![៣ថ្ងៃទៀត ធនាគារអេស៊ីលីដានឹងបិទដំណាក់កាល Book Buliding សម្រាប់ការទិញភាគហ៊ុនរបស់ខ្លួន](https://cdn.cambonomist.com/media/images/01.2e16d0ba.fill-960x540.jpg)
លោកបណ្ឌិត អិុន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានឲ្យដឹងថា ការធ្វើ Roadshow ចំនួន២លើកកន្លងមកនេះ បានផ្តល់ព័ត៌មានគ្រប់គ្រាន់ហើយ ដើម្បីបង្ហាញព័ត៌មានលម្អិតដល់វិនិយោគិនសាធារណៈទាំងអស់ និងផ្តល់ពេលវេលាគ្រប់គ្រាន់ មុននឹងសម្រេចចិត្តវិនិយោគជាមួយអេស៊ីលីដា។
លោកបណ្ឌិតបានបន្តថា « យើងមានការជឿជាក់លើអតិថិជន ដែលជាវិនិយោគិនដែលមានសក្តានុពល វិនិយោគិនឯកត្តជន វិនិយោគិនសាធារណៈ គឺយើងមានការទុកចិត្តខ្ពស់ ទៅលើការចាប់អារម្មណ៍របស់ Investorsនេះ (វិនិយោគិន)»។
លោកបណ្ឌិត អិុន ចាន់នី បានបញ្ជាក់ទៀតថា លោកមានតួលេខ ពីចំនួនអ្នកចូលរួមទិញភាគហ៊ុនអេស៊ីលីដា ក្នុងដំណាក់កាល Book Building នេះដែរ ប៉ុន្ដែ លោកថា លោកមិនទាន់អាចបញ្ចេញនូវព័ត៌មានទាំងនេះ បាននៅឡើយ រង់ចាំដល់ថ្ងៃបិទបញ្ចប់ ទើបប្រកាសតែម្ដងថាតើ វិនិយោគិនប៉ុន្មាននាក់បានទិញភាគហ៊ុនអេស៊ីលីដា និងតម្លៃហ៊ុន ត្រូវបានកំណត់ថា នឹងត្រូវលក់ក្នុងតម្លៃប៉ុន្មានជាក់លាក់។
![៣ថ្ងៃទៀត ធនាគារអេស៊ីលីដានឹងបិទដំណាក់កាល Book Buliding សម្រាប់ការទិញភាគហ៊ុនរបស់ខ្លួន](https://cdn.cambonomist.com/media/images/02_kw3VJKl.2e16d0ba.fill-960x540.jpg)
ចំពោះការកម្មវិធីធ្វើRoad Show២ដងនេះដែរ ត្រូវបានឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មាមូលបត្រកម្ពុជា បានបញ្ជាក់ថា ធនាគារអេស៊ីលីដាបានមានគម្រោងច្បាស់លាស់ណាស់ ដោយមានការពិភាក្សាគ្នាជាមួយក្រុមហ៊ុនធានាទិញផងដែរ។
ឯកឧត្តមឲ្យដឹងថា « តាមពិតទៅការធ្វើ Book Building ឬក៏ការ ផ្តល់ព័ត៌មាននេះ គឺយើងធ្វើរហូតតាំងពីថ្ងៃប្រកាសចាប់ផ្តើម មិនមែនផ្តល់ព័ត៌មានតែពេលធ្វើRoad Show ហ្នឹងទេ អញ្ចឹងគ្រប់វិនិយោគិនទាំងអស់ ដែលបន្ទាប់ពីមានការធ្វើបទបង្ហាញដំបូងនៅថ្ងៃទី០៣ ហើយមានចម្ងល់លោកបានបន្តសួររហូតមកខាងធនាគារក៏ដូចជាក្រុមហ៊ុនធានាទិញ ហើយរហូតដល់ថ្ងៃទី១៤ ក៏នៅតែបន្តសួរបានដែរ ហើយបើយើងនិយាយទៅ រយៈពេលនៃការផ្តល់ព័ត៌មាន និងការធ្វើ Book Building គឺយើងធ្វើរហូតជាប់ជាប្រចាំ មិនមែនផ្តល់ព័ត៌មានតែថ្ងៃ Road Showហ្នឹង ចប់ Road Show សួរអត់បាន អត់មានចម្លើយ អត់ទេ»។
![៣ថ្ងៃទៀត ធនាគារអេស៊ីលីដានឹងបិទដំណាក់កាល Book Buliding សម្រាប់ការទិញភាគហ៊ុនរបស់ខ្លួន](https://cdn.cambonomist.com/media/images/03_oAhe5p0.2e16d0ba.fill-960x540.jpg)
បើមិនមានអ្វីប្រែប្រួលទេ តាមការគ្រោងទុក ធនាគារអេស៊ីលីដានឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ខ្លួនជាផ្លូវការ ក្នុងផ្សារមូលបត្រកម្ពុជា នៅចុងខែមេសាឆ្នាំ២០២០នេះ។ ធនាគារ អេស៊ីលីដា ក៏ជាធនាគារ ពាណិជ្ជ ទី១ ដែលទទួលបានបានការអនុញ្ញាតបោះផ្សាយលក់ភាគហ៊ុន នៅក្នុងផ្សារមូលបត្រកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចាប់ផ្តើមដំណើរការប៊ុកបៀលឌីងជាផ្លូវការចាប់ពីថ្ងៃទី០៣ មីនា ដល់ ថ្ងៃទី១៤ មីនា ២០២០ និងបានកំណត់ថ្លៃមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) នៅក្នុងចន្លោះថ្លៃ ចាប់ពី ១៥.០០០ រៀល ដល់ ១៧.៤០០ រៀល ក្នុងមួយភាគហ៊ុន៕