នេះបើយោងតាមប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ផ្សព្វផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ។
ក្រុមហ៊ុន SCG និងបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន (CAS) រួមគ្នាបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការនវានុវត្តន៍ (SCG-CAS ICCB) ដំបូងគេបង្អស់នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីជំរុញការផ្ទេរបច្ចេកវិទ្យានិងការផ្ដល់អាជ្ញាប័ណ្ណ, ការស្រាវជ្រាវនិងបង្កើតនវានុវត្តន៍រួមគ្នា, ការអភិវឌ្ឍធនធានមនុស្ស និងវិនិយោគរួមគ្នា ក្នុងគោលដៅជំរុញនវានុវត្តន៍ និងបង្កើនភាពប្រកួតប្រជែងនៅក្នុងវិស័យសេវាកម្មនិងឧស្សាហកម្ម រវាងប្រទេសថៃនិងប្រទេសចិន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារនិងនិន្នាការអនាគត។
មជ្ឈមណ្ឌល SCG-CAS ICCB នេះ បោះទុនវិនិយោគជំហានដំបូង សរុបជាង ១០០លានយ័ន (ប្រហែលជាង ១៤លានដុល្លារអាមេរិក) ហើយគម្រោងនេះ គឺស្របតាមទិសដៅនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិន។ បើតាមក្រុមហ៊ុន SCG ថវិកាវិនិយោគនេះ នឹងចំណាយទៅលើអ្នកស្រាវជ្រាវ បច្ចេកវិទ្យា ទីកន្លែង និងឧបករណ៍ពិសោធន៍ ជាមួយនឹងការរំពឹងប្រាក់ចំណេញមកវិញ ពីការបង្កើតនវានុវត្តន៍។
កិច្ចព្រមព្រៀងភាពជាដៃគូរវាងបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន (CAS) និង SCG ដែលជាក្រុមហ៊ុនស៊ីម៉ងត៍ថៃដ៏ធំបំផុតមួយនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៥ វិច្ឆិកា ២០១៩ ដោយភាគីទាំងពីរ ក្រោមវត្តមានជាសាក្សីរបស់នាយករដ្ឋមន្ត្រីចិន លោក លី កឺឈៀង និងនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុត ចាន់អូចា។
លោក Roongrote Ransiyopash ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន SCG បាននិយាយថា ភាពជាដៃគូនេះនឹងពូនផ្ដុំឥទ្ធិពលនៃបច្ចេកវិទ្យានិងនវានុវត្តន៍របស់ស្ថាប័នទាំងពីរនេះ ដែលនឹងចែករំលែកនិងបំពេញបន្ថែមគ្នាលើផ្នែកធនធាន និងបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្មទូលំទូលាយ ដើម្បីអភិវឌ្ឍផលិតផលនិងសេវាកម្មដែលមាននវានុវត្តន៍ ដើម្បីបំពេញទៅតាមសេចក្ដីត្រូវការដ៏សម្បូរបែបរបស់អតិថិជន ឲ្យបានកាន់តែលឿនរហ័ស និងមានប្រសិទ្ធផលថែមទៀត។
លោកអគ្គនាយក SCG និយាយដូច្នេះថា ៖ «ភាពជាដៃគូនេះ នឹងលើកកម្ពស់ភាពប្រកួតប្រជែង និងកសាងកំណើនដែលមាននិរន្តរភាព សម្រាប់ធុរកិច្ចស្នូលរបស់ SCG ព្រមទាំងអនុញ្ញាតឲ្យ SCG អាចរុករកឱកាសធុរកិច្ចថ្មីៗ ដែលនឹងពង្រឹងទំនាក់ទំនងរវាងប្រទេសថៃនិងប្រទេសចិន បន្ថែមទៀត»។
លោក Jiang Biao នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការនវានុវត្តន៍ CAS (ប្រចាំក្រុងបាងកក) បានឲ្យដឹងថា CAS ICCB គឺជាសាខាមួយក្នុងចំណោមសាខាក្រៅប្រទេសចំនួន ៩របស់ CAS ដែលដើរតួនាទីសំខាន់នៅក្នុងការស្វែងរកនិងបង្កើតភាពជាដៃគូជាមួយអង្គការឈានមុខគេនានា នៅក្រៅប្រទេស ដើម្បីបង្ហាញពីការងារវិទ្យាសាស្ត្ររបស់ CAS។
CAS មានវិទ្យាស្ថានស្រាវជ្រាវជាង ១០០កន្លែង និងមានអ្នកស្រាវជ្រាវនិងសមាជិកក្រុម សរុបប្រមាណ ៧០.០០០នាក់ ព្រមទាំងមានបណ្ដាញអ្នកស្រាវជ្រាវជាន់ខ្ពស់ ៨០០នាក់ និងសាកលវិទ្យាល័យជាដៃគូសហការចំនួន ៣។
បើតាមអគ្គនាយក SCG លោក Roongrote ភាពជាដៃគូ CAS-SCG នេះ ផ្ដោតសំខាន់ទៅលើការផ្ទេរបច្ចេកវិទ្យានិងនវានុវត្តន៍ ដើម្បីផ្ដល់ប្រយោជន៍ដល់វិស័យសេវាកម្មនិងឧស្សាហកម្មរបស់ប្រទេសថៃ និងប្រទេសចិន។
លោកអគ្គនាយក បន្តថា SCG រំពឹងថា ផលិតផលពាណិជ្ជកម្មពីមជ្ឈមណ្ឌលនវានុវត្តន៍មួយនេះ នឹងអាចបញ្ចេញទៅទីផ្សារក្នុងរយៈពេលមួយឆ្នាំ ឬពីរឆ្នាំ៕