ទោះបីនេះជាទិន្នន័យពិត ឬមិនពិតពីរដ្ឋាភិបាលចិនក៏ដោយ តែគេអាចសម្គាល់បានថា ករណីឆ្លងកូវីដ១៩នៅចិន ចាប់ផ្តើមរាលដាលឡើងវិញខ្លាំង ខ្លាំងយកតែមែនទែនពិសេសនៅពេលដែលរដ្ឋអំណាចក្រុងប៉េកាំងលុបចោល គោលនយោបាយសូន្យកូវីដ ក្រោយមានការតវ៉ាប្រឆាំងពីសំណាក់ពលរដ្ឋ។
ប្រសិនបើទិន្នន័យនេះពិតប្រាកដ ចំនួនអ្នកឆ្លងនៅចិនត្រឹម២០ថ្ងៃនៃខែនេះ គឺស្មើនឹងប្រហែល ១៨% នៃចំនួនប្រជាជនចិនសរុប ១ពាន់៤រយលាននាក់ទៅហើយ ហើយវាក៏អាចក្លាយជាករណីឆ្លងខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររីករាលរបស់កូវីដ១៩ក្នុងពិភពលោកផងដែរ។
បើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg ដោយអះអាងថា បានប្រភពពីមន្ត្រីដែលជិតស្និទ្ធ ទិន្នន័យដដែលនេះត្រូវបានគេយកមកបង្ហាញក្នុងអង្គប្រជុំនៃគណៈកម្មការសុខាភិបាលចិន កាលពីថ្ងៃពុធសប្តាហ៍មុន។ ប៉ុន្មានថ្ងៃក្រោយទៀត ទិន្នន័យអ្នកឆ្លងដដែល បានបែកធ្លាយព្រងព្រាតចេញតាមប្រព័ន្ធបណ្តាញសង្គមចិន។ ប៉ុន្តែភាពសុក្រិតពិតប្រាកដកំរិតណានៃទិន្នន័យនេះ មិនទាន់ត្រូវបានគេបញ្ជាក់ឡើយ ខណៈគណៈកម្មការសុខាភិបាលចិន មិនបានឆ្លើយតបចំពោះការសុំធ្វើអត្ថាធិប្បាយពីអ្នកសារព័ត៌មាននោះឡើយ។
ទោះយ៉ាងណា បើគេធៀបចំនួនឆ្លងដែលបានសរសេរលើឯកសារដែលបែកធ្លាយ គឺមានភាពខុសគ្នាខ្លាំងណាស់ នឹងករណីឆ្លងដែលរដ្ឋាភិបាលចិនបានប្រកាសជាផ្លូវការប្រចាំថ្ងៃ។ ទោះយ៉ាងសារព័ត៌មានរ៉យទ័របានចុះផ្សាយថា គណៈកម្មការសុខាភិបាលជាតិចិននឹងឈប់បញ្ចេញទិន្នន័យឆ្លងប្រចាំថ្ងៃតទៀតហើយ ចាប់ពីថ្ងៃអាទិត្យទី២៥ធ្នូតទៅ។
សូមជម្រាបថា ទោះទិន្នន័យលើក្រដាស និងស្ថានការណ៍ជាក់ស្តែងអាចដូចគ្នា ឬខុសគ្នាយ៉ាងណា ប៉ុន្តែមន្ទីរពេទ្យក្នុងប្រទេសចិនកំពុងប្រឈមមុខនឹងការខ្វះខាតបុគ្គលិកសុខាភិបាលយ៉ាងធ្ងន់ធ្ងរ រួមជាមួយនឹងកង្វះខាតគ្រែ និងថ្នាំពេទ្យ នៅពេលដែលការឆ្លងកើនខ្លាំងទៅៗ ដែលបង្ហាញពីភាពតានតឹងកាន់តែខ្លាំងឡើងលើប្រព័ន្ធថែទាំសុខាភិបាលរបស់ចិន។ រដ្ឋាភិបាលក្រុងប៉េកាំង ក៏ទើបយល់ព្រមទទួលយកថ្នាំវ៉ាក់សាំងកូវីដ១៩ជាលើកដំបូងពីក្រៅប្រទេសផងដែរ ពោលគឺទទួលយកពីប្រទេសអាល្លឺម៉ង់ ប៉ុន្ដែ វ៉ាក់សាំងទាំងនោះ អនុញ្ញាតឲ្យចាក់តែសម្រាប់ពលរដ្ឋអាល្លឺម៉ង់ ដែលរស់នៅក្នុងប្រទេសចិនតែប៉ុណ្ណោះ៕