ភាគហ៊ុនក្រុមហ៊ុនចិននៅអាមេរិករង្គោះរង្គើ គឺទំនងជាអ្នកវិនិយោគមានការបារម្ភពីការបង្ក្រាបជាបន្ដទៀតពីរដ្ឋាភិបាលចិនទៅលើក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុននៅអាមេរិកទាំងអស់នោះ ដ្បិតថាកន្លងមកអាជ្ញាធរចិនទើបបានប្រកាសក្ដែងៗបើកការស៊ើបអង្កេតលើក្រុមហ៊ុនចិនមួយចំនួនទៀតរួចហើយដែរ។
បើតាមសារព័ត៌មាន Nikkei ក្រុមហ៊ុនចិនដែលមានឈ្មោះក្នុងផ្សារហ៊ុនអាមេរិកយ៉ាងហោចណាស់ ៩៨ក្រុមហ៊ុន បានកត់ត្រាពីការដាំក្បាលចុះនៃភាគហ៊ុនរបស់ខ្លួនក្នុងរង្វង់ ១០% ចាប់តាំងពីថ្ងៃទី២ខែកក្កដា គ្រាដែលរដ្ឋាភិបាលក្រុងប៉េកាំងចាប់ផ្តើមធ្វើទុក្ខបុកម្និញលើក្រុមហ៊ុនចិន Didi។គួររំឭកដែរថា នៅបន្ទាប់ពីក្រុមហ៊ុនចិន Didi ប្រកាសឡើងផ្សារហ៊ុនអាមេរិកក្នុងតម្លៃជាង ៤ពាន់៤រយលានដុល្លារ មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែរដ្ឋាភិបាលចិនបានបញ្ជាឲ្យគេដកកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុននេះចេញពី App Store នៅប្រទេសចិនដោយបានចោទប្រកាន់ក្រុមហ៊ុននេះថា បានប្រមូលយកទិន្នន័យពីអ្នកប្រើប្រាស់ដោយខុសច្បាប់។ទន្ទឹមនឹងនេះដែរ អាជ្ញាធរចិនទើបបានប្រកាសកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា សម្រាប់ក្រុមហ៊ុនដែលមានចំនួនអ្នកប្រើប្រាស់សេវាកម្មរបស់ខ្លួន ច្រើនជាង១លាននាក់ ត្រូវតែដាក់ពាក្យស្នើសុំការយល់ព្រមពីអាជ្ញាធរចិន ស្តីពីការយល់ព្រមលើសន្តិសុខតាមអ៊ីនធឺណែតជាមុនសិន មុននឹងអាចឈានចូលផ្សារហ៊ុននៅបរទេសបាន។ ប្រការនេះត្រូវបានគេមើលឃើញថា នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់ក្រុមហ៊ុនដែលបានចូលផ្សារហ៊ុននៅបរទេសរួចហើយ។
គួរជម្រាបថា ក្រោយមានការបង្ក្រាប ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន ឈ្មោះ Didi Global Incបានបាត់បង់តម្លៃក្រុមហ៊ុនលើទីផ្សារអស់ជាង ១១ពាន់លានដុល្លារ នេះនៅមិនទាន់គិតពីតម្លៃហ៊ុននៅទីផ្សារក្រុងញ៉ូយកសហរដ្ឋអាមេរិក ដែលមានការធ្លាក់ចុះនៅឡើយទេ។
ដោយសារតែការបង្ក្រាបពីសំណាក់អាជ្ញាធរចិនខាងលើនេះហើយវាបានធ្វើឲ្យរង្គោះរង្គើដល់ផ្សារភាគហ៊ុនអាមេរិកយ៉ាងខ្លាំងផងដែរ។
សូមជម្រាបថាកាលចុងសប្តាហ៍មុន រដ្ឋាបាលប្រធានាធិបតីអាមេរិកលោកចូ
បៃឌិន បាបន្តដាក់សម្ពាធទុកជាការសងសឹកវិញមកលើក្រុងប៉េកាំង
តាមរយៈការដាក់បញ្ចូលក្រុមហ៊ុនចិនចំនួន ២៣ក្រុមហ៊ុនទៀត
ក្នុងបញ្ជីខ្មៅអាមេរិក ដោយក្នុងនោះមាន
១៤ក្រុមហ៊ុនត្រូវបានចោទប្រកាន់ពីការទាក់ទងនឹងអំពើរំលោភសិទ្ធិមនុស្ស
លើជនជាតិអ៊ុយហ្គ័រ ក្នុងខេត្តស៊ីនជាំង ៥ក្រុមហ៊ុនទៀត
ចោទពីការមានទំនាក់ទំនងជាមួយយោធាចិន ហើយក្រៅពីនោះចោទប្រកាន់ពីការនៅបន្តរកស៊ីជាមួយក្រុមហ៊ុនចិនមុនៗ
ដែលអាមេរិកបានដាក់ទណ្ឌកម្មរួចហើយ។
សូមបញ្ជាក់ថា ក្រោយពីទទួលបានដំណឹងនេះ រដ្ឋាភិបាលក្រុងប៉េកាំងមិននៅស្ងៀមនោះទេ ដោយនៅថ្ងៃអាទិត្យទី១១កក្កដានេះ ក្រសួងពាណិជ្ជកម្មចិន បានចេញលិខិតប្រកាស បង្ហាញជំហរ រិះគន់ និងប្រឆាំងជំទាស់យ៉ាងម៉ឺងម៉ាត់ ព្រមទាំងបានសន្យាចាត់វិធានការសងសិកវិញផងដែរ។
សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងចិន និង អាមេរិកកាន់តែក្តៅគគុក ដូចនេះយើងនឹងរង់ចាំតាមដានបន្តទៀតនូវជោគវាសនាក្រុមហ៊ុនចិន ក៏ដូចជាចំណងការទូតរបស់ប្រទេសមហាអំណាចទាំងពីរ ថានឹងទៅជាយ៉ាងណា?