លោក Chen Sihua មន្ត្រីជាន់ខ្ពស់របស់សមាគមយានយន្តប្រទេសចិនបាននិយាយថា កង្វះការផ្គត់ផ្គង់បន្ទះឈីបនេះ បានធ្វើឲ្យផលិតកម្មរថយន្តរបស់ប្រទេសចិនជួបបញ្ហាលំបាកកាលពីខែមុន។
ការលក់រថយន្តទូទាំងប្រទេសចិនបានត្រឹមតែ ២ លាន ២ម៉ឺនគ្រឿងប៉ុណ្ណោះនៅខែមិថុនា ហើយបើគិតក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២១ ការលក់លក់រថយន្តនៅចិនមានប្រមាណជិត១៣ លានគ្រឿង ពោលគឺកើនឡើងជាង ២៥% បើបៀបធៀបរយៈពេលដូចគ្នាកាលឆ្នាំមុន។
លោក Chen sihua បានបញ្ជាក់បន្ថែមទៀត បញ្ហាកង្វខាតការផ្គត់ផ្គង់បន្ទះឈីបបានប៉ះពាល់ខ្លាំងដល់ផលិតកម្មនៅក្នុងប្រទេសចិនកាលពីខែមិថុនា ប៉ុន្ដែ ជារួមវានៅតែផ្ដល់ឲ្យមានការងើបឡើងវិញនៃសេដ្ឋកិច្ច។ ជាមួយគ្នានេះ ការលក់រថយន្តប្រើប្រាស់ថាមពលថ្មីដូចជារថយន្តអគ្គិសនី និងរថយន្ដប្រភេទ Hybrids ដែលប្រើអាគុយផង សាំងផង គឺនៅតែរក្សាកំណើនខ្ពស់ ពោលគឺកើនឡើងជាង ១៣៩ ភាគរយ ដោយមានការលក់ដល់ទៅជាង ២៥ម៉ឺនគ្រឿងកាលពីខែមុន។
ក្រុម៊ុនរថយន្តប្រើប្រាស់ថាមពលថ្មីៗមួយចំនួននៅក្នុងប្រទេសចិន ក៏បានពង្រីកសមត្ថភាពរោងចក្រផលិតរបស់ខ្លួន ដោយទទួលបានលើកទឹកចិត្តដោយរដ្ឋាភិបាលចិនដើម្បីកាត់បន្ថយការបំពុលបរិស្ថានផងដែរ។ ការលក់យានយន្តប្រភេទថ្មីៗនេះ រំពឹងថាកើនឡើងដល់ ៤០ ភាគរយនៅប្រាំឆ្នាំចុងក្រោយនេះ។
បើយោងតាមរបាយការណ៍របស់សមាគមរថយន្តប្រទេសចិនបានលើកឡើងថា រថយន្តអគ្គិសនី របស់សហរដ្ឋអាមេរិច ម៉ាក Tesla បានលក់កើនឡើង ដល់ជាង ៣ម៉ឺន៣ពាន់គ្រឿងនៅទីផ្សារប្រទេសចិនកាលពីមិថុនាកន្លងទៅនេះ៕
អត្ថបទ៖ សុខ សិទ្ធិការ្យ