បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសឥណ្ឌា លោក Wang Yi បានជួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោកសាបប្រាមេនីយ៉ាម ចៃសានកា (Subrahmanyam Jaishankar)។ ក្រៅពីនោះ លោក Wang Yi ក៏មានជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិដ៏មានឥទ្ធិពលរបស់ឥណ្ឌា លោក អាជីត ដូវ៉ល (Ajit Doval)ផងដែរ។
គួរជម្រាបថា មុនមកជួបសមភាគីឥណ្ឌាដល់ផ្ទះបែបនេះ ប្រមុខការទូតកំពូលរបស់ចិនរូបនេះ ក៏បានធ្វើទស្សនកិច្ចនៅប្រទេសក្បែរខាងឥណ្ឌាដូចជា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានក្នុងសប្តាហ៍នេះរួចទៅហើយ ព្រមទាំងគ្រោងនឹងហោះហើរទៅកាន់ប្រទេសនេប៉ាល់ទៀតផងដែរ ក្រោយជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់ឥណ្ឌា។ បេសសកម្មលើកនេះ របស់លោក Wang Yi ជាការពង្រឹងឥទ្ធិពលរបស់ប្រទេសចិន ឱ្យបានស៊ីជម្រៅថែមទៀត ជាមួយប្រទេសក្នុងតំបន់ទាំងនេះ។
គួរកត់សម្គាល់ថា នាពេលកន្លងមក ទំនាក់ទំនងរវាងគូប្រជែងចាស់វស្សា ឥណ្ឌា និងចិននេះ បានប្រែក្លាយកាន់តែអាក្រក់ទៅៗ ក្រោយមានការប៉ះទង្គិចគ្នាកាលពីខែមិថុនា ឆ្នាំ២០២០ នៅតំបន់ ឡាដាល់ (Ladakh) នៅតាមព្រំដែននៃជួរភ្នំហិម៉ាឡៃ។ គេនៅចាំបានថា គ្រានោះ យ៉ាងហោចណាស់ទាហានឥណ្ឌា ២០នាក់ និងចិន០៤នាក់ត្រូវបានសម្លាប់ ដោយសារការវាយតបគ្នាដ៏ហិង្សា។
អ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើរនោះ គឺថា ទាំងចិន និងឥណ្ឌា មិនបានប្រកាសអំពីដំណើរទស្សនកិច្ចរបស់លោក Wang Yi មុនពេលដែលលោកបានទៅដល់ទីក្រុង New Delhi កាលពីល្ងាចថ្ងៃព្រហស្បតិ៍នោះទេ។
យ៉ាងណាក៏ដោយនៅមុនពេលមកដល់ប្រទេសឥណ្ឌា ពោលគឺអំឡុងពេលដែលលោក Wang Yi ស្ថិតក្នុងប្រទេសប៉ាគីស្ថាន លោកបានថ្លែងសុន្ទរកថា ដាក់ការស្តីបន្ទោសលើរដ្ឋាភិបាលឥណ្ឌា ស្តីពីតំបន់ជម្លោះក្នុងតំបន់ កាសស្មៀរ (Kashmir)ផងដែរ។
សូមជម្រាបថា តំបន់កាសស្មៀរ ជាតំបន់ជម្លោះដ៏ស្មុគស្មាញរវាងឥណ្ឌា និងប៉ាគីស្ថាន អស់រយៈពេលរាប់សិបឆ្នាំមកហើយ ដោយភាគីទាំងពីរទាមទារការកាន់កាប់តំបន់នេះ ហើយជាទូទៅចិនបានគាំទ្រប៉ាគីស្ថាន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយរបស់ខ្លួន។
យ៉ាងណាក៏ដោយទាំងចិន និងឥណ្ឌាសុទ្ធសឹងតែត្រូវបានគេមើលឃើញថា មានទំនាក់ទំនងល្អជាមួយនឹងប្រទេសរុស្ស៊ីដែលកំពុងធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន ដ្បិតថា កន្លងមក ចិន និងឥណ្ឌា ក៏បានបោះឆ្នោតអនុប្បវាទ ចំពោះសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិនាពេលថ្មីៗនេះ ជុំវិញការថ្កោលទោស និងទាមទារឲ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនផងដែរ៕