ទីផ្សារអចលនទ្រព្យចិនត្រូវអាចនឹងកាន់តែអាក្រក់

ទីផ្សារអចលនទ្រព្យចិនត្រូវអាចនឹងកាន់តែអាក្រក់នៅឆ្នាំ២០២២ ចំពេលមានវិធានការកូវីដ១៩កាន់តែតឹងតែង


ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ទំនងជានឹងកាន់តែអាក្រក់ខ្លាំងឡើងថែមទៀតនៅឆ្នាំនេះ ដោយតម្លៃមានការថយចុះ ខណៈការលក់ និង ការវិនិយោគក៏ត្រូវបានរំពឹងដែរថា នឹងបន្ដធ្លាក់ចុះបន្ថែមទៀត ស្របពេលដែលរដ្ឋអំណាចចិនមានការចាត់វិធានការទប់ស្កាត់កូវី ១៩យ៉ាងតឹងរ៉ឹងបំផុតនៅក្នុងប្រទេស។ ការីករាលជំងឺកូវីដ ១៩ កាន់តែកើនឡើង បានធ្វើឲ្យតម្រូវការទិញអចលនទ្រព្យពីសំណាក់ប្រជាជនចិន គឺកាន់តែរួមតូចទៅៗផងដែរ បើទោះបីជារដ្ឋាភិបាលទីក្រុងប៉េកាំងមានការបន្ធូរបន្ថយគោលនយោបាយមួយចំនួនក៏ដោយ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
ធនាគារធំៗរបស់ចិន កាត់បន្ថយការផ្តល់កម្ចីដល់វិស័យអចលនទ្រព្យ

ទីផ្សារអចលនទ្រព្យដែលជាសសរស្តម្ភនៃសេដ្ឋកិច្ចដ៏ធំមួយរបស់ប្រទេសចិន ត្រូវបានចុះខ្សោយដោយសារការរឹតបន្តឹងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងលើការខ្ចីប្រាក់ច្រើនលើសលុប ពីសំណាក់អ្នកអភិវឌ្ឍន៍ធំៗកាលពីឆ្នាំមុន។ ប៉ុន្ដែ ចាប់តាំងពីដើមឆ្នាំនេះមក រដ្ឋាភិបាលចិនបានបន្ធូបន្ថយវិធានការរឹតបន្តឹងការទិញអចលនទ្រព្យលើទីក្រុងជាង ១០០ ដើម្បីជំរុញតម្រូវការទីផ្សារអចលនទ្រព្យឡើងវិញ ដោយក្នុងនោះ រដ្ឋាភិបាលចិនបានកាត់បន្ថយអត្រាប្រាក់កម្ចីទិញផ្ទះ ការទូទាត់ និង ប្រាក់ឧបត្ថម្ភធនជាដើម។

ទោះយ៉ាងណា ទស្សនវិស័យសម្រាប់ទីផ្សារអចលនទ្រព្យត្រូវបានគេរំពឹងថា នឹងនៅតែអាក្រក់នៅក្នុងពាក់កណ្ដាលឆ្នាំ ឬអាចអាក្រក់ពេញមួយឆ្នាំ ២០២២ ទាំងមូលតែម្ដង។

ជាក់ស្ដែង តម្លៃផ្ទះជាមធ្យមនៅក្នុងប្រទេសចិន ត្រូវបាន់គេប៉ាន់ប្រមាណថា នឹងធ្លាក់ចុះ១,៣% នៅពាក់កណ្ដាលឆ្នាំ២០២២ ហើយនៅពេញមួយឆ្នាំតម្លៃផ្ទះអាចនឹងធ្លាក់ចុះដល់ ២%។ នេះបើតាមការស្ទង់មតិមួយរបស់សារព័ត៌មានរ៉យទ័រ។

ជាមួយគ្នានេះ សម្រាប់ការលក់អចលនទ្រព្យត្រូវបានគេប៉ាន់ប្រមាណថា នឹងធ្លាក់ចុះ ២៥% នៅក្នុងឆមាសទីមួយក្នុងឆ្នាំនេះ ខណៈការព្យាករណ៍ក្នុងខែកុម្ភៈរំពឹងថា មានការធ្លាក់ចុះត្រឹម ១៤% ប៉ុណ្ណោះ។ ក្នុងនោះ ការលក់ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ១០% សម្រាប់ពេញ១ឆ្នាំ ២០២២។

ដោយឡែក ចំពោះការវិនិយោគដោយក្រុមហ៊ុនអចលនទ្រព្យវិញ ត្រូវបានរំពឹងថា នឹងធ្លាក់ចុះ ៥% នៅឆមាសទី១ឆ្នាំនេះ និងអាចធ្លាក់ចុះ ២,៥% បើគិតពេញមួយឆ្នាំ២០២២។

ទស្សនវិស័យអាប់អួរសម្រាប់តម្លៃអចលនទ្រព្យ ការលក់ និង ការវិនិយោគ ត្រូវបានអ្នកជំនាញអះអាងថា ភាគច្រើនបណ្តាលមកពីការផ្ទុះឡើងម្តងហើយម្តងទៀតនៃមេរោគកូវីត១៩ ក្នុងប្រទេសចិនតែម្តង។

អ្នកវិភាគលោក វ៉ាង សៅឈាង (Wang Xiaoqiang) នៅឯក្រុមហ៊ុនផ្តល់ទិន្នន័យអចលនទ្រព្យ Zhuge House Hunter បាននិយាយថា ជំងឺរាតត្បាតកូវីត ១៩ បានជះឥទ្ធិពលលើទីផ្សារអចលនទ្រព្យរបស់ទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំរបស់ចិន ដោយសារអ្នកអភិវឌ្ឍន៍ និង ភ្នាក់ងារបានផ្អាកប្រតិបត្តិការ ហើយអ្នកស្រុកជាច្រើនស្ថិតនៅក្រោមបំរាមបិទខ្ទប់ ដែលបង្កឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់ផ្ទះ។

គួរជម្រាបថា បើតាមអ្នកវិភាគលោក Liu Yuan ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនឈ្មួញកណ្តាលអចលនទ្រព្យដ៏ធំបំផុតរបស់ចិនបានអះអាងថា មានតែការបន្ធូរបន្ថយវិធានការរឹតបន្តឹងលើការផ្តល់ហិរញ្ញប្បទានសម្រាប់សហគ្រាសអចលនទ្រព្យ និង ម្ចាស់គម្រោងអភិវឌ្ឍន៍ប៉ុណ្ណោះ ទើបអាចរក្សាស្ថិរភាពទីផ្សារអចលនទ្រព្យក្នុងប្រទសចិនបាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


EUនឹងកាត់ផ្តាច់ប្រេងពីរុស្ស៊ីទាំងស្រុងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈរុស្ស៊ីរំពឹងចិនជាបង្អែកសេដ្ឋកិច្ច

ព័ត៌មាន
ប្រភពពីមន្ត្រីជាន់ខ្ពស់របស់អាល្លឺម៉ង់ បានបង្ហើបឲ្យដឹងថា សហភាពអឺរ៉ុបទំនងជានឹងយល់ព្រមលើការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីក្នុងរយៈពេលប៉ុន្មា…

ឧបករណ៍ដោះស្រាយបញ្ហាប្រព័ន្ធភ្លើងរថយន្តលំដាប់អន្តរជាតិ CTEK បានមកដល់កម្ពុជាហើយ

ព័ត៌មាន
ថ្មីៗនេះ Iron Motors ដែលជាក្រុមហ៊ុនឈានមុខមួយក្នុងវិស័យយានយន្តកម្ពុជា បាននាំចូលឧបករណ៏ថែទាំ និងដោះស្រាយប្រព័ន្ធភ្លើងយានយន្តដ៏ឆ្លាតវៃ មានដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ