លោក ពូទីន ក៏បានគូសបញ្ជាក់ពីប្រវត្តិសាស្ត្រ ដែលអតីតសហភាពសូវៀតបានជួយជ្រោមជ្រែងកម្ពុជាក្នុងការស្តារ និងកសាងប្រទេសឡើងវិញ រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដែលនៅតែបន្តបម្រើដល់ផលប្រយោជន៍ប្រជាជនកម្ពុជារហូតមកទល់បច្ចុប្បន្ន។ ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនរុស្ស៊ី ដែលតែងតែឈរនៅក្បែរកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសក្នុងដំណាក់កាលដ៏លំបាកបំផុតនៃប្រវត្តិសាស្ត្រ។
ទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងរុស្ស៊ី និងកម្ពុជានៅតែបន្តរក្សាបាននូវសន្ទុះវិជ្ជមានយ៉ាងរឹងមាំនៅក្នុងបរិបទពិភពលោកបច្ចុប្បន្ន។ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា ទោះបីជាទំហំពាណិជ្ជកម្មទ្វារភាគីកាលពីឆ្នាំ២០២៥ មានការកើនឡើងត្រឹមតែ២%ក្តី ប៉ុន្តែតួលេខនេះនៅមានកម្រិតទាបនៅឡើយ បើធៀបនឹងសក្តានុពលពិតប្រាកដ នៃប្រទេសទាំងពីរ។ ហេតុដូច្នេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការបើកផ្លូវ និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែទូលំទូលាយ។
ជាក់ស្តែងទំនាក់ទំនងរវាងវិស័យឯកជន និងឯកជន កំពុងត្រូវបានជំរុញយ៉ាងខ្លាំងក្លា ដោយមានការចូលរួមពីក្រុមហ៊ុនយក្សរបស់រុស្ស៊ីជាច្រើនដូចជា Avtovaz, Gaz, KamAz និង Miratorg ជាដើម។ មិនតែប៉ុណ្ណោះ ភាគីរុស្ស៊ី ក៏បានបន្តអញ្ជើញប្រតិភូ និងក្រុមហ៊ុនកម្ពុជាឱ្យចូលរួមក្នុងព្រឹត្តិការណ៍សេដ្ឋកិច្ចធំៗ រួមមានវេទិកាសេដ្ឋកិច្ចបូព៌ា និងសប្តាហ៍ថាមពលរុស្ស៊ីក្នុងទីក្រុងមូស្គូនាពេលខាងមុខផងដែរ។
ឆ្លើយតបនឹងការលើកឡើងរបស់មេដឹកនាំរុស្ស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាតែងតែវាយតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណី និងសហប្រតិបត្តិការយូរអង្វែងជាមួយសហព័ន្ធរុស្ស៊ី។ ហើយកម្ពុជាមិនដែលភ្លេចឡើយនូវការគាំទ្រ និងជំនួយឧបត្ថម្ភរបស់សហភាពសូវៀតមកកាន់កម្ពុជាក្នុងឆ្នាំ១៩៧៩ ដែលជាដំណាក់កាលដ៏ខ្មៅងងឹត និងលំបាកបំផុតរបស់កម្ពុជា។ សម្រាប់កម្ពុជា រុស្ស៊ីនៅតែជាដៃគូដ៏សំខាន់ និងគួរឱ្យទុកចិត្តបំផុត។
ក្រៅពីវិស័យសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ មនុស្សធម៌ និងការបណ្តុះបណ្តាលធនធានមនុស្ស ក៏ត្រូវបានមេដឹកនាំប្រទេសទាំងពីរលើកយកមកពិភាក្សាផងដែរ។ រហូតមកទល់ពេលនេះមាននិស្សិត និងអ្នកជំនាញការកម្ពុជាជាង៨,០០០នាក់ហើយ ដែលបានទទួលការអប់រំកម្រិតខ្ពស់នៅក្នុងប្រទេសរុស្ស៊ី ហើយរុស្ស៊ីប្តេជ្ញានឹងបន្តផ្តល់អាហារូបករណ៍បន្ថែមទៀតដល់កម្ពុជាជាប្រចាំឆ្នាំ។
នៅក្នុងជំនួបកំពូលនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រុស្ស៊ីកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការតំបន់ និងសកលលោក ជាពិសេសក្នុងការលើកកម្ពស់សំឡេងរបស់ប្រទេស នៃតំបន់ខាងត្បូង ឬ Global South និងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយតំបន់អាស៊ី។ មេដឹកនាំ នៃប្រទេសទាំងពីរបានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ជំនួបពិភាក្សានេះនឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការរុញច្រានកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ីឱ្យឈានឡើងដល់កម្រិតកំពូលថ្មីមួយទៀត៕