អាជ្ញាធរតៃវ៉ាន់ បានអះអាងថា ពួកគេខ្វះខាតវ៉ាក់សាំងក៏ដោយសារតែ ប្រទេសចិនកំពុងយកបញ្ហាវ៉ាក់សាំងមកធ្វើជាសម្ពាធលើកោះតៃវ៉ាន់។ ធ្វើជាសម្ពាធគឺនៅត្រង់ថា ប្រទេសចិនបានព្យាយាមរារាំងការបញ្ជាទិញវ៉ាក់សាំងរបស់កោះតៃវ៉ាន់ពីលោកខាងលិច និងរារាំងការដឹកជញ្ជូនផងដែរ។ នេះបើតាមការអះអាងដោយភាគីអាជ្ញាធរកោះតៃវ៉ាន់ដដែល។
បច្ចុប្បន្នតៃវ៉ាន់កំពុងជួបបញ្ហាការកើនឡើងនូវអ្នកឆ្លងកូវីដ-១៩ច្រើនឡើងៗ ស្របពេលដែលដែនកោះមួយនេះក៏កំពុងខ្វះខាតវ៉ាក់សាំងខ្លាំងផងដែរ។
តៃវ៉ាន់មានប្រជាជនសរុប ២៤លាននាក់ ដែលគិតមកដល់ពេលនេះមានពលរដ្ឋមិនដល់ ១%ផងបានទទួលការចាក់វ៉ាក់សាំង។ វ៉ាក់សាំងដែលតៃវ៉ាន់កំពុងប្រើគឺវ៉ាក់សាំង Moderna និង AstraZeneca ពោលគឺមិនមែនវ៉ាក់សាំងចិននោះទេ។ ក្នុងសប្តាហ៍កន្លងទៅ តៃវ៉ាន់បានទទួលវ៉ាក់សាំងតែ ៣០ម៉ឺនដូសប៉ុណ្ណោះក្នុងចំនួនវ៉ាក់សាំង ២០លានដូស ដែលខ្លួនបានកម្ម៉ង់ទិញពីមន្ទីរពិសោធន៍ Moderna និង AstraZeneca។
ការផ្គត់ផ្គង់មិនទាន់ពេល ឬការពិបាកដឹកជញ្ជូនមកឲ្យតៃវ៉ាន់ ត្រូវបានអាជ្ញាធរដែនកោះមួយនេះ ទម្លាក់ការទទួលខុសត្រូវមួយផ្នែកលើរដ្ឋាភិបាលក្រុងប៉េកាំង។ តាមការចុះផ្សាយដោយកាសែតតៃវ៉ាន់ រដ្ឋាភិបាលក្រុងប៉េងកាំងប្រហែលជាបានរារាំងចំនួនពីរដង លើការដឹកជញ្ជូនវ៉ាក់សាំងទៅឲ្យតៃវ៉ាន់តាមរយៈយន្តការកូវ៉ាក់របស់អង្គការសុខភាពពិភពលោក។ ក្រុងតៃប៉ិកក៏បានបង្ហើបឲ្យដឹងនាខែកុម្ភៈកន្លងទៅដែរថា ការដែលខ្លួនចរចាទិញវ៉ាក់សាំងពីមន្ទីរពិសោធន៍អាល្លឺម៉ង់ BioNTech មិនបានសម្រេចក៏ដោយសារមានការលូកដៃរាំរាំងពីចិនដែរ។
ប្រការទាំងនេះហើយ ដែលបានចោទជាក្តីព្រួយបាម្ភ ដល់ការផលិត និងផ្គត់ផ្គង់បន្ទះឈីបរបស់តៃវ៉ាន់ ព្រោះថា ប្រសិនបើតៃវ៉ាន់មិនមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ទេ ហើយករណីឆ្លងកូវីដ១៩កាន់តែអាក្រក់ទៅៗ ចង់ ឬមិនចង់ផលិតកម្មបន្ទះឈីបនឹងរងផលប៉ះពាល់។ ប៉ះពាល់នៅត្រង់ថា នៅពេលកូវីដ-១៩វាយលុកខ្លាំង វាអាចនឹងមានវិធានការបិទខ្ទប់ ឬរឹតត្បិតសកម្មភាពសេដ្ឋកិច្ច និងជាពិសេសរិតត្បិតការដឹកជញ្ជូនតែម្តង។
សូមបញ្ជាក់ថា តៃវ៉ាន់ជាទីផ្សារផ្គត់ផ្គង់បន្ទះឈីបដ៏ធំមួយរបស់ពិភពលោក ដែលសូម្បីតែបន្ទះឈីបរបស់ផលិតផលអេផល (Apple) ភាគច្រើនក៏ត្រូវបាននាំយកពីតៃវ៉ាន់ដែរ៕