

សាខាថ្មីនេះ គឺជាសាខាទី១៣ ក្នុងការវិវឌ្ឍខ្លួនឥតឈប់ឈររបស់ធនាគារ ជីប ម៉ុង ក្នុងរាជធានីភ្នំពេញ។
ថ្លែងក្នុងពីធីសម្ពោធផ្លូវការ ធនាគារ ជីប ម៉ុង សាខា ៥៩៨ ម៉ល អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាភាគទុនិករបស់ធនាគារ ជីប ម៉ុង បានឱ្យដឹងថា ធនាគារ ជីប ម៉ុង មានយុទ្ធសាស្ត្រវែងឆ្ងាយ ក្នុងការបម្រើ និងនៅជាមួយប្រជាជនកម្ពុជា ហើយការពង្រីកសាខាបន្ដបន្ទាប់ នៅទូទាំង ២៥ខេត្តក្រុង ដើម្បីបំពេញតម្រូវការរបស់អតិថិជនឱ្យកាន់តែប្រសើរ គឺជាគោលដៅរបស់ធនាគារ ជីប ម៉ុង។
យ៉ាងណាមិញ អ្នកឧកញ៉ា ក៏បានសង្កត់ធ្ងន់ថា
ការអភិវឌ្ឍសេវាកម្មឌីជីថលរបស់ធនគារ ឱ្យកាន់តែមានភាពងាយស្រួល និងសម្បូរបែប
ក៏ជាយុទ្ធសាស្ត្រស្នូល ក្នុងការអភិវឌ្ឍធនាគារ ជីប ម៉ុង ទៅមុខ
និងបំពេញគ្រប់តម្រូវរបស់អតិជន ក្នុងសម័យឌីជីថលនេះផងដែរ។

អ្នកឧកញ៉ា លាង ម៉េង៖ «យើងមានគោលដៅច្បាស់ថាយើងនឹងពង្រីកសាខា ឱ្យមានទាំង២៤ខេត្ត ជាគោលដៅរបស់យើង។ ប៉ុន្ដែយើង ក៏ត្រូវគិតយ៉ាងម៉េច ឱ្យអាកង់ឡានយើងហ្នឹងដើរទៅជាមួយគ្នា។ បើទៅតែកង់មុខ អាកង់ក្រោយអត់ទៅ ឡានហ្នឹងក៏វាទៅមុខអត់រួចដែរ។ ហេតុអីខ្ញុំប្រើពាក្យហ្នឹង ដោយសារ ធនាគារ សំខាន់ណាស់ បើយើងឱ្យលុយគេខ្ចី បើអត់មានលុយប្រាប់បញ្ញើ ក៏មិនអាចទៅមុខបានដែរ។ អ៊ីចឹងដូចថ្ងៃហ្នឹងអ៊ីចឹង លុយប្រាប់បញ្ញើច្រើន អ៊ីចឹងយើងត្រូវផ្ដោតទៅលើ កន្លែងណាជាទីផ្សារធំសិន។ ឥឡូប្រហែល យើងមានគម្រោងបើកសាខានៅខេត្តព្រះសីហនមួយទៀត»។

ជាមួយគ្នានេះ លោក ចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង បានថ្លែងថា ការធ្វើយ៉ាងណាឱ្យអតិថិជនមានភាពងាយស្រួល ជឿជាក់ ពេញចិត្ត និងភាពកក់ក្ដៅ ជាមួយនឹងបរិយាកាសក្នុងសាខារបស់យើង ខណៈពេលអញ្ជើញមកធ្វើប្រតិបត្តិការហរិញ្ញវត្ថុ ក៏ជាគោលដៅរួមរបស់ធនាគារ ជីប ម៉ុង ផងដែរ។
លោក ចន ប៊ែល៖ «ក្រៅពីបើកសាខាដើម្បីបំពេញតម្រូវការផ្នែកហរិញ្ញវត្ថុ និងខិតឱ្យកាន់តែជិតអតិថិជន វត្តមានធនាគារ ជីប ម៉ុង ក៏នឹងចូលរួមជាចំណែក ក្នុងការជួយលើកមុខមាត់តំបន់ឬស្សីកែវឱ្យកាន់តែមានសក្តានុពល តាមរយៈការទាក់ទាញវិនិយោគគិនទាំងក្នុងនិងក្រៅប្រទេស ឱ្យមានភាពជឿជាក់និងធ្វើការវិនិយោគក្នុងតំបន់ឬស្សីកែវផងដែរ»។

ជម្រាបជូនថា វឌ្ឍនភាពនៃការបម្រើអតិថិជន ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ រយៈពេលប្រមាណបីឆ្នាំមកនេះ ធនាគារ ជីប ម៉ុង មាន១០សាខានៅរាជធានីភ្នំពេញ និង៣សាខាទៀត នៅខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប៕
