ប្រព័ន្ធឌីជីថល

វៀតណាម បោះជំហានយ៉ាងសម្បើមក្នុងសមរភូមិឌីជីថល ដោយកសាងប្រព័ន្ធខ្សែកាបក្រោមសមុទ្រប្រវែង២,៥០០គីឡូម៉ែត្រភ្ជាប់៣ប្រទេស


ខណៈតម្រូវការប្រើប្រាស់អ៊ីនធឺណិតកំពុងកើនឡើងយ៉ាងឆាប់រហ័ស វៀតណាម កំពុងបោះជំហានដ៏សំខាន់មួយដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ខ្លួន ដោយក្រុមហ៊ុនមួយរបស់វៀតណាម បានដឹកនាំគម្រោងកសាងប្រព័ន្ធខ្សែកាបអន្តរជាតិ ក្រោមបាតសមុទ្រ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Singtel របស់សិង្ហបុរី។ គម្រោងដ៏ធំនេះមានគោលដៅបង្កើនសមត្ថភាពបញ្ជូនទិន្នន័យ និងកាត់បន្ថយហានិភ័យនៃការដាច់សេវាអ៊ីនធឺណិត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី២៦ ខែវិច្ឆិកា។
វៀតណាម ចាប់ផ្ដើមកសាងប្រព័ន្ធខ្សែកាបក្រោមសមុទ្រ២,៥០០គីឡូម៉ែត្រភ្ជាប់ថៃ និងសិង្ហបុរី
ដោយ

គម្រោងកសាងប្រព័ន្ធខ្សែកាបក្រោមសមុទ្រប្រវែងប្រមាណ ២,៥០០គីឡូម៉ែត្រ ដែលដឹកនាំដោយក្រុមហ៊ុន Viettel Group របស់វៀតណាម និងក្រុមហ៊ុន Singtel របស់សិង្ហបុរី នឹងតភ្ជាប់ប្រទេសវៀតណាម ថៃ និងសិង្ហបុរី។ ខ្សែកាបនេះមានសមត្ថភាពបញ្ជូនទិន្នន័យរហូតដល់ ៦០០តេរ៉ាប៊ីតក្នុងមួយវិនាទី ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅត្រីមាសទី៤ ឆ្នាំ២០៣០។

ក្រៅពីក្រុមហ៊ុន Viettel និងក្រុមហ៊ុន Singtel គម្រោងនេះ ក៏មានការចូលរួមពីក្រុមហ៊ុន Advanced Info Service របស់ថៃ ក្រុមហ៊ុនប្រៃសណីយ៍ និងទូរគមនាគមន៍វៀតណាម និងក្រុមហ៊ុន FPT Telecom ផងដែរ។

ខ្សែកាបថ្មីនេះនឹងជួយឱ្យវៀតណាម មានបណ្តាញតភ្ជាប់អ៊ីនធឺណិតអន្តរជាតិកាន់តែរឹងមាំ និងកាត់បន្ថយការពឹងផ្អែកលើខ្សែកាបដែលមានស្រាប់។ ក្នុងករណីខ្សែកាបផ្សេងទៀតដាច់ ឬរងការខូចខាត ចរាចរណ៍ទិន្នន័យអាចប្តូរទៅប្រើផ្លូវផ្សេងបាន ដើម្បីកាត់បន្ថយការរំខានដល់សេវាអ៊ីនធឺណិត ធនាគារ និងសកម្មភាពអាជីវកម្ម។

ក្រុមហ៊ុនវៀតណាម Viettel លើកឡើងថា វៀតណាមមិនអាចរង់ចាំរហូតដល់សមត្ថភាពបញ្ជូនទិន្នន័យមិនគ្រប់គ្រាន់ ទើបចាប់ផ្តើមវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថ្មីនោះឡើយ។ រដ្ឋាភិបាលវៀតណាម ក៏បានកំណត់គោលដៅឱ្យមានខ្សែកាបអុបទិកអន្តរជាតិក្រោមសមុទ្រយ៉ាងហោចណាស់ ១៥ខ្សែ ដែលមានសមត្ថភាពបញ្ជូនទិន្នន័យសរុបមិនតិចជាង ៣៥០តេរ៉ាប៊ីតក្នុងមួយវិនាទីនៅត្រឹមឆ្នាំ២០៣០។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ ខ្សែកាបនេះនឹងត្រូវកប់នៅក្រោមបាតសមុទ្រដោយផ្នែកសំខាន់ៗនឹងត្រូវកប់ក្នុងដីជម្រៅប្រហែល ៣ម៉ែត្រ ដើម្បីកាត់បន្ថយហានិភ័យខូចខាតដោយសារសកម្មភាពនេសាទ និងយុថ្កាកប៉ាល់។ គម្រោងនេះត្រូវបានចាត់ទុកថា ជាជំហានដ៏សំខាន់មួយរបស់វៀតណាមក្នុងការកសាងបណ្តាញឌីជីថលឱ្យកាន់តែរឹងមាំ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងតម្រូវការប្រើប្រាស់បច្ចេកវិទ្យានាពេលអនាគត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើបណ្តាប្រទេសនៅអាស៊ីឆ្លើយតបបែបណាចំពោះគំនាបពន្ធថ្មីរបស់រដ្ឋបាលលោក ត្រាំ ដើម្បីការពារសេដ្ឋកិច្ច?

បន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសដាក់ពន្ធគយថ្មីលើប្រទេសចំនួន១៤ យ៉ាងហោចណាស់ប្រទេសចំនួន៨ បានចេញប្រតិកម្មតបតចំពោះវិធានកា…

ធនាគារ អេ អឹម ខេ ប្រកាសអ្នកឈ្នះរង្វាន់សរុប ៦៦ រូប ពីយុទ្ធនាការ “ប្រើ AMK Mobile មានឱកាសឈ្នះរង្វាន់” និងត្រៀមចាប់រង្វាន់ធំម៉ូតូ Vespa S 2026

យុទ្ធនាការ «ប្រើ AMK Mobile មានឱកាសឈ្នះរង្វាន់» របស់ធនាគារ អេ អឹម ខេ ផ្តល់ភាពរីករាយ និងឱកាសឈ្នះរង្វាន់ជូនដល់អតិថិជនជាបន្តបន្ទាប់។ គិត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ