ការវិនិយោគចិននៅកម្ពុជា

ជនជាតិចិនជាច្រើនសម្រុកចាកចេញពីខេត្តព្រះសីហនុ ក្រោយរាជរដ្ឋាភិបាលចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេស


ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេសកាលពីពេលថ្មីៗនេះមក គេសង្កេតឃើញថាមានជនជាតិចិនជាច្រើននាក់បានចាកចេញពីប្រទេសកម្ពុជា ដោយក្នុងនោះភាគច្រើន គឺជាជនជាតិចិនដែលស្នាក់នៅក្នុងខេត្តព្រះសីហនុ។ ការសម្រុកចាកចេញរបស់ជនជាតិចិនពីខេត្តព្រះសីហនុនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តព្រះសីហនុ គូសបញ្ជាក់ថា នៅក្រោយពេលមានការធ្វើការចុះត្រួតពិនិត្យរបស់អាជ្ញាធរខេត្ត នៅតាមទីកន្លែងអាជីវកម្មខុសច្បាប់ជាច្រើន។
រូបភាពពាក់ព័ន្ធនឹងការចុះបង្ក្រាប​ល្បែងអនឡាញខុសច្បាប់ពីសំណាក់អាជ្ញាធរនាពេលកន្លងមក (ហ្វេសប៊ុក)
ដោយ

បន្ថែមពីនេះ ការចាកចេញរបស់ជនជាត់ចិននេះដែរ ត្រូវបានមន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា វាអាចនឹងមានការប៉ះពាល់ខ្លះដល់សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ប៉ុន្ដែ វាក៏ជាឱកាសមួយសម្រាប់ការគ្រប់គ្រងសន្ដិសុខ សណ្ដាប់ធ្នាប់សង្គមឡើងវិញផងដែរ។

ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះគឺសង្កេតឃើញមាន ជនជាតិចិនជាច្រើនបានចាកចេញពីខេត្តព្រះសីហនុ នៅក្រោយពេលមានការ ធ្វើប្រតិបត្តិការចុះត្រួតពិនិត្យរបស់អាជ្ញាធរខេត្តព្រះសីហនុ នៅតាមទីតាំងអាជីវកម្មខុសច្បាប់មួយចំនួននៅក្នុងខេត្តព្រះសីហនុ។ ជាក់ស្តែង តាមរយៈការចុះប្រតិបត្តិការត្រួតពិនិត្យនេះ អាជ្ញាធរគឺបានរកឃើញមានជនបរទេសមួយចំនួន ដែលបានខុសច្បាប់ការងារ និងខុសច្បាប់អន្តោប្រវេសន៍ និងបញ្ហាផ្សេងៗទៀតជាដើម។ ទន្ទឹមនឹងការចាកចេញរបស់ជនជាតិចិនពីខេត្តព្រះសីហនុនេះ ឯកឧត្តម ឡុង ឌីម៉ង់ បានអះអាងថា មិនថាតិច ឬច្រើននោះទេ ប្រាកដណាស់វាអាចប៉ះពាល់ដល់សេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុមួយចំនួនផងដែរ ប៉ុន្តែវាជាឱកាសមួយសម្រាប់ការគ្រប់គ្រងនូវសន្ដិសុខ សណ្ដាប់ធ្នាប់សង្គមឡើងវិញផងដែរ ដោយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ មានការប្តេជ្ញាចិត្តខ្ពស់ធ្វើយ៉ាងណា ដើម្បីឲ្យមានការគ្រប់គ្រង ក៏ដូចជាពង្រឹងនូវនីតិរដ្ឋនៅក្នុងខេត្តព្រះសីហនុ។

ទោះយ៉ាងណា អាជ្ញាធរខេត្តព្រះសីហនុ មិនមានរបាយការណ៍ជាក់លាក់ពីចំនួនជនជាតិចិន ដែលបានចាកចេញពីខេត្តព្រះសីហនុ នៅក្រោយពេលមានបទបញ្ជាឲ្យមានការបង្ក្រាបពាក់ព័ន្ធនឹងអាជីវកម្មល្បែងខុសច្បាប់នោះទេ។

គេនៅចាំបានថា កន្លងមក ឆ្នាំ២០១៩កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចឈប់ផ្ដល់អាជ្ញាប័ណ្ណសម្រាប់អាជីវកម្មបើកល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក និងតាមអ៊ីនធឺណែតទាំងក្នុង និងក្រៅប្រទេស ដោយលើកហេតុផលថា អាជីវកម្មប្រភេទនេះបានជួយផ្ដល់ឱកាសឱ្យជនបរទេសក្នុងការលាក់ខ្លួនធ្វើសកម្មភាពបទល្មើសជំរិតទារប្រាក់ពីជនរងគ្រោះ។ នៅអំឡុងពេល នោះ ក៏មានជនជាតិចិនជាច្រើន បានសម្រុកចាកចេញពីកម្ពុជាជាច្រើនផងដែរ។

ការចាកចេញពីសំណាក់ជនជាតិចិន គួបផ្សំនឹងវិបត្តិកូវីដ១៩ផងដែរនោះ បានធ្វើឲ្យការវិនិយោគនៅក្នុង ខេត្តព្រះសីហនុស្ថិតក្នុងភាពជាប់គាំង ដោយក្នុងនោះ មានអគារជាង១ពាន់ត្រូវបានជាប់គាំងការសាងសង់ ក្រោយអ្នកវិនិយោគភាគច្រើនជាជនជាតិចិនបានបោះបង់ការសាងសង់។

អគារជាប់គាំងទាំងនេះកំពុងក្លាយជាវិញ្ញាសារ ដែលទាមទារឲ្យរដ្ឋបាលខេត្តព្រះសីហនុ និងរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងដោះស្រាយ។ បើពុំនោះទេអគារជាប់គាំងទាំងនេះអាចនឹងធ្វើឲ្យប៉ះពាល់ដល់ផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងរបស់រាជរដ្ឋាភិបាល ដែលកំពុងគូសផែនទី និងរៀបចំផែនការមេដើម្បីអភិវឌ្ឍន៍ផងដែរ។

ទោះយ៉ាងណា ពាក់ព័ន្ធបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុនេះដែរ ត្រូវបាន ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថបានគូសបញ្ជាក់នាពេលថ្មីៗនេះថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងធ្វើការងារលើបញ្ហានេះ តាមរយៈការចាត់ឲ្យក្រុមជំនាញចម្រុះរវាងក្រសួងសេដ្ឋកិច្ច និងរដ្ឋបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យ និងវាយតម្លៃពីស្ថានភាពនៃអគារជាប់គាំងទាំងនោះ។ ឯកឧត្តម ជឿជាក់ថា បញ្ហាអគារជាប់គាំងនៅខេត្តព្រះសីនុ នឹងត្រូវដោះស្រាយរួចរាល់ មុនការដាក់ចេញនូវផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង៕

None



អត្ថបទបន្ទាប់


អេស៊ីលីដា ជាធនាគារពាណិជ្ជខ្មែរ ដែលបានចូលរួមឧបត្ថម្ភ សម្រាប់វេទិកាហិរញ្ញប្បទាន SME សកលឆ្នាំ២០២២នៅកម្ពុជា

វេទិកាហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម សកលលោក លើកទី៩ ឆ្នាំ២០២២ បានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ នៅរាជាធានីភ្នំពេញ ដោយកម្មវិធីលំដាប់អន្តរជាតិ…

តើដំណើរការដេញថ្លៃមូលបត្របំណុលលើកទី២ ក្នុងទំហំទឹកប្រាក់ជិត៥០លានដុល្លារ សម្រេចបានលទ្ធផលយ៉ាងណា?

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបានបន្តប្រកាសការដេញថ្លៃមូលបត្របំណុលលើកទី២ របស់ខ្លួន ដែលមានទំហំទឹកប្រាក់ជិត៥០លានដុល្លារ។ យ៉ាងណាមិញ ចំពោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ