ប្រទេសចិនដែលត្រូវបានគេដឹងថា ជាប្រទេសមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបានចាប់ផ្តើមការស្ទុះងើបឡើងវិញ បន្ទាប់ពីទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីការបិទខ្ទប់យ៉ាងតឹងរឹងនៃវិធានការកូវីដ១៩ចាប់តាំងពីត្រីមាសទី ២មក។
នាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាង បាននិយាយថា នាពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចទីក្រុងប៉េកាំងកំពុងងើបឡើងវិញ ប៉ុន្តែមូលដ្ឋានគ្រឹះមិនមានភាពស្ថិតស្ថិរនោះទេ ខណៈប្រទេសចិនចាំបាច់ណាស់ត្រូវតែខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាពឡើងវិញ។
នាយករដ្ឋមន្ត្រីចិនដដែលនេះ បាននិយាយទៀតថា កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតនឹងត្រូវបានធ្វើឡើងជាមួយមន្ត្រីទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ក្នុងការរក្សាសេដ្ឋកិច្ចឱ្យដំណើរការក្នុងរង្វង់ដែលអាចទទួលយកបាន។
នាយករដ្ឋមន្ត្រីចិនរូបនេះ បាននិយាយថា ទីក្រុងសៀងហៃ និងខេត្តចំនួនបួនផ្សេងទៀត នៃទីក្រុងប៉េកាំង មានចំណែកជាងមួយភាគបីនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយដើរតួយ៉ាងសំខាន់ក្នុងការផ្ទេរប្រាក់របស់រដ្ឋាភិបាលកណ្តាលទៅកាន់តំបន់ក្រីក្រ។ ក្នុងនោះ លោក ខឺឈាង បាននិយាយថា តំបន់ដែលមានសេដ្ឋកិច្ចរីកចម្រើនច្រើនជាងគេរបស់ប្រទេសនេះក៏មានសារៈសំខាន់ក្នុងការស្រូបយកពលករចំណាកស្រុក និងជួយឱ្យប្រជាជនទទួលបានប្រាក់ចំណូលខ្ពស់ផងដែរ។
លោក លី ខឺឈាង បានគូសបញ្ជាក់ថា ប្រទេសចិននឹងបន្តជំរុញកំណែទម្រង់ និង កែលម្អបរិយាកាសធុរកិច្ច ហើយនឹងបន្តបើកទូលាយសេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ពិភពខាងក្រៅមិនថា ស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណានោះទេ។
សូមបញ្ជាក់ថា បើតាមការស្ទង់មតិថ្មីចុងក្រោយមួយ លើសេដ្ឋវិទូជាច្រើនរបស់សារព័ត៌មានជប៉ុន Nikkei បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសមហាយក្សចិននៅឆ្នាំ២០២២នេះ នឹងមានការថយចុះមកនៅត្រឹមកំណើន៤,១% ប៉ុណ្ណោះ គោលនយោបាយគ្មានកូវីដ១៩របស់រដ្ឋាភិបាលក្រុងប៉េកាំង បាននាំឲ្យមានការបិទខ្ទប់ក្នុងរយៈពេលយូរនៅក្នុងទីក្រុងស៊ាងហៃ ដែលធ្វើឲ្យសេដ្ឋកិច្ចប្រទេសចិនទាំងមូលជួបផលរំខាន និងបានប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោកផងដែរ៕