រោងចក្រផលិតស៊ីម៉ងត៍ដ៏ធំមួយនេះ មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣១ ក្នុងភូមិព្រៃតាព្រិត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ចម្ងាយប្រមាណ ១២៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។
ការបើករោងចក្រផលិតស៊ីម៉ងត៍ក្នុងពេលនេះ ស្របដែលកំណើនការសាងសង់សំណង់ផ្សេងៗ មានការរីកដុះដាលដូចផ្សិតទូទាំងប្រទេសកម្ពុជា។
តាមរយៈការបង្កើតរោងចក្រនេះក៏ជាការផ្តល់ការងារមួយចំនួនដល់ពលរដ្ឋកម្ពុជាប្រមាណជាង ៤០០នាក់ផងដែរ ជាពិសេស អ្នកដែលនៅខេត្តកំពតនេះតែម្តង។ កម្ពុជាក៏ត្រូវការផលិតស៊ីម៉ងត៍ ដើម្បីធ្វើការនាំចេញផងដែរ ដូចច្នេះ កម្ពុជាត្រូវបង្កើនសមត្ថភាពបន្ថែមទៀតក្នុងវិស័យឧស្សាហកម្មមួយនេះ។
នៅក្នុងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee-CMIC)។
សម្តេចតេជោបានសម្ដែងនូវក្តីរីករាយ និងមានមោទនភាពបំផុតចំពោះប្រទេសកម្ពុជា ដែលបានបង្កើតរោងចក្រផលិតស៊ីម៉ងត៍ផ្ទាល់ខ្លួននៅទីនេះ ហើយការបង្កើតរោងចក្រនេះ គឺជាការបង្កើតឧស្សាហកម្មធុនធ្ងន់មួយរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកនៃវិស័យសំណង់ ជាពិសេស ការសាងសង់សំណង់អគារផ្សេងៗដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ និងគ្រប់វិស័យនានា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ខេត្តកំពតគឺជាខេត្តដែលបានបញ្ចប់សង្គ្រាមក្នុងឆ្នាំ១៩៩៦ តាមរយៈនយោបាយឈ្នះ-ឈ្នះដែលរាជរដ្ឋាភិបាលបានដាក់ចេញ ហើយពេលនេះ ខេត្តកំពតបានប្រែក្លាយទៅជាខេត្តដែលមានការអភិវឌ្ឍរីកចម្រើនស្ទើរគ្រប់វិស័យ ជាពិសេស លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ ព្រោះជាខេត្តជាប់តំបន់សមុទ្រ។ កំពតក៏ជាខេត្តដែលមានផលិតអំបិលផ្ទាល់ខ្លួន និងចែកចាយអំបិលទៅកាន់បណ្តាខេត្តផ្សេងៗទៀតផង៕