ប្រទេសថៃ

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា សម្រេចចិត្តចូលជាមួយគណបក្សថ្មីមួយ ដើម្បីឈរឈ្មោះបោះឆ្នោតនៅឆ្នាំក្រោយ


នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha បានប្រកាសនៅថ្ងៃសុក្រ ទី២៣ ខែធ្នូនេះថា លោកបានចូលរួមជាមួយគណបក្សរួមថៃសាងជាតិ (Ruam Thai Sang Chart) ដែលទើបបង្កើតថ្មី ដើម្បីឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតសកលនៅក្នុងខែឧសភាឆ្នាំក្រោយនេះ ដោយវាសបង្ហាញឲ្យឃើញថា លោកនឹងនៅតែបន្ដក្រាញននៀលក្ដោបក្ដាប់អំណាចសម្រាប់ពេលវេលាដែលនៅសល់ បើទោះជាមានសេចក្តីសម្រេចនាពេលថ្មីៗនេះ ស្ដីពីការកំណត់អាណត្តិរបស់លោកនៅសល់ត្រឹមតែ ២ ឆ្នាំទៀតក៏ដោយ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា សម្រេចចិត្តចូលជាមួយគណបក្សថ្មីមួយ ដើម្បីឈរឈ្មោះបោះឆ្នោតនៅឆ្នាំក្រោយ
ដោយ

លោក Prayuth បានប្រាប់អ្នកសារ​ព័ត៌មានថា លោក​បាន​​ពិចារណាពី​រឿងនេះមួយរយៈពេល​មក​ហើយ​ ហើយទីបំផុតលោក​បានសម្រេចចិត្តចូលរួមជាមួយគណបក្ស​រួម​ថៃ​សាង​ជាតិ​នេះ​។​ លោក​បានបន្ត​ថា លោក​​បាន​ដឹង​រួច​ហើយ​ថា ​គណបក្ស​ថ្មី​នេះ​​នឹង​ស្នើឱ្យ​លោក​ឈរ​​ឈ្មោះជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​​ក្នុង​ការ​បោះឆ្នោត​​នៅ​ឆ្នាំ​ក្រោយនេះ​​។

ការ​ប្រេះឆាគ្នា​នៅក្នុងគណបក្ស Palang Pracharat ដែលកំពុង​កាន់អំណាច​​របស់​លោក​ Prayuth នោះ​ បានធ្វើឱ្យខូចប្រជាប្រិយភាពរបស់គណបក្ស​នេះ​យ៉ាង​ខ្លាំង ​​ដោយ​បាន​បង្ខំ​ឱ្យ​សមាជិកសភា​​មួយ​ចំនួន​​របស់​​គណ​បក្ស​នេះ​​ងាក​ទៅចូល​រួម​ជា​មួយ​​គណ​បក្ស​នយោបាយផ្សេង​ៗ​ទៀត។​

នៅ​មុនពេលលោក Prayuth បាន​ប្រកាសចូល​រួម​គណ​បក្សថ្មី​​នេះ​ ​គឺ​មាន​សមាជិកសភាចំនួន ៤០​ នាក់មកពីគណបក្សផ្សេងៗ​បានប្រកាសពីផែនការរបស់ពួកគេក្នុងការចូលរួមជាមួយគណបក្ស Bhumjaithai ​ដែលជាគណបក្សចម្រុះមួយផ្សេងទៀត។ លំហូរ​អ្នកនយោបាយ​នេះ ​ត្រូវ​គេ​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា ​ជា​ការជួយឱ្យ​​មេដឹកនាំ​គណបក្ស​នេះ​គឺ​​លោក Anutin Charnvirakul ​ក្នុងការ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​បន្ត​​ពី​លោក ប្រាយុទ្ធ​​។

ច្បាប់បោះឆ្នោតរបស់ប្រទេសថៃបាន​កំណត់​ថា បេក្ខជនត្រូវតែនៅក្នុងគណបក្ស​មួយ​យ៉ាងហោចណាស់ ៩០​ ថ្ងៃនៅ​មុនថ្ងៃបោះឆ្នោត។ ដូច្នេះ​ហើយ​នៅ​ថ្ងៃទី៧ ខែកុម្ភៈ​គឺជាថ្ងៃចុងក្រោយសម្រាប់​សមាជិកសភា​ក្នុងការប្តូរគណបក្ស ​ប្រសិនបើសភាតំណាងរាស្រ្តបញ្ចប់អាណត្តិនៅ​ថ្ងៃទី​២៣ ខែមីនា​តាមការគ្រោងទុក​។​ គណៈកម្មាធិការរៀបចំការបោះឆ្នោតត្រូវតែរៀបចំការបោះឆ្នោតសកល​ក្នុងរយៈពេល ៤៥ ថ្ងៃ​បន្ទាប់ពីការរំលាយសភា​ហើយ​​នោះ​។

លោក Boonyakiat Karavekphan អ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Ramkamhaeng នៅ​ទីក្រុងបាងកក​បាននិយាយថា ភាពមិនច្បាស់លាស់ពីពេលវេលា​ក្នុង​ការ​រំលាយ​សភា​របស់​លោក ​Prayuth ​មុនពេលអាណត្តិរបស់ខ្លួនបានបញ្ចប់​នោះ​​បានលើកទឹកចិត្តសមាជិកសភាឱ្យផ្លាស់ប្តូរគណបក្សជាបន្ទាន់ក្នុងពេលប៉ុន្មានសប្តាហ៍មកនេះ​ព្រោះ​ពួកគេត្រូវ​​បំពេញ​តាម​តម្រូវ​ការ​រដ្ឋធម្មនុញ្ញ​ (ឱ្យ​ស្ថិត​នៅ​ក្នុង​គណ​បក្សមួយ)​ ​រយៈពេល ៩០​ ថ្ងៃ (នៅ​មុន​ការ​បោះឆ្នោត​សកល)​​​​។

អាណត្តិ​របស់​លោក ​ប្រាយុទ្ធ ​​នៅ​សល់​​​តែ២​ឆ្នាំ​ទៀតប៉ុណ្ណោះ ​​នៅ​ក្រោយ​​ការ​បោះឆ្នោត​នេះ​​ក្រោយ​ពី​តុលាការធម្មនុញ្ញ​កាលពី​ខែកញ្ញា​បានសម្រេចថា លោក​បានកាន់តំណែងជានាយករដ្ឋមន្ត្រី​តាំង​ពីឆ្នាំ២០១៧​​ ​ខណៈដែល​​រដ្ឋធម្មនុញ្ញថៃបច្ចុប្បន្នមានចែងថា បុគ្គលម្នាក់​មិនឱ្យធ្វើជានាយ​ក​រដ្ឋមន្ត្រីលើសពី ៨ ឆ្នាំនោះឡើយ​។ តាម​ច្បាប់នេះ លោក​នៅ​មានសិទ្ធិបន្តកាន់តំណែងរហូតដល់ឆ្នាំ​២០២៥ ​ប្រសិនបើលោក​ឈ្នះការបោះឆ្នោតឆ្នាំ​២០២៣​​។

កាលពីពេលថ្មីៗនេះ លោក ប្រាយុទ្ធ បាននិយាយថា លោកសង្ឃឹមថា នឹងបន្តកាន់តំណែងរយៈពេល២ឆ្នាំទៀត បន្ទាប់មកលោកនឹងស្វែងរកបុគ្គលដែលស័ក្តិសមមកស្នង​តំណែងរបស់លោក ដើម្បីបញ្ចប់អាណត្តិ​រយៈពេល ៤ ឆ្នាំពេញលេញ​​។

គណបក្សរួម​ថៃ​សាង​ជាតិ​​ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០២១ ហើយត្រូវបានដឹកនាំដោយអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌​លោក​ Pirapan Salirathavibhaga ។ អ្នកជំនាញនយោបាយ និងប្រភពគណបក្ស​នេះ​បានបញ្ជាក់ថា គណបក្សនេះ គឺត្រូវបានគេបង្កើតឡើងជាពិសេសដើម្បីជួយឱ្យ​លោក Prayuth ជាប់​ឆ្នោត​ជាថ្មីនៅឆ្នាំ​ក្រោយ​នេះ​​៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


ព្រឹទ្ធសភាអាមេរិកកោះហៅក្រុមហ៊ុនរថយន្ដធំៗមកសួរនាំ ជុំវិញការប្រើប្រាស់គ្រឿងបង្គុំពីចិន ដែលមានការរំលោភសិទ្ធិពលកម្ម

ព័ត៌មាន
គណៈកម្មាធិការហិរញ្ញវត្ថុនៃព្រឹទ្ធសភាអាមេរិក បានចោទសួរទៅកាន់ក្រុមហ៊ុនរថយន្តធំៗដូចជា Tesla, Toyota, Ford និង GM ជាដើម អំពីថាតើការផ្គត់…

អតិផរណាជប៉ុនបន្តកើនឡើងខ្លាំងមិនធ្លាប់ជួបក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយ ស្របពេលលុយយេនដាំក្បាលចុះ

ព័ត៌មាន
សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅប្រទេសជប៉ុន កាលពីខែវិច្ឆិកាកន្លងទៅ បានឈានដល់ អត្រា ៣,៧% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ