ភូមិសាស្រ្តនយោបាយ

តើអ៊ីរ៉ង់នឹងក្លាយជាសមរភូមិថ្មីក្នុងការប្រជែងអំណាចរវាងអាម៉េរិក និងចិន ឬយ៉ាងណា?


សមរភូមិសេដ្ឋកិច្ចថ្មីកំពុងលេចចេញ​ឡើងរវាងទីក្រុងវ៉ាស៊ីនតោន និង​ក្រុងប៉េកាំង ដោយអាម៉េរិក បានដាក់​ទណ្ឌកម្មលើអង្គភាពជិត៦០ ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ រួមទាំងក្រុមហ៊ុនចិន និងហុងកុង ដែលរងការចោទប្រកាន់ថា ​បាន​ជួយ​ទីក្រុងតេហេរ៉ង់ ទិញបច្ចេកវិទ្យារសើប និងដឹកជញ្ជូនប្រេងអ៊ីរ៉ង់។
ភូមិសាស្រ្តនយោបាយ
ដោយ

ភ្លាមៗនោះ ចិន បានចេញមកថ្កោលទោសការទណ្ឌកម្មនេះថា ជាអំពើខុសច្បាប់ ហើយព្រមានថានឹងចាត់រាល់វិធានការចាំបាច់ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ ទាក់ទិននឹងបញ្ហានេះមានការចោទសួរថា តើអ៊ីរ៉ង់នឹងក្លាយជាសមរភូមិថ្មីក្នុងការប្រជែងអំណាចរវាងអាម៉េរិក និងចិន ឬយ៉ាងណា?
ទណ្ឌកម្មជុំថ្មីរបស់អាម៉េរិក ផ្តោតលើអង្គភាព និងបុគ្គលជាង១០នៅចិន និងហុងកុង ដែលរងការចោទប្រកាន់ថា បានជួយទិញឧបករណ៍ដ៏រសើប និងដឹកជញ្ជូនប្រេងឆៅអ៊ីរ៉ង់ ទៅកាន់ប្រទេសចិន ដែលជាអតិថិជនប្រេងធំបំផុតរបស់ទីក្រុងតេអេរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post កាលពីថ្ងៃទី២៧ ខែសីហា។ ក្នុងចំណោមនោះ មានក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនពាណិជ្ជកម្ម ដែលទីក្រុងវ៉ាស៊ីនតោន ចោទថា បានជួយដំណើរការបណ្ដាញធនាគារស្រមោលរបស់អ៊ីរ៉ង់ និងជួយរក្សារំហូរប្រេងអ៊ីរ៉ង់ ទៅទីផ្សារចិន។
អាម៉េរិក ក៏បានព្រមានដែរថា ប្រទេសណាដែលមិនកាត់ផ្ដាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអ៊ីរ៉ង់ អាចប្រឈមទណ្ឌកម្មដែលជាការដាក់សម្ពាធកាន់តែធ្ងន់លើក្រុងប៉េកាំង តែចិនក៏មានបន្ទាត់ក្រហមរបស់ខ្លួនដែរ។ ក្រុមអ្នកវិភាគព្រមានថា ប្រសិនបើក្រុងវ៉ាស៊ីនតោន ឈានដល់ការកំណត់គោលដៅសង្កត់កលើធនាគារ ឬក្រុមហ៊ុនធំៗរបស់ចិន ការឆ្លើយតបពីក្រុងប៉េកាំង អាចកាន់តែខ្លាំងក្លា។ ចិន អាចនឹងបន្តទិញប្រេងអ៊ីរ៉ង់ ព្រមទាំងពង្រឹងប្រព័ន្ធទូទាត់ជំនួស ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារ និងគេចពីទណ្ឌកម្មអាម៉េរិក។ ប៉ុន្តែអាវុធសេដ្ឋកិច្ចដ៏គួរឱ្យខ្លាចបំផុតរបស់ចិន នោះគឺរ៉ែកម្រ ដោយចិន មានឥទ្ធិពលខ្លាំងលើខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ ដែលប្រើក្នុងបច្ចេកវិទ្យាទំនើប និងវិស័យការពារជាតិ។ ប្រសិនបើភាពតានតឹងឡើងដល់កម្រិតថ្មី ទីក្រុងប៉េកាំង អាចនឹងរឹតបន្តឹងការនាំចេញរ៉ែកម្រទាំងនេះ ទៅកាន់វិស័យយុទ្ធសាស្ត្ររបស់អាម៉េរិក នោះមានន័យថា សង្គ្រាមទណ្ឌកម្មលើអ៊ីរ៉ង់ អាចបើកសមរភូមិសេដ្ឋកិច្ចថ្មីមួយទៀតរវាងអាម៉េរិក និងចិន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


គ្រោះមហន្តរាយនៅនេប៉ាល់ បង្កការខូចខាតរាប់ពាន់លានដុល្លារ មនុស្សជិត៥០០នាក់ស្លាប់ និងបាត់ខ្លួនជាង១,៥០០នាក់

ប្រទេសនេប៉ាល់ ដែលមានទំហំសេដ្ឋកិច្ចសរុបប្រមាណត្រឹមតែ៤៥ពាន់លានដុល្លារកំពុងប្រឈមមុខនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ដ៏មហន្តរាយ ដែលប…

មេកំពង់ផែស្វយ័តភ្នំពេញ កំពុងសិក្សាតភ្ជាប់ជាមួយផ្លូវដែក ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូននៅកម្ពុជា

ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនៅកម្ពុជា បានបង្ហាញសម្ទុះកើនឡើងជាបន្តបន្ទាប់មកទល់ពេលនេះ ដែលជំរុញឱ្យកំពង់ផែស្វយ័តភ្នំពេញ ត្រូវពង្រីកសមត្ថភាពចំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ