អាជីវករលក់ដើមផ្កាអង្គាសីល នៅក្នុងភូមិសាស្រ្តខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឱ្យដឹងថា នៅរៀងរាល់ឆ្នាំ ពួកគេតែងនាំយកដើមផ្កាអង្គាសីលមកដាក់តាំងលក់ជូនដល់អ្នកដែលមានតម្រូវការដើម្បីតាំងលម្អក្នុងគេហដ្ឋាន ខណៈអ្នកទិញមានជំនឿថា ផ្កាអង្គាសីលនឹងធ្វើឱ្យមានសិរីសួស្ដី ហើយប្រសិនបើផ្កានេះរីកចំពេលចូលឆ្នាំចិន នោះវានឹងជួយឱ្យពួកគេមានសំណាងល្អ រកទទួលទានមានបាន និងធ្វើកិច្ចការផ្សេងៗទទួលបានលទ្ធផលល្អ និងជោគជ័យជាដើម។ បើតាមក្រុមអាជីវករលក់ផ្កាអង្គាសីល ផ្កាអង្គាសីលដែលពួកគេដាក់តាំងលក់ភាគច្រើន គឺប្រមូលទិញពីប្រជាពលរដ្ឋ ដែលកាប់មកពីតំបន់ភ្នំនៅខេត្តពោធិ៍សាត់ និងតំបន់ភ្នំមួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជា ហើយផ្កានេះត្រូវបានដាក់លក់ទៅតាមប្រភេទទំហំផ្សេងៗគ្នា។
ជាមួយគ្នានេះពលរដ្ឋខ្មែរជាប់សែស្រឡាយចិន បានគូសបញ្ជាក់ថា មូលហេតុដែលអ្នកជាប់សែស្រឡាញចិន និងជនជាតិចិនពេញនិយមយកផ្កាអង្គាសីលដាក់តាំងនៅតាមគេហដ្ឋាន រោងចក្រ និងក្រុមហ៊ុននានា ដោយសារជនជាតិចិន បានយកផ្កាអង្គាសីលធ្វើជាតំណាងនៃសិរីសួស្ដី ហើយប្រសិនបើផ្កានេះរីកចំពេលចូលឆ្នាំចិន គឺតំណាងឲ្យការរកស៊ីមានបាននិងជោគជ័យតាមសេចក្ដីប្រាថ្នាទៀតផង។ ក្រុមអ្នកទិញផ្កាបានអះអាងថា ការទិញដើមផ្កាអង្គាសីលដាក់តាំងលម្អក្នុងគេហដ្ឋាននេះ ត្រូវបានធ្វើឡើងតាមទម្លាប់តាំងពីដូនតាមកម្ល៉េះ។
យោងតាមឯកសារខ្លះបានឱ្យដឹងថា មេដឹកនាំបដិវត្តន៍ចិន ម៉ៅ សេទុង គឺជាអ្នកចូលចិត្តខ្លាំងបំផុតចំពោះផ្កាអង្គាសីល ហើយប្រជាជនចិន ក៏ចូលចិត្តយកផ្កានេះដាក់ក្នុងផ្ទះ នាឱកាសចូលឆ្នាំថ្មីប្រពៃណីចិនដែរ។ ជំនឿនេះ ត្រូវបានជនជាតិចិនតែងជឿថា គេនឹងទទួលបានលាភជ័យ សំណាងល្អក្នុងឆ្នាំថ្មី ព្រោះផ្កាអង្គារសីល ពណ៌របស់វា ត្រូវបានតំណាងឱ្យពណ៌មាស ជាពណ៌ដែលនាំមកនូវទ្រព្យសម្បត្តិ ភាពរុងរឿងនៅក្នុងឱកាសឆ្នាំថ្មី៕
អត្ថបទ៖ បូ ដូឡា