ក្រុមហ៊ុន Chen’s Sun Trade ជាក្រុមហ៊ុនផ្តោតលើការនាំចេញផ្លែឈើស្រស់ ដោយក្នុងនោះ កន្លងមកក្រុមហ៊ុនចិនមួយនេះ បានផ្គត់ផ្គង់ផ្លែឈើចំនួន១០០មុខ ទៅកាន់ប្រទេសចំនួន៤០ ហើយផ្លែឈើភាគច្រើន គឺនាំមកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
នៅក្នុងជំនួបជាមួយនឹងឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មកាលពីពេលថ្មីៗនេះ លោក Zhu Yonggang អនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Chen’s Sun Trade Co., Ltd បានបញ្ជាក់ថា ដោយមើលឃើញពីសក្តានុពល និងលក្ខខណ្ឌអំណោយផលច្រើនក្នុងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដូចជាលក្ខខណ្ឌអាកាសធាតុ ដីមានជីជាតិនិងទំនេរច្រើន ការដាំដុះភាគច្រើនធ្វើតាមបែបប្រពៃណី និងផ្លែឈើរបស់កម្ពុជាមានរសជាតិឆ្ងាញ់ ប៉ុន្ដែមិនមានឱកាសច្រើនក្នុងការនាំចេញនិងមិនអាចនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិនបាននោះ បានជំរុញឲ្យក្រុមហ៊ុនលោក មានបំណងវិនិយោគនៅប្រទេសកម្ពុជាដោយចង់បង្កើតសួនកសិ-ឧស្សាហកម្ម និងមានចក្ខុវិស័យក្នុងការវិនិយោគដោយគិតចាប់តាំងពីដំណាក់កាលផលិត កែច្នៃ រហូតដល់ការនាំចេញទៅកាន់ប្រទេសចិន និងបរទេសផ្សេងទៀត។ ហើយក្រុមហ៊ុននឹងនាំចូលបច្ចេកវិទ្យា និងបច្ចេកទេសដើម្បីរក្សាគុណភាពនៃការដាំដុះ ព្រមទាំងបណ្តុះបណ្តាលកសិករ ក៏ដូចជាអ្នកពាក់ព័ន្ធអំពីបច្ចេកវិទ្យា និងបច្ចេកទេសទាំងនេះផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានស្នើឱ្យក្រុមហ៊ុន Chen’s Sun Trade Co., Ltd ដែលបង្ហាញពីគោលបំណងវិនិយោគនៅកម្ពុជា គួពិចារណាលើយន្តការចំនួន០៣ គឺទី១៖ ស្វែងរកដីវិនិយោគដោយខ្លួនឯងដើម្បីធ្វើផលិតកម្មជាលក្ខណៈប្រមូលផ្តុំ ពោលគឺមានផ្ទៃដីធំ ងាយស្រួលក្នុងដំណើរការផលិតកម្ម និងគ្រប់គ្រង។ ទី២៖ ក្នុងករណីវិនិយោគលើដីមានស្រាប់របស់កសិករ គួររៀបចំជាកិច្ចសន្យាផលិតកម្ម ទិញ-លក់ និងផ្តល់បច្ចេកទេសដល់កសិករក្នុងអំឡុងពេលនៃការអនុវត្ត។ និងទី៣៖ ត្រូវបង្កើតរោងចក្រកែច្នៃ ជាពិសេសសម្រាប់កសិផលលេខ២ ដែលជាកសិផលនៅសល់ ឬមិនអាចនាំចេញទៅក្រៅប្រទេសបាន។ ឯកឧត្តមប្រតិភូសង្ឃឹមយ៉ាងមុតមាំថា ប្រសិនបើចំណុចដែលបានលើកឡើងខាងលើ អាចអនុវត្តទៅបាន នោះអនុវិស័យដំណាំផ្លែឈើនឹងមានការរីកចម្រើនខ្លាំងនៅប្រទេសកម្ពុជា។
ឯកឧត្តមបណ្ឌិត ងិន ឆាយ បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នកម្ពុជាបាននាំចេញកសិផលទៅកាន់ប្រទេសចិនចំនួន ៣៣មុខ ដោយក្នុងនោះ ផលិតផលសំខាន់ៗរួមមាន អង្ករ ចេក ដំឡូងមី និងពោតជាដើម។ ថ្មីៗនេះ កម្ពុជាបានសម្រេចដោយជោគជ័យនូវការចរចាលក្ខខណ្ឌភូតគាមអនាម័យដើម្បីនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន ហើយកម្ពុជាកំពុងបន្តការចរចាជាមួយប្រទេសចិនដើម្បីនាំចេញកសិផលចំនួន០៤មុខ បន្ថែមទៀតដែលមានសក្តានុពលនៅកម្ពុជា និងមានតម្រូវការខ្ពស់នៅប្រទេសចិនគឺ ដូងក្រអូប ម្រេច ទុរេន និងទឹកមាត់ត្រចៀកកាំ។
ទន្ទឹមនឹងសក្តានុពលលើអនុវិស័យដំណាំ ប្រទេសកម្ពុជាក៏នៅមានចំណុចខ្សោយពាក់ព័ន្ធនឹងអនុវិស័យនេះ ដោយកម្ពុជាមិនមានការវិនិយោគលើខ្សែចង្វាក់គ្រប់ជ្រុងជ្រោយ ដូចនេះកម្ពុជាត្រូវជួបប្រទះនូវបញ្ហាប្រឈមជាច្រើនទាំងផ្នែកផលិតកម្ម ការវេចខ្ចប់ ទីផ្សារ និងការនាំចេញកសិផលទៅក្រៅប្រទេស និងបញ្ហាមួយចំនួនទៀតដូចជា ការដឹកជញ្ជូន និងអគ្គិសនីដែលមានតម្លៃខ្ពស់ផងដែរ៕អត្ថបទ សោម ស្រីពេជ្រ