 
      បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Tanee Sangrat កាលពីថ្ងៃពុធ ទី ២៨ កញ្ញានេះបានឲ្យដឹងថា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ប្រទេសថៃកំពុងតែធ្វើការសម្របសម្រួលឲ្យមានការចូលរួមពីសំណាក់លោកចូ បៃដិនប្រធានាធិបតីអាមេរិក ហើយក៏ខ្នះខ្នែងរិះរកគ្រប់មធ្យោបាយ ដើម្បីបញ្ចុះបញ្ចូលមេដឹកនាំ APEC ដទៃទៀតឲ្យមកចូលរួមដូចគ្នា។
ទោះយ៉ាងណា តាមការលើកឡើងរបស់មន្ត្រីថៃរូបនេះ លោក បៃដិន ទំនងជាមិនចូលរួមទេ ដោយហេតុផលសន្តិសុខ។ ដោយឡែក ប្រធានាធិបតីអាមេរិករូបនេះបានសន្យាថា នឹងចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី ១៥-១៦ ខែវិច្ឆិកាផងដែរ គឺពីរថ្ងៃមុនកិច្ចប្រជុំ APEC នេះប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris នឹងចូលរួមក្នុងកិច្ចប្រជុំកំពូល APEC។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក។
ទន្ទឹមនឹងនេះ តាមការជូនដំណឹងដោយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ប្រាប់រដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai ថា ប្រធានាធិបតីចិន លោកស៊ី ជីនពីង នឹងចូលរួមកិច្ចប្រជុំនេះដោយមិនមានការសង្ស័យនោះទេ។ លើសពីនេះ មេដឹកនាំនូវែលសេឡង់ លោកស្រី Jacinda Ardern និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ព្រមទាំងមេដឹកនាំដទៃទៀតក៏គ្រោងនឹងមានវត្តមានផងដែរ ដោយខ្លះកំពុងធ្វើការសម្រេចចិត្ត។
មែនទែនទៅ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៩ ក្នុងគោលបំណងដើម្បីបង្កើនការពឹងអាស្រ័យគ្នាទៅវិញទៅមកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ដែលមានសមាជិកចំនួន ២១ មានដូចជា អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ចិន ហុងកុង ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉ាពួញូហ្គីណេ ប៉េរូ ហ្វីលីពីន រុស្ស៊ី សិង្ហបុរី ចិនតៃប៉ិ ថៃ សហរដ្ឋអាមេរិក និងវៀតណាម។
ក្នុងនោះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយថា កិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី ១១-១៣ ខែវិច្ឆិកានៅទីក្រុងភ្នំពេញ, កិច្ចប្រជុំ G20 នៅកោះបាលីនៅថ្ងៃទី ១៥-១៦ ខែវិច្ឆិកា និងកិច្ចប្រជុំកំពូល APEC នៅទីក្រុងបាងកកនៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកាខាងមុខនេះ នឹងក្លាយជាឱកាសដ៏ល្អសម្រាប់មេដឹកនាំពិភពលោក ដើម្បីពិភាក្សារកវិធីដោះស្រាយសង្គ្រាមនៅអ៊ុយក្រែន បញ្ហាថាមពល ព្រមទាំងសន្តិសុខស្បៀងអាហារជាដើម៕
 
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              