បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times កាលពីថ្ងៃទី១៩ ខែឧសភា ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណង់ ម៉ាកូស (Ferdinand Marcos) បានធ្វើអត្ថាធិប្បាយដ៏ចម្រូងសម្រាសថា ទីក្រុងម៉ានីល អាចនឹងលូកដៃក្នុងជម្លោះកោះតៃវ៉ាន់ ដោយសារកោះតៃវ៉ាន់ នៅកៀកនឹងហ្វីលីពីន។ ការបង្ហាញចេតនាបែបនេះក្រោយលោកមើលឃើញថា តំបន់ភាគខាងជើងរបស់ប្រទេសហ្វីលីពីន អាចនឹងរងផលប៉ះពាល់ដោយផ្ទាល់ពីការប្រឈមមុខដាក់គ្នាណាមួយ គួបផ្សំមានពលរដ្ឋហ្វីលីពីន ជិត២០០,០០០នាក់ កំពុងរស់នៅ និងធ្វើការនៅលើកោះតៃវ៉ាន់។
ការអត្ថាធិប្បាយរបស់លោក ហ្វឺឌីណង់ ម៉ាកូស (Ferdinand Marcos) បានធ្វើឡើងមុនពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុន នាពេលដ៏ខ្លីខាងមុខ ដែលលោកនឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអ៊ី កាតាអ៊ិឈិ (Sanae Takaichi) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខ។
លោក ហ្វឺឌីណង់ ម៉ាកូស (Ferdinand Marcos) ធ្លាប់បានព្រមានថា ជម្លោះនៅកោះតៃវ៉ាន់ អាចអូសទាញប្រទេសហ្វីលីពីន ឱ្យធ្លាក់ចូលក្នុងជម្លោះ ដោយការអត្ថាធិប្បាយបែបនេះបានធ្វើឱ្យប្រទេសចិន ខឹងយ៉ាងខ្លាំងម្ដងរួចមកហើយ។
ទោះជាយ៉ាងណាមកទល់ពេលនេះចិន មិនទាន់បញ្ចេញប្រតិកម្មឆ្លើយតបទៅនឹងការអត្ថាធិប្បាយចុងក្រោយរបស់លោក ហ្វឺឌីណង់ ម៉ាកូស នៅឡើយទេ។ ទន្ទឹមនេះទោះបីជាមានភាពតានតឹងយ៉ាងណាក្ដី មេដឹកនាំហ្វីលីពីន បានលើកឡើងថា ហ្វីលីពីន កំពុងបន្តការចរចាជាមួយប្រទេសចិន ដើម្បីរក្សាសន្តិភាពនៅក្នុងតំបន់។
សូមបញ្ជាក់ថា អំឡុងជំនួបកំពូលជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅក្រុងប៉េកាំង ប្រទេសចិន ថ្មីៗនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានព្រមានថា ការដោះស្រាយបញ្ហាកោះតៃវ៉ាន់ មិនបានល្អណាមួយ នឹងបង្កហានិភ័យដ៏គ្រោះថ្នាក់ ពោលគឺអាចឈានទៅដល់ការប៉ះទង្គិចគ្នា៕
ដោយ: តែម សុខុម