នៅឆ្នាំ២០១៩ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានរំពឹង លើកំណើនសេដ្ឋកិច្ចខ្លាំងក្លានៃប្រទេស ៥នៅអាស៊ាននេះ។
ដោយឡែក នៅប្រទេសសាំងហ្គាពួរវិញ អ្នកជំនាញរៀបចំគោលនយោបាយ និងធុរជនជាច្រើនក៏បានជួបពិភាក្សាគ្នាជុំវិញនឹងរឿង ជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិកនេះដែរ ដោយពួកគេខ្លះ នៅតែមានសុទិដ្ឋិនិយមថា ការព្រមព្រៀងគ្នាលើការដោះស្រាយជម្លោះនេះ អាចនឹងត្រូវបានធ្វើឡើងនៅដើមខែមីនាខាងមុខ។
លោក George Yeo អតីតរដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរីបាននិយាយថា ទំនាក់ទំនងរវាងអាមេរិក និងចិន គឺជាផ្នែកមួយសំខាន់ណាស់ នៃទំនាក់ទំនងទ្វេភាគីនៅក្នុងពិភពលោក ហើយសាំងហ្គារពួរ ក៏ដូចជា ប្រទេសអាស៊ានផ្សេងទៀតដែរ គឺកំពុងយកចិត្ដទុកដាក់យ៉ាងខ្លាំង។
លោកបន្ថែមថា បើវាជា សន្តិភាពត្រជាក់ នោះសេដ្ឋកិច្ចសកលនឹងត្រូវបានប៉ះទង្គិច។ ប៉ះទង្គិចត្រង់ថា សេដ្ឋកិច្ចសកលកំពុងតែដល់ពេលវេលាមួយ ដែលនឹងត្រូវដាំក្បាលចុះ។ ប៉ុន្ដែ បើវាជាសង្គ្រាមត្រជាក់វិញ នោះប្រទេសនៅអាស៊ាន អាចនឹងត្រូវជ្រើសរើសយកខាងណាមួយ ដែលវាជាការលំបាកណាស់ក្នុងការសម្រេចចិត្តនេះ។
ជាយុទ្ធសាស្ត្រឈ្នះឈ្នះ លោក Yeo បានបញ្ជាក់ថា ប្រទេសអាស៊ានមិនត្រូវឈរឱបដៃមើលរឿងហេតុដែលកើតឡើងនោះទេ ប៉ុន្ដែត្រូវខំធ្វើឲ្យខ្លាំង ដើម្បីទាញប្រយោជន៍ពីប្រទេសមហាអំណាចទាំងពីរនេះ៕