តាមរយៈសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសសិង្ហបុរីបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិនឯកឧត្តមវ៉ាងយី បានមកដល់ប្រទេសសិង្ហបុរីនៅថ្ងៃចន្ទទី១៣ ខែកញ្ញានេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេល ២ ថ្ងៃ។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមថា ឯកឧត្តម វ៉ាង យី នឹងទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង និងឧបនាយករដ្ឋមន្ត្រី ហេង វីគៀត។ ឯកឧត្តម ក៏នឹងជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក វីវៀន ប៉ាឡាគ្រីនហានផងដែរ។
ក្រសួងការបរទេសសិង្ហបុរី មិនបានបញ្ជាក់ពីរបៀបវីរៈនៃដំណើរទស្សនកិច្ចដោយទីប្រឹក្សារដ្ឋចិន ក្នុងខែកញ្ញានេះទេ។ ប៉ុន្តែ គេនៅចាំបានថា កាលពីខែមិនា រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ក៏ធ្លាប់បានជជែកពិភាក្សាជាមួយឯកឧត្តម វ៉ាង យី អំពីបញ្ហាកូវីដ១៩ ការតភ្ជាប់ជើងហោះហើរឡើងវិញ និង បញ្ហានៅប្រទេសភូមាផងដែរ អំឡុងពេលប្រមុខកាទូតសិង្ហបុរីទស្សនកិច្ចក្នុងខេត្តហ្វូចៀនប្រទេសចិន។
សូមជម្រាបថា ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន នឹងឈានទៅបិទបញ្ចប់បេសសកម្មដំណើរទស្សនកិច្ចរបស់លោក នៅប្រទេសទី៤ គឺកូរ៉េខាងត្បូង ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១៕