កម្ពុជា-ចិន

ស្ថានទូតចិនប្រចាំកម្ពុជា ឯកភាពចំនួន៧ចំណុច លើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍កម្ពុជា-ចិន


ស្ថានទូតចិនប្រចាំកម្ពុជា ឯកភាពចំនួន៧ចំណុច លើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ កម្ពុជា-ចិន ដោយក្នុងនោះ ស្ថានទូតចិនប្រចាំកម្ពុជា នឹងផ្តល់កិច្ចសហការល្អជាមួយក្រសួងទេសចរណ៍ ក្នុងការរៀបចំព្រឹត្តិការណ៍ធំៗមួយចំនួន នៅក្នុងក្របខ័ណ្ឌឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន។
ស្ថានទូតចិនប្រចាំកម្ពុជា ឯកភាពចំនួន៧ចំណុច លើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍កម្ពុជា-ចិន
ដោយ

ការឯកភាពនេះធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបានកោតសរសើរចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីទំនាក់ទំនងការទូតដែលមានរយៈពេល៦៦ឆ្នាំ ជាមិត្តភាពដែកថែប និង «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដោយឈរលើគោលការណ៍សមធម៌ ការជឿទុកចិត្តគ្នា ការគោរពគ្នការយោគយល់គ្នា ការគោរពអធិបតេយ្យ និងឯករាជ្យភាព ដើម្បីផលប្រយោជន៍រួម។ឯកឧត្តម បានបញ្ជាក់ដែរថា ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ សំដៅសម្រេចបាននូវការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការរីកចម្រើន និងល្អប្រសើរលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ ដោយឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន។

ជាមួយគ្នានេះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានឯកភាពលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍កម្ពុជា-ចិន ចំនួន៧ចំណុច រួមមាន៖ ទី១.ស្ថានទូតចិន នឹងផ្តល់កិច្ចសហការល្អជាមួយក្រសួងទេសចរណ៍ ក្នុងការរៀបចំព្រឹត្តិការណ៍ធំៗ នៅក្នុងក្របខ័ណ្ឌថ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន រួមមាន៖ ពិព័រណ៍ម្ហូបអាហារ កម្ពុជា-ចិន នាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប, វេទិកាទេសចរណ៍ និងវប្បធម៌ព្រះពុទ្ធសាសនា កម្ពុជា-ចិន នាថ្ងៃទី២៨-៣០ ខែតុលា ២០២៤ នៅខេត្តសៀមរាប, ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន នៅថ្ងៃទី២០-២២ ខែវិច្ឆិកា ឆ្នាំ២០២៤ព្រឹត្តិការណ៍ The 13th China Zhengzhou International Shaolin Wushu Festival នៅប្រទេសចិន។ ទី២.ស្ថានទូតចិនឯកភាពជួយជំរុញការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងវប្បធម៌និងទេសចរណ៍ចិន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យទេសចរណ៍។

ទី៣.ស្ថានទូតចិនឯកភាពសហការជួយជំរុញក្រុមហ៊ុនអាកាសចរណ៍ចិនធំៗ បង្កើនជើងហោះហើរត្រង់រវាងបណ្តាខេត្ត និងទីក្រុងធំៗរបស់ប្រទេសចិនមកប្រទេសកម្ពុជាឱ្យមានចំនួនកាន់តែច្រើនឡើង និងទៀងទាត់ដើម្បីងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាជនទាំងពីរប្រទេស និងអ្នកទេសចរផងដែរ។ ​ទី៤.ស្ថានទូតចិនឯកភាពសហការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជាឱ្យបានទូលំទូលាយដល់ប្រជាជនចិន ព្រមទាំងជួយទប់ស្កាត់និងលុបបំបាត់រាល់ព័ត៌មានក្លែងក្លាយ ដែលជះផលអវិជ្ជមានដល់ប្រទេសកម្ពុជា។ ទី៥.ស្ថានទូតចិនឯកភាពពង្រឹង និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការផ្តល់ការបណ្តុះបណ្តាលទាំងនៅក្នុងប្រទេសកម្ពុជា ឬ នៅប្រទេសចិន។ ទី៦.ភាគីទាំងពីរ ឯកភាពចាត់តាំងជនបង្គោល ដើម្បីតាមដានវឌ្ឍនភាពនៃកិច្ចពិភាក្សារវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតចិន ព្រមទាំងផ្នែកឯកជនចិននិងកម្ពុជាក្នុងវិស័យទេសចរណ៍។ និងទី៧. ឯកភាពសហការរៀបចំកម្មវិធីបិទឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ដែលគ្រោងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២៥ ខាងមុខ ព្រមទាំងមានគំនិតផ្តួចផ្តើមក្នុងការរៀបចំប្រធានបទថ្មីៗសម្រាប់ឆ្នាំបន្តបន្ទាប់ផងដែរ។

បើតាមក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០២៣ កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៥,៤៥ លាននាក់ ក្នុងនោះ ទេសចរជនជាតិចិនមានប្រមាណជាង ៥៤ម៉ឺននាក់។ ជាមួយគ្នានេះ នៅក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៤,២៩ លាននាក់ កើនឡើង ២២,៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ក្នុងនោះ ទេសចរជនជាតិចិនមានប្រមាណជិត ៥៤ ម៉ឺននាក់ កើនឡើង៤៧,៧%៕




អត្ថបទបន្ទាប់


ការធ្វើបុណ្យទាន និងដំណើរកម្សាន្ដក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជាមួយ អេស៊ីលីដា ម៉ូបាល ផ្ដល់ភាពងាយស្រួល សុវត្ថិភាព និងមានឱកាសទទួលបានប្រាក់ត្រឡប់មកវិញទៀតផង!

ការធ្វើដំណើរកម្សាន្ដ និងធ្វើបុណ្យទាន នាឱកាសបុណ្យភ្ជុំបិណ្ឌរបស់លោកអ្នក កាន់តែរីករាយ ងាយស្រួល និងសុវត្ថិភាព ជាមួយនឹងការប្រើប្រាស់ អេស៊ីលីដា…

ក្រុម​ហ៊ុន SCG ចាប់​ផ្ដើម​ដំណើរការជា​ផ្លូវ​ការ​​នូវ​រោងចក្រតម្លៃ៥ពាន់​លានដុល្លារអាម៉េរិក របស់ខ្លួន​នៅ​វៀតណាម

ក្រុម​ហ៊ុន ឡុង សឺន ប៉េត្រូខេមីខល (Long Son Petrochemicals) ដែលជាបុត្រសម្ព័ន្ធមួយនៃ​ក្រុមហ៊ុន SCG Chemicals របស់ប្រទេសថៃ បានចាប់ផ្តើម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ