រូបិយប័ណ្ណអាម៉េរិក

ប្រទេសមហាអំណាចធំៗ៣ ឈប់ប្រើប្រាក់ដុល្លារអាម៉េរិកដល់ទៅ៩៥% នៃការទូទាត់ពាណិជ្ជកម្មអន្តរជាតិ


ប្រទេសមហាអំណាចធំៗចំនួន៣ រួមមាន រុស្ស៊ី មហាយក្សចិន និងឥណ្ឌា បានឈប់ប្រើប្រាក់ដុល្លារអាម៉េរិករហូតដល់ទៅ៩៥%នៃការទូទាត់ពាណិជ្ជកម្មអន្តរជាតិរបស់ខ្លួន ហើយនេះឆ្លុះបញ្ចាំងឱ្យឃើញនូវកំណើន នៃកិច្ចប្រឹងប្រែងរបស់ប្លុកប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំង ហៅកាត់ថា BRICS ដែលមានសមាជិកស្ថាបនិកចំនួន៥ រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា មហាយក្សចិន និងអាហ្វ្រិកខាងត្បូង នៅក្នុងការធ្វើបដិដុល្លារនីយកម្ម។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មាន វ៉ចឆ័រ ហ្គូរូ (Watcher Guru)។
រូបិយប័ណ្ណអាម៉េរិក
ដោយ

លោកស្រី តាទីអេណា ម៉ូហាហ្គែន (Tatiana Mohaghan) អគ្គលេខាធិការនៃសភាពាណិជ្ជកម្មអន្តរជាតិ(ICC) របស់រុស្ស៊ី បានទម្លាយឱ្យដឹងថា រុស្ស៊ី បានឈប់ប្រើប្រាក់ដុល្លារអាម៉េរិក ដល់ទៅ៩៥%នៃការទូទាត់ពាណិជ្ជកម្មជាមួយប្រទេសចិន និងប្រទេសឥណ្ឌា។ លើសពីនេះទៅទៀត សភាពាណិជ្ជកម្មអន្តរជាតិ(ICC)របស់រុស្សី បានរាយការណ៍ថា ការទូទាត់ទំនិញនាំចេញរបស់រុស្ស៊ីជាប្រាក់ដុល្លារអាម៉េរិក ឬប្រាក់អឺរ៉ូ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ជាពិសេសវាបានធ្លាក់ចុះពីជាង៨៥%ក្នុងឆ្នាំ២០២១ មកនៅត្រឹមតែ៣៤%កាលពីឆ្នាំ២០២៣។

ប្លុកសេដ្ឋកិច្ច BRICS បាននិយាយដោយមិនដាច់ពីមាត់អំពីចេតនារបស់ខ្លួននៅក្នុងការធ្វើបដិដុល្លារនីយកម្ម ឬការឈប់ប្រើប្រាក់ដុល្លារអាម៉េរិក នៅក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិ អំឡុងឆ្នាំ២០២៣។ ជាការពិតណាស់ ប្រទេសរុស្ស៊ីបានផ្លាស់ប្ដូរអាទិភាពពាណិជ្ជកម្មរបស់ខ្លួនដោយសារតែទណ្ឌកម្មកាន់តែតឹងតែងរបស់លោកខាងលិច ដាក់មកលើខ្លួន។ ដូច្នេះហើយប្លុកប្រទេស BRICS ក៏បានបង្កើនចំនួនរូបិយប័ណ្ណក្នុងស្រុកសរុប ដែលខ្លួនប្រើប្រាស់ក្នុងពាណិជ្ជកម្មទ្វេភាគី។

អត្រាប្រើប្រាស់រូបិយប័ណ្ណជារួមរបស់ប្រទេសធំៗទាំង៣នេះ បានផ្លាស់ប្តូរយ៉ាងខ្លាំង។ ជាពិសេស រូបិយប័ណ្ណដុល្លារអាម៉េរិក លែងត្រូវបានប្រើប្រាស់ដល់ទៅ៩៥%នៃការទូទាត់ពាណិជ្ជកម្មរវាងប្លុកប្រទេស BRICS ពោលគឺរុស្ស៊ី ចិន ឥណ្ឌា និងប៉ាគីស្ថាន។ រុស្ស៊ី ទូទាត់ពាណិជ្ជកម្មភាគច្រើនជាមួយប្រទេសទាំងពីរនេះជារូបិយប័ណ្ណក្នុងស្រុក។

សភាពាណិជ្ជកម្មអន្តរជាតិ(ICC)របស់រុស្សី បានបញ្ជាក់ថា ការប្រើប្រាស់រូបិយប័ណ្ណ Ruble របស់រុស្ស៊ី ក្នុងប្រតិបត្តិការទូទាត់ពាណិជ្ជកម្មឆ្លងដែនបានកើនឡើង៣៩%ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។ ជាងនេះទៅទៀត រូបិយប័ណ្ណរបស់បណ្ដាប្រទេសជាមិត្តក៏បានកើនឡើងដែរក្នុងពេលវេលាដូចគ្នានេះ។ សរុបមក ការឈប់ប្រើប្រាស់ដុល្លារអាម៉េរិក នៅក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិត្រូវបានរំពឹងថា នឹងកើនឡើងខ្លាំងនៅពេញមួយឆ្នាំ២០២៤ នេះ។

លោកស្រី តាទីអេណា ម៉ូហាហ្គែន (Tatiana Mohaghan) និយាយថា ៩៥%នៃការទូទាត់ពាណិជ្ជកម្មជាមួយប្រទេសចិន និងឥណ្ឌា ក្នុងឆ្នាំ២០២៣ ត្រូវបានធ្វើឡើងជារូបិយប័ណ្ណជាតិ ហើយថា ប្រទេសចិន បានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់រុស្ស៊ី ដែលមានចំណែកគ្របដណ្ដប់២៩% នៃទំហំពាណិជ្ជកម្ម។ ជាងនេះទៅទៀត ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បាននិយាយថា រុស្ស៊ី និងចិនបានទូទាត់ពាណិជ្ជកម្មជិត៧០%ជារូបិយប័ណ្ណក្នុងស្រុក៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធរកំពុងស្វែងរកដំណោះស្រាយជូនអតិថិជនរបស់បុរី ម៉ន ដានី ដែលកំពុងរងដីកាចាប់ខ្លួន

ព័ត៌មាន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកំពុងរៀបចំនីតិវិធី និងគ្រោងស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាវិវាទរវាងអ…

អាម៉េរិកជំរុញឲ្យមានការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោកបន្ថែមទៀត

ព័ត៌មាន
មុនចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីនៃក្រុមប្រទេសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដែលគ្រោងធ្វើនៅចុងខែកុម្ភៈនេះ លោកស្រី ខេដឺរិន តៃ (Katherine T…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ