ត្រូវបានស្រង់សម្ដី ដោយសារព័ត៌មាន SCMP លោកស្រី Kate O’Brien
នាយិកានាយកដ្ឋានចាក់ថ្នាំបង្ការនៃអង្គការសុខភាពពិភពលោក បាននិយាយនៅថ្ងៃទី ២២
ខែមេសាថា កិច្ចប្រជុំពិភាក្សាអំពីវ៉ាក់សាំង Sinopharm នឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ
ខណៈដែល Sinovac នឹងធ្វើឡើងនៅទី ៣ខែឧសភាខាងមុខនេះ។
លោកស្រីបន្ថែមថា «យើងមានសេចក្ដីរីករាយ ដែលយើងមកដល់ចំណុចនេះ ហើយកិច្ចប្រជុំត្រួតពិនិត្យទាំងនេះ អាចត្រូវបានកំណត់ពេលវេលាដែលបានគ្រោងទុក ហើយយើងកំពុងទន្ទឹងរង់ចាំ ដំណើរការកិច្ចប្រជុំត្រួតពិនិត្យជាផ្លូវការនៃដំណើរការដាក់បញ្ចូល (វ៉ាក់សាំងចិន) ក្នុងអាជ្ញាបណ្ណសម្រាប់ការប្រើប្រាស់បន្ទាន់»។ លោកស្រីបន្ថែមទៀតថា អង្គការសុខភាពពិភពលោក បានបន្តទាក់ទងយ៉ាងជាប់លាប់ជាមួយនឹងក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិនទាំងពីរនេះ ដើម្បីរៀបចំសម្រាប់កិច្ចប្រជុំត្រួតពិនិត្យផ្លូវការនាពេលខាងមុខនេះ។
បើតាមមន្ត្រីជាន់ខ្ពស់អង្គការសុខភាពពិភពលោករូបនេះ បានគូសបញ្ជាក់ទៀតថា «កិច្ចប្រជុំត្រួតពិនិត្យត្រូវបានគ្រោងទុកដោយផ្អែកទៅលើការរំពឹងទុកថា របាយការណ៍ទទួលបានពីអ្នកត្រួតពិនិត្យទាំងអស់ នឹងត្រូវបញ្ចប់រួចរាល់ទាន់ពេលវេលាសម្រាប់កិច្ចប្រជុំនោះ។
យោងតាមការអនុវត្តនាពេលកន្លងមក ការផ្ដល់អាជ្ញាបណ្ណសម្រាប់ការប្រើប្រាស់វ៉ាក់សាំងបន្ទាន់ នឹងត្រូវបានផ្ដល់ជូនក្នុងពេលវេលាយ៉ាងខ្លី បន្ទាប់ពីមានការណែនាំឲ្យប្រើប្រាស់ដោយអ្នកត្រួតពិនិត្យនៅក្នុងកិច្ចប្រជុំផ្លូវការនោះ។ ហេតុនេះ បើសិនជាវ៉ាក់សាំងចិន អាចបំពេញតាមតម្រូវការនៃការត្រួតពិនិត្យវាយតម្លៃរបស់អង្គការសុខភាពពិភពលោកមែននោះ វានឹងបើកផ្លូវឲ្យវ៉ាក់សាំងចិន Sinopharm និង Sinovac នឹងត្រូវបានបញ្ជូលក្នុងកម្មវិធីយន្ដការ Covax ជាក់ជាមិនខានឡើយ។
យ៉ាងណាមិញ បើអង្គការសុខភាពពិភពលោកពិតជាទទួលស្គាល់វ៉ាក់សាំងចិនទាំងពីរប្រភេទនេះមែន នោះវាក៏នឹងបង្កើនទំនុកចិត្តលើវ៉ាក់សាំងចិនទាំងនេះកាន់តែខ្លាំងឡើងផងដែរ ដែលកន្លងមកវ៉ាក់សាំងចិនទាំងពីរនេះ ប្រឈមនឹងសម្ពាធទាក់ទងនឹងបញ្ហាកង្វះតម្លាភាព និងមានទិន្នន័យច្របូកច្របល់។
យ៉ាងណាក៏ដោយចុះ វ៉ាក់សាំងចិនទាំងនេះ បានចាក់ជូនដល់ប្រជាជនចិនរាប់រយលានដូសរួចទៅហើយ ហើយក៏មានជាង ១០០លានដូសទៀត ត្រូវបាននាំចេញទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀត បើទោះបីជា ក្នុងនោះ វ៉ាក់សាំង Sinopharm មិនទាន់បានផ្ដល់ពីទិន្នន័យបញ្ជាក់នៃការធ្វើតេស្ដចាក់សាកល្បងចុងក្រោយក៏ដោយចុះ។
នៅក្នុងខែ មីនា ក្នុងកិច្ចប្រជុំទីប្រឹក្សាយុទ្ធសាស្ត្រនៃអ្នកជំនាញអង្គការសុខភាពពិភពលោក ទាក់ទងនឹងការសម្រេចអំពីរបៀបដែលវ៉ាក់សាំងគួរតែត្រូវបានដាក់ឲ្យប្រើប្រាស់ បានឲ្យដឹងថា ទិន្នន័យពីក្រុមហ៊ុនវ៉ាក់សាំងចិនទាំងពីរនេះ បានឆ្លើយតបទៅនឹងការតម្រូវអប្បបរមានៃប្រសិទ្ធភាពវ៉ាក់សាំងត្រឹមតែប្រមាណ ៥០% ប៉ុណ្ណោះ។ ប៉ុន្ដែ អ្នកជំនាញអង្គការសុខភាពពិភពលោក បាននិយាយដែរថា វាត្រូវការទិន្នន័យបន្ថែមទៀត ស្ដីពីការចាក់វ៉ាក់សាំងលើមនុស្សមានវ័យចំណាស់ និងមនុស្សដែលមានសុខភាពមិនអំណោយផល។
សូមបញ្ជាក់ថា នៅប្រទេសចិន មានវ៉ាក់សាំងកូវីដ-១៩ ចំនួន ៤ប្រភេទហើយត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ តែមិនទាន់មានការបញ្ជាក់ទទួលស្គាល់ឲ្យប្រើប្រាស់ពីអង្គការសុខភាពពិភពលោកនៅឡើយ។
កម្មវិធី Covax របស់អង្គការសុខភាពពិភពលោក មានគោលដៅនឹងផ្ដល់ជូនវ៉ាក់សាំងសម្រាប់ប្រទេសដែលជាសមាជិក ដោយក្នុងមួយប្រទេសអាចទទួលបានវ៉ាក់សាំងចាក់ជូនពលរដ្ឋរបស់ខ្លួន ២០% នៃចំនួនពលរដ្ឋសរុប។ ក្នុងនោះ វ៉ាក់សាំងដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីនេះ រួមមាន វ៉ាក់សាំង mRNA ដែលផលិតរួមគ្នាដោយក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់ Pfizer/BioNTech វ៉ាក់សាំង AstraZenecaរបស់អង់គ្លេស និង Johnson & Johnson របស់អាមេរិកជាដើម៕