អាជីវកម្មប្រេងរបស់ចិន

អាជីវកម្មប្រេងរបស់ចិននៅមជ្ឈិមបូព៌ាបង្កើនការដោះដូរពាណិជ្ជកម្មជាប្រាក់យ័នកាន់តែច្រើន


អ្នកវិភាគទីផ្សារបានព្យាករណ៍ថា ផែនការរបស់ប្រទេសចិនក្នុងការពង្រីកការប្រើប្រាស់រូបិយបណ្ណរបស់ខ្លួនសម្រាប់ការជួញដូរប្រេងជាមួយបណ្តាប្រទេសមជ្ឈិមបូព៌ាចំនួន៦ នឹងឈានទៅបង្កើនវត្តមាន និងការប្រើប្រាស់ប្រាក់យ័នក្នុងពាណិជ្ជកម្មពិភពលោកក្នុងចំណោមបណ្តាប្រទេសជាមិត្ត និងពាណិជ្ជករនាពេលអនាគត។
អាជីវកម្មប្រេងរបស់ចិននៅមជ្ឈិមបូព៌ាបង្កើនការដោះដូរជាប្រាក់យ័ន!
ដោយ

ប៉ុន្តែខណៈពេលដែលមានកិច្ចព្រមព្រៀងទិញលក់ប្រេងជាប្រាក់យ័នកាន់តែច្រើន អ្នកជំនាញនិយាយថា ការផ្លាស់ប្តូរនេះ មិនអាចទៅជំនួសតំណែងប្រាក់ដុល្លារបានទេ ឬមួយមិនអាចជំរុញការប្រើប្រាស់ប្រាក់យ័នក្រៅតែពីទីផ្សារថាមពលបានដែរ ពោលគឺក្រៅពីនេះគេនៅតែត្រូវការប្រាក់ដុល្លារជាចម្បងដដែល។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។

សាស្រ្តាចារ្យមកពីសកលវិទ្យាល័យប៉េកាំងនិយាយថា ប្រទេសចិន និងមជ្ឈិមបូព៌ាកាលពីអតីតកាលបានប្រើប្រាស់ប្រាក់ដុល្លារអាមេរិកជារូបិយបណ្ណរយៈពេលវែងរបស់ពួកគេ។ ប៉ុន្តែប្រឈមមុខនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ និងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក្នុងវិស័យហិរញ្ញវត្ថុ ដូច្នេះប្រទេសមួយចំនួនតូចកំពុងពិចារណាថាតើពួកគេអាចប្រើប្រាស់រូបិយបណ្ណផ្សេងទៀត ដើម្បីទូទាត់លើអាជីវកម្មប្រេង និងឧស្ម័នដែរ ឬយ៉ាងណា។ ទោះមិនមានបញ្ហាទាំងនេះក៏ដោយ ចំនួននៃកិច្ចព្រមព្រៀងទិញលក់ជាប្រាក់យ័នគួរតែកើនឡើង ដោយសារតែប្រទេសចិន ដែលជាអ្នកទិញប្រេងធំបំផុតរបស់ពិភពលោក ស្នើសុំឱ្យអ្នកនាំចេញប្រើប្រាស់រូបិយបណ្ណរបស់ខ្លួន។

អ្នកជំនាញដដែលបន្តថា ផ្នែកផ្សេងទៀតនៃពិភពលោកនឹងធ្វើតាមដែរ ប្រសិនបើនីតិវិធីនៃការទិញលក់ជាប្រាក់យ័នមានភាពងាយស្រួលជាង ហើយរូបិយបណ្ណចិនត្រូវបានចាត់ទុកថា មានសុវត្ថិភាពជាងប្រាក់ដុល្លារនោះ។ ក្នុងចំណោមអ្នកដែលអាចធ្វើបែបនេះរួមមាន ហុងកុង សិង្ហបុរី និងប្រទេសអឺរ៉ុបមួយចំនួន ដែលមានការរកស៊ីច្រើនជាមួយចិន។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានស្នើកាលពីសប្តាហ៍មុននៅឯកិច្ចប្រជុំកំពូលចិន-អារ៉ាប់ ដើម្បីជំរុញការវិនិយោគប្រេង និងឧស្ម័នដែលកំណត់ជាប្រាក់យ័នជាមួយរដ្ឋក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែកទាំង៦ប្រទេសក្នុងរយៈពេលពី៣ទៅ៥ឆ្នាំ។ គួរជម្រាបថា ចិនប្រើប្រាស់ប្រេងជាមធ្យមប្រហែលជិត ១៥លានបារ៉ែលក្នុងមួយថ្ងៃ ជាចំនួនតាមពីក្រោយសហរដ្ឋអាមេរិក។

ពាណិជ្ជកម្មរវាងប្រទេសចិន និងពិភពអារ៉ាប់បានកើនឡើង ១,៥ដងក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ខណៈនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីឈានដល់ជិត ៣២០ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៣៥%។ ដោយឡែក នៅទីផ្សារប្រទេសរុស្ស៊ី ប្រាក់យ័នបានកើនលើសប្រាក់ដុល្លារអាមេរិកជាលើកដំបូងនៅក្នុងខែតុលា ក្លាយជារូបិយប័ណ្ណបរទេសដែលត្រូវបានជួញដូរច្រើនបំផុតនៅលើផ្សារហ៊ុនទីក្រុងម៉ូស្គូ។

ទោះយ៉ាងណា ប្រាក់យ័ននឹងមិនអាចជំនួសប្រាក់ដុល្លារអាមេរិកទេ ខណៈអ្នកនាំចេញនៅមជ្ឈិមបូព៌ាមើលឃើញថា រូបិយប័ណ្ណអាមេរិកជាមធ្យោបាយងាយស្រួលបំផុតក្នុងការវិនិយោគ និងទាញប្រាក់ចំណូលពីការលក់ ជាងប្រាក់យ័នចិន។ ប្រទេសលោកខាងលិច និងអ្នកនាំចូលនៅអាស៊ីក្រៅពីប្រទេសចិន នៅតែប្រើប្រាស់វាយ៉ាងទូលំទូលាយដដែល៕




អត្ថបទបន្ទាប់


ទីផ្សារហិរញ្ញវត្ថុសកលប្រឈមនឹងភាពមិនច្បាស់លាស់កាន់តែខ្លាំងនៅឆ្នាំ២០២៣

ទីផ្សារហិរញ្ញវត្ថុទូទាំងពិភពលោកប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងថែមទៀតនៅឆ្នាំក្រោយនេះ ដោយសារគោលនយោបាយរូបិយវត្ថុតឹងតែងរបស់ធនាគារ…

ជប៉ុនខិតខំពង្រឹងវិស័យការពារជាតិរបស់ខ្លួនកាន់តែខ្លាំង ដោយមិនចង់ពឹងផ្អែកខ្លាំងលើយោធាអាមេរិក

សង្គ្រាមរុស្ស៊ីលើអ៊ុយក្រែន និងហានិភ័យនៃការឈ្លានពានរបស់ចិនលើកោះតៃវ៉ាន់ បង្ហាញពីតម្រូវការសម្រាប់ប្រទេសជប៉ុនក្នុងការកសាងប្រព័ន្ធយោធាការពារឯ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ